Connect with us

Style

ម៉ូដ​រឹប​រាង​ដ៏​សិច​ស៊ី​

​ធ្វើ​ជា​នារី​ដែល​ស្រស់​ស្អាត​អម​ជាមួយនឹង​ភាពជឿជាក់​

​ធ្វើ​ជា​នារី​ដែល​ស្រស់​ស្អាត​អម​ជាមួយនឹង​ភាពជឿជាក់​
​ស្តា​យល៍​ហ្វេ​ហ្សិន​ដ៏​សិច​ស៊ី​ប្រកបដោយ​ភាពជឿជាក់​
​ស្តា​យល៍​ចម្រុះ​ដ៏​ទាក់ទាញ​
“​ស្លៀកពាក់​រយីក​រយាក​គេ​នឹង​ចងចាំ​សម្លៀក​បំពាក់​នោះ ស្លៀកពាក់​សមសួន​ថ្លៃថ្នូរ​គេ​នឹង​ចងចាំ​អ្នក​ស្លៀក​។​”- Coco Chanel​

Style

​ស្តា​យល៍​ចម្រុះ​បញ្ចូល​គ្នា​

(English) Donatella Versace blows it out of the water this year. The cohesive but

អ្នកស្រី Donatella Versace បាន​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​អតិថិជន​របស់​គាត់​នៅ​ឆ្នាំ​នេះ​។ នេះ​ជា​ខូលិក​ហ្សិន​បញ្ចូល​គ្នា​រវាង​ម៉ូដ និង​ស្តាយល៍​ផ្សេងៗ​ជាច្រើន​នៃ​ហ្វេ​ហ្សិន​រួម​មាន​ស្តាយល៍​បែប​សុភាពនារី ស្តា​យល៍​បែប​នារី​លាយ​បុរស ស្តា​យល៍​ទាន់សម័យ និង​ស្តាយល៍​ឈុត​អាវធំ​។

ទាំងនេះហើយ​ដែល​ធ្វើឱ្យ​ខូលិក​ហ្សិន​មួយនេះ​ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​។ អ្នកស្រី Donatella Versace បានឱ្យដឹង​ថា​ខូលិក​ហ្សិន​មួយនេះ​គឺ ”​បង្កើតឡើង​សម្រាប់​ថ្ងៃ​បុណ្យទិវានារីអន្តរជាតិ​”​។ នេះ​ជា​ខូលិក​ហ្សិន​ដែល​បង្ហាញ​ពី​ភាពរឹងមាំ និង​ភាព​អង់អាច​របស់​ស្ត្រី​។

ភាគច្រើន​នៃ​ខូលិក​ហ្សិន​នេះ​គឺជា​ម៉ូដ​ដែល​មាន​រូប​លើ​សាច់​ក្រណាត់ និង​អាវធំ​ក្រៅ​ដែលមាន​ក្រវាត់​ខ្សែ​ក្រវាត់​សាច់​យឺត​។ សម្រាប់​ខូលិក​ហ្សិន​នេះ​គឺ​អ្នកស្រី​ចង់​បង្ហាញជើង​ដ៏​ស្រ​ឡូ​ន​របស់​អ្នក​ស្លៀក​ដែល​ខុស​ពី​អាវធំ​នារី​ទូទៅ​ដែល​ភាគច្រើន​បង្ហាញ​ភាព​សិច​ស៊ី​តាមរយៈ​អាវ​ក​ស្រួច​ចេញ​សាច់​ដើមទ្រូង​តិចតួច​។

សង្ឃឹម​ថា​ឆ្នាំនេះ​យើង​នឹង​ឃើញ​ស្ត្រី​អ្នកជំនួញ និង​អ្នក​ធ្វើ​ការបង្ហាញ​ជើង​ស្រ​ឡូ​ន​របស់ខ្លួន​ច្រើន​ជាង​បង្ហាញ​ដើម​ទ្រូង​ក្នុង​ឈុត​អាវធំ​។​


​ស្តា​យល៍​ជីវិត​ថ្មី​
​លោក Phillip Lim បាន​បង្កើត​ស្តាយល៍ Ready-to-wear ថ្មី​ប្លែក​ខុស​ពី​ស្តាយល៍​មុនៗ​ដើម្បី​អបអរ​ខួប ១០ ឆ្នាំ​នៃ​ម៉ាក 3.1 របស់​ខ្លួន​ដោយ​តុបតែង​ឆាក​ជាមួយ​ពំនូកដី​លើ​ពិស្ត​បង្ហាញម៉ូដ​នា​និទាឃ​រដូវ​ឆ្នាំ ២០១៦​។

ដើម្បី​បង្កើត​គំនិត​នេះ​ឱ្យ​ចេញ​ជា​ផ្លែផ្កា​គាត់​ក៏​បាន​អញ្ជើញ​អ្នកនាង Maya Lim ស្ថាបត្យករ​ដ៏​ល្បីល្បាញ​មកជួយ​គាត់​។ ពំនូកដី​ទាំងនេះ​គឺជា​កាកសំណល់​អាហារ​ដែល​លោក Lim រក្សាទុក​ធ្វើ​ជា​ជីរ​អស់​រយៈពេល​ជា​ច្រើន​ខែ​។ គាត់​បាន​ឱ្យដឹងថា មូលហេតុ​នៅ​ពីក្រោយ​គំនិត​នេះ​គឺ “​សម្តៅលើ​ចំណុច​ចាប់​ផ្តើមដំបូង​។

វា​ចាប់ផ្តើម​ដោយ​គ្រាប់ពូជ​។ វា​ចាប់ផ្តើម​ដោយ​សារ​ដី​។​” បន្ទាប់​ពី​កម្មវិធី​បង្ហាញ​ម៉ូដ​ត្រូវបាន​បញ្ចប់ ពំនូកដី​ទាំងនេះ​នឹង​ត្រូវ​យក​ទៅ​ចាក់​តាម​សួនច្បារ​នានា​។ យើងខ្ញុំ​ពិតជា​កោតសរសើរ​ជា​មួយ​គំនិត​ច្នៃប្រឌិត​របស់គាត់ មេ​តា​ផរ​ស្តី​ពី​វិវដ្ត​ជីវិត និង​ការកើត​ថ្មី​ដែល​ស័ក្តិសម​បំផុត​សម្រាប់​និទាឃ​រដូវ​នេះ ព្រោះថា​នេះ​ជា​រដូវ​ដែល​គ្រប់យ៉ាង​រស់រានមានជីវិត​ឡើងវិញ ពោល​គឺ​ស្តាយល៍​ជីវិត​ថ្មី​។​


​ខូលិក​ហ្សិន​របស់​គាត់​មួយ​នេះ​គឺ​មើល​ទៅ​មាន​ពណ៌​បៃតង​ស្រាល និង​ប្រៀប​ដូច​ជីវិត​ពិតៗ​។ ម៉ូដ​ទាំងនោះ​គឺជា​ការ​បញ្ចូល​គ្នា​រវាង​សាច់​ក្រណាត់​បាវ​នីឡុង សាច់​ក្រណាត់​លោហៈ​រូប​ផ្កា និង​ក្បាច់ក្បូរ​ផ្សេងៗ ជា​ខូលិក​ហ្សិន​ដ៏​ស្រស់ស្អាត និង​ប្រកបដោយ​គុណភាព​៕

Continue Reading

Style

​គន្លឹះ​មួយ​ចំនួន​ដើម្បី​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​

សម្លៀក​បំពាក់​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍ – ដែល​អ្នក​គួរតែ​ដឹង​

សម្លៀក​បំពាក់​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍ – ដែល​អ្នក​គួរតែ​ដឹង​
​អ្នកនាង Monika S អ្នកជំនាញ​តុបតែង​ខ្លួន​បាន​បង្ហើប​ឱ្យ​យើងខ្ញុំ​ដឹង​ពី​វិធី​គន្លឹះ​មួយ​ចំនួន​ដើម្បី​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​។ អ្នក​នាង​មាន​ភ្ញៀវ​ជាច្រើន​នៅ​ភ្នំពេញ​ដែល​ពួកគេ​តែងតែ​មករក​គាត់​ដែល​ជា​អ្នកជំនាញ​ឱ្យជួយ​ជ្រើសរើស​ឈុត​ដែល​ត្រូវ​ស្លៀក ទំហំ និង​ពណ៌​សម្រាប់​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​។ ការ​តុបតែង​ខ្លួន​ជា​អ្វី​ដែល​អ្នកនាង​ចូលចិត្ត ហើយ​ការងារ​ដែល​អ្នកនាង​ធ្វើ​គឺ​សុទ្ធតែ​មាន​ថ្វីដៃ​ល្អ​។ ខាងក្រោម​នេះ​ជា​សំណួរ​ខ្លះៗ​ដែល​ទាក់ទង​នឹង​ឈុត​សម្លៀក​បំពាក់​ក្នុង​រដូវ​អាពាហ៍ពិពាហ៍ ហើយ​គាត់​ក៏​បាន​ឆ្លើយ​រៀបរាប់​ប្រាប់​យើងខ្ញុំ​យ៉ាង​ក្បោះក្បាយ​។​

​សួស្តី​អ្នកនាង Monika អ្នក​នាង​ជា​អ្នកជំនាញ​ខាង​តុបតែង​ដែលមាន​ហាង​ស្ថិតនៅ​ទីក្រុង​ភ្នំពេញ​មែន​ទេ​? តើ​មិត្ត​នារីៗ​យើង​គួរ​យល់​ដឹង​អ្វីខ្លះ​ដើម្បី​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​ដើម្បី​ចូលរួម​ពិធី​មង្គលការ​?

​សួស្តី Grace មិន​ខុស​ទេ​ខ្ញុំ​ជា​អ្នកជំនាញ​តុបតែង​ខ្លួន​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ភ្នំពេញ​។​
​ពេល​ជ្រើសរើស​ឈុត​សម្រាប់​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍ ខ្ញុំ​គិតថា​រឿង​សំខាន់​ដែល​បងប្អូន​នារីៗ​គួរតែ​គិត​ដល់​មុនគេ​គឺ​ទីតាំង​ដែល​គេ​រៀប​អាពាហ៍ពិពាហ៍ តើ​ពិធីមង្គលការ​ស្ថិតនៅ​ក្នុង​ព្រះវិហារ នៅ​ឆ្នេរសមុទ្រ ឬ​នៅ​ចម្ការ​ទំពាំងបាយជូរ​។ អ្នក​ត្រូវ​ដឹង​ពី​ទីតាំង​ឱ្យបាន​ច្បាស់​ដើម្បី​ងាយស្រួល​ជ្រើសរើស​សម្លៀកបំពាក់​ឱ្យ​ត្រឹមត្រូវ និង​ស្រស់ស្អាត​តាម​ស្ថានភាព​នៃ​ពិធី​នេះ​។ រឿង​មួយ​ទៀត​ដែល​មិត្ត​នារី​គួរតែ​ដឹង​នោះ​គឺ​បញ្ហា​អាកាសធាតុ​។ គ្មាន​អ្វី​ដែល​ខ្មាស់​គេ​ជាង​ពេល​ដែល​ជាយសំពត់​ប៉ើង​ផាត់​ឡើង​ពេល​ខ្យល់​បក់​មក ឬក៏​ពាក់​ឈុត​ណា​ដែល​ក្តៅ​ខ្លាំង​ធ្វើឱ្យ​អ្នក​បែកញើស​ឡើយ​។ ពោល​គឺ​ត្រូវ​ជ្រើសរើស​ឈុត​ណា​ដែល​ពាក់​ទៅ​ស្រួលខ្លួន ហើយ​ទាន់សម័យ​និង​សមស្រប​តាម​ស្ថានភាព​។

​តើ​មាន​វិធី​អ្វី​ដែល​អាច​ធ្វើឱ្យ​យើង​ដឹង​ថា​ឈុត​មួយ​នេះ​ស័ក្តិសម​នឹង​មនុស្ស​ម្នាក់​នេះ​?
​ខ្ញុំ​គិតថា​វិធី​ល្អ​បំផុត​ដើម្បី​អាច​ឱ្យ​យើង​ដឹង​ថា​មនុស្ស​ម្នាក់​នេះ​ស័ក្តិសម​នឹង​ស្តា​យល៍​បែប​ណា​គឺ​យើង​ត្រូវ​សួរ​គេ​ផ្ទាល់​តែ​ម្តង​ថា​តើ​ជាទូទៅ​ពួកគេ​ចូលចិត្ត​ស្លៀកពាក់​ឈុត​អ្វី​ដែរ​។ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹង​ថា​ឈុត​ណា​ស័ក្តិសម​នឹង​រាងរៅ​របស់ខ្លួន និង​ឈុត​ណា​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍ល្អ​ពេល​ស្លៀកពាក់​។​


​សម្រាប់​អ្នកជំនាញ​តុបតែង ពួក​យើង​តែងតែ​ផ្តោត​លើ​ចំណុច​មួយចំនួន​មានដូចជា​៖
១. រាងរៅ​ខ្លួនប្រាណ​របស់​ភ្ញៀវ – តើ​យើង​គួរ​ចៀសវាង​ប្រើ​ស្តាយល៍ ឬ​ម៉ូដ​អ្វី​ជាមួយ​រាងរៅ​មួយ​នេះ​។ តើ​គួរ​ជ្រើស រើស​ម៉ូដ​អ្វី​ដើម្បី​ធ្វើឱ្យ​គាត់​មើល​ទៅ​លេចធ្លោ និង​លើក​រាង​របស់គាត់​ឱ្យ​កាន់តែ​ស្រស់ស្អាត​។​

២. ពណ៌​សម្បុរស្បែក​របស់​ភ្ញៀវ – តើ​យើង​គួរ​ជ្រើសរើស​ពណ៌​អ្វី​ដើម្បី​លើក​សម្បុរ​របស់គាត់​ឱ្យ​ភ្លឺ​ថ្លា ចៀសវាង​រើស​ពណ៌ណា​ដែល​ធ្វើឱ្យ​សម្បុរ​គាត់​ស្រ​អាប់​។​

៣. ជា​ចុងក្រោយ​គឺ​សាច់​ក្រណាត់ មនុស្ស​ភាគច្រើន​មិន​បានដឹង​ទេ​ថា​ការជ្រើសរើស​សាច់​ក្រណាត់​ត្រឹមត្រូវ​អាច​ជួយ​លើក​សម្រស់​សម្លៀកបំពាក់​ឱ្យ​កាន់តែ​ស្រស់ស្អាត​ជាង​គ្រឿងអលង្ការ ឬ​ស្បែកជើង​កែង​ស្អាតៗ​ទៅទៀត​។

​តើ​ភ្ញៀវ​គួរតែ​ទៅរក​ជាងកាត់ដេរ ឬ​អ្នកជំនាញ​តុបតែង​យ៉ាងយូរ​ឱ្យ​បាន​ប៉ុន្មាន​ថ្ងៃមុន​ពិធី​អាពាហ៍ពិពាហ៍​ចាប់ផ្តើម​?
​យក​ល្អ​អ្នក​គួរតែ​ទៅ​ល​សម្លៀកបំពាក់ ២ ទៅ ៣ ឈុត ហើយ​គួរតែ​ទៅរក​ជាងដេរ ឬ​អ្នកជំនាញ​តុបតែង​យ៉ាងហោច ណាស់​ឱ្យបាន ១ ខែ​មុន​។ ប្រសិនបើ​អ្នក​មាន​សម្លៀកបំពាក់​ស្រាប់​ហើយ​មានបំណង​ចង់​សឺ​រ៉េ ឬ​កែ​ម៉ូដ នាង​ខ្ញុំ​សូម​ណែនាំ​ឱ្យ​ទៅរ​កជាង​ឱ្យបាន ១ ទៅ ២ សប្តាហ៍​មុន​។


​តើ​ចំណុច​អ្វីខ្លះ​ដែល​មិត្ត​នារី​មិន​គួរ​ធ្វើ​ពេល​ទៅ​ល​សម្លៀកបំពាក់​?
​មាន​មនុស្ស​ជាច្រើន​តែងតែ​ធ្វើ​ខុស​ពេល​ទៅ​ល​សម្លៀកបំពាក់​។ នាង​ខ្ញុំ​តែងតែ​រំលឹក​ភ្ញៀវ​របស់​នាង​ខ្ញុំ​ឱ្យ​ស្លៀក​ឈុត​ក្នុង​ដែល​សមរម្យ (​ដូចជា​ខោអាវ​ទ្រនាប់​) មក​ជាមួយ ព្រោះ​ថា​បែប​នេះ​អាច​ជួយ​ឱ្យ​យើង​សឺ​រ៉េ​បាន​ត្រឹមត្រូវ​ទៅ​តាម​ទំហំ​ដើមទ្រូង​និង​ត្រគាក ហើយ​ម្យ៉ាងទៀត​វា​អាច​ឱ្យ​យើង​ដឹងថា​តើ​សាច់​ក្រណាត់​នេះ​អាច​មើលឃើញ​ធ្លុះ​ដល់​ខោ​អាវ ទ្រនាប់​ដែរឬទេ​។ ម្យ៉ាងទៀត កុំ​ភ្លេច​យក​ស្បែកជើង​កែង​មក​តាម​ផង​ដើម្បី​ឱ្យ​ជាង​ដឹង​ពី​កម្ពស់​កែង​ស្បែកជើង​ងាយ ស្រួល​កាត់​តម្រឹម​ជាយ​រ៉ូប​ឱ្យ​សមស្រប​នឹងក​ម្ព​ស់​ស្បែកជើង​របស់​អ្នក​។​
​រវាង​ការទិញ​ឈុត​ថ្មី និង​ការយក​ឈុត​ចាស់​ដែល​មាន​ស្រាប់​មក​កែកុន តើ​អ្នកនាង​ណែនាំ​ឱ្យ​ជ្រើស​យក​មួយ​ណា​ដែរ​?
​ខ្ញុំ​តែងតែ​ណែនាំ​ភ្ញៀវ និង​នាង​ខ្ញុំ​ខ្លួនឯង​គឺ​ចូល​ចិត្ត​ទិញ​សម្លៀក​បំពាក់​ណា​ដែល​អាច​ស្លៀក​ពាក់បាន​គ្រប់​កម្មវិធី​។ ខ្ញុំ​ចូល​ចិត្ត​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​កូនក្រមុំ​ទៅ​ជា​ប្រភេទ​ដែល​អាច​ស្លៀក​ចូលរួម​កម្មវិធី​ផ្សេងៗ​បាន​បន្ទាប់​ពី​រៀប​អាពាហ៍ ពិពាហ៍​រួច មិន​ថា​គាត់​ចង់​កែ​ម៉ូដ ឬ​ទុក​នៅ​ដដែល​ក៏​ដោយ​។ សេវា​ដែល​ខ្ញុំ​ផ្តល់ជូន​គឺ​កែកុន​ម៉ូដ​លើ​សម្លៀក​បំពាក់​ចាស់​។ ភ្ញៀវ​គាត់​អាច​ប្តូរ​ប្រវែង​សម្រុង​រ៉ូប កែ​ម៉ូដ​ត្រង់​បរិវេណ​ដើមទ្រូង បន្ថែម ឬ​បន្ថយ​ក្រណាត់ កែកុន​ក្បាច់ក្បូរ​ក្រណាត់ ដូចជា​ឌិន ឬ​ប៉ាក់ ពោល​គឺ​កែកុន​បាន​ទាំងអស់​។ ការ​ដែល​យក​ឈុត​ចាស់ៗ​មក​កែកុន​គឺ​ចំណាយ​ប្រាក់​តិចជាង​ទិញ​ឈុត​ថ្មី ម្យ៉ាង​អ្នក​ក៏​មិន​មាន​អារម្មណ៍​ថា​ចាយវាយ​ខ្ជះខ្ជាយ​ក្នុង​ការទិញ​រ៉ូ​បដែល​ប្រើ​បាន​តែ​ម្តង​ហើយ​ក៏​ឈប់​ប្រើ​។​

​តើ​ការ​ដែល​មាន​អ្នកជំនាញ​មកជួយ​ជ្រើសរើស​ម៉ូដ​សម្លៀកបំពាក់​ផ្តល់​គុណប្រយោជន៍​អ្វីខ្លះ​?
​ការ​ដែល​មាន​ជំនួយ​ពី​អ្នកជំនាញ​គឺ​មាន​ប្រយោជន៍​ច្រើនណាស់ ព្រោះ​ថា​យើង​ផ្តល់​នូវ​យោបល់​បែប​អ្នកជំនាញ​ថា​តើ​ឈុត​ណា​ស័ក្តិសម​នឹង​អ្នក និង​ឈុត​ណា​មិន​ស័ក្តិសម​។ គ្រាន់តែ​ឃើញ​ពណ៌​ក្រណាត់ ឬ​សាច់​ក្រណាត់​យើងខ្ញុំ​ក៏​អាច​មើល​ដឹងថា​តើ​មួយឈុត​នេះ​ស័ក្តិសម​នឹង​អ្នក​ឬក៏​អត់​ទៅ​ហើយ​។ យើងខ្ញុំ​ដឹង​ថា​តើ​ម៉ូដ​អ្វី ស្តា​យល៍​អ្វី​ដែល​លើក​រាងរៅ​របស់​អ្នក ពួកយើង​ជ្រើសរើស​ស្តា​យល៍​ផ្សេងៗ​ផ្អែក​ទៅតាម​ខ្លួនប្រាណ​របស់​ភ្ញៀវ​។ ការ​ដែល​ទៅ​រក​អ្នកជំនាញ​ឱ្យជួយ​មាន​ប្រយោជន៍​ជាច្រើន​ឧទាហរណ៍​ដូច​ជា​ភ្ញៀវ​មិន​ចូល​ចិត្ត​មួយឈុត​នេះ​ព្រោះ​មិនមែន​ជា​ស្តា​យល៍​របស់គាត់ ប៉ុន្តែ​ពេល​ដែល​គាត់​ល​ទៅ​ក៏​ឃើញ​ថា​ស្អាត នេះ​ក៏​ដោយសារ​យើងខ្ញុំ​ជា​អ្នកជំនាញ យើងខ្ញុំ​ដឹង​ថា​រាង​គាត់​ស័ក្តិសម​នឹង​ម៉ូដ​អ្វី ។

​តើ​ពណ៌​អ្វី​ដែល​ភ្ញៀវ​មិនគួរ​ស្លៀក​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​?
​នៅលើ​ពិភពលោក ជា​ទម្លាប់​នាង​ខ្ញុំ​តែងតែ​ឃើញ​ភ្ញៀវ​មិនសូវ​ជា​ស្លៀក​ឈុត​ពណ៌​ស​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​ឡើយ​ព្រោះ​ខ្លាច​ជាន់​គ្នា​នឹង​ឈុត​កូនក្រមុំ ប៉ុន្តែ​ពេល​ដែល​បាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​សង្កេតឃើញថា​ឈុត​ពណ៌​ខ្មៅ (​ពណ៌​កាន់ទុក្ខ​) ឬ​ពណ៌​ហាមប្រាម​មួយចំនួន​មិន​ត្រូវបាន​គេ​ស្លៀកពាក់​ចូលរួម​ពិធីមង្គលការ​ឡើយ​។ និយាយ​រួម​ទៅ​អាស្រ័យ​តាម​ប្រពៃណី និង​ជំនឿ​របស់​ប្រទេស​នីមួយៗ​។​

​តើ​ថ្មីៗ​នេះ​អ្នកនាង​បានឃើញ​ស្តាយល៍​ពេញនិយម​អ្វីខ្លះ​ដែល​ភ្ញៀវ​របស់​អ្នកនាង​តុបតែង​ខ្លូន​ទៅ​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​ក្នុង​រដូវ​មង្គលការ​នេះ​?
​ខ្ញុំ​សង្កេតឃើញថា​ភ្ញៀវ​នារីៗ​ខ្លះ​គាត់​ចូលចិត្ត​លេង​ស្តា​យល៍​បែប​ហួសហេតុ​ពេក ហើយ​ខ្លះ​ទៀត​លេង​ស្តាយល៍​សាមញ្ញ​ពេក​។ តាម​ទំនៀមទម្លាប់ ប្រជាជន​ខ្មែរ​ចូលចិត្ត​ប្រើ​សូត្រ និង​ក្រណាត់​ប៉ាក់​។ ចំណែក​ក្រណាត់​ប៉ាក់​ខ្មែរ ថៃ ជប៉ុន​ភាគច្រើន​មាន​ស​សា​ច់រឹង ខ្ញុំ​ឃើញ​ស្ត្រី​ខ្មែរ​ភាគច្រើន​លេង​ម៉ូដ​តែ​ប៉ុន្មាន​បែប​ប៉ុណ្ណោះ​ដូចជា ឈុត​កន្ទុយ​ត្រី​វាល​ស្មា ឬ​ដៃ​ទ្រ័​រកា ឈុត​រឹប​មាន​រំភាយ​នៅ​ចង្កេះ​ជាដើម​។ ពេលខ្លះ​នាង​ខ្ញុំ​ឃើញ​ពួកគាត់​លេង​ពណ៌​អាវ និង​ពណ៌​សំពត់​ដូចគ្នា​ដែល​អ្នក​ខ្លះ​មើល​ទៅ​ស្អាត អ្នក​ខ្លះ​មើល​ទៅ​មិនសូវ​ជា​ទាក់ភ្នែក​ប៉ុន្មាន​ឡើយ​។​

​តើ​អ្នកនាង​ធ្វើ​ដូចម្តេច​ទើប​មើល​ដឹង​ថា​រាងរៅ​បែបណា​ស័ក្តិសម​នឹង​ឈុត​មួយណា​? អាច​ចែករំលែក​បន្តិច​បានទេ​?
​ហា​ហា៎ ការពិត​ទៅ​ខ្ញុំ​គិត​ថា​ការងារ​នេះ​ជា​ទេពកោសល្យ​ពី​ធម្មជាតិ ឬ​ក៏​តម្រូវ​ឱ្យ​សិក្សា​រយៈពេល​យូរ​ទើប​អាច​ពូកែ​ផ្នែក​នេះ​បាន​។ កាល​ពី​តូច​នាង​ខ្ញុំ​តែងតែ​ចាំបាន​ថា​គ្រាន់​តែ​មើល​អ្នក​ដទៃ​ភ្លាម​ក៏​ដឹង​ថា​ម៉ូដ​អ្វី​សម​នឹង​គាត់ ពណ៌​អ្វី​ស៊ី​នឹង​សម្បុរ​របស់គាត់ ក៏ដូចជា​តុបតែង​គ្រឿងអលង្ការ​បែបណា​ដើម្បី​ឱ្យ​ស៊ីគ្នា​នឹង​ឈុត​ទាំងមូល​។​

​គន្លឹះ​ខ្លះៗ​ដែល​អ្នក​អាច​រៀន​តាម​៖
•​ ​ពណ៌​ដិត​ចាស់​ធ្វើឱ្យ​រាង​មើល​ទៅ​ស្លីម​ជា​ង​មុន​
•​ ​ពណ៌​ស្រាល​ធ្វើឱ្យ​ចំណុច​ដែល​មិន​ស្អាត​លេចធ្លោ​ខ្លាំង​
•​ ​ប្រសិនបើ​ជា​រ៉ូប​ខ្លី គួរតែ​រើស​រ៉ូប​ណា​ដែល​មាន​ចង្កេះ​ខ្ពស់​ដើម្បី​ធ្វើឱ្យ​ជើង​មើល​ទៅ​វែង​ស្រ​ឡូ​ន​ស្អាត និង​លើកកម្ពស់​។ ចំណែក​ក្រណាត់​ដែល​មាន​ឆ្នូត​ឈរ​តូចៗ​ជួយ​ឱ្យ​រាង​មើល​ទៅ​ស្លីម​ជា​ង​មុន និង​ធ្វើ​រាងរៅ​មាន​រាង​វែង​ស្អាត​។​
•​ ​សម្រាប់​មិត្ត​នារីៗ​ដែល​មាន​មាឌ​ល្អិត​អាច​បន្ថែម​ស្រទាប់​ក្រណាត់ ឬ​ក្បាច់ក្បូ​រលើ​ក្រណាត់​ដើម្បី​ឱ្យ​មើល​ទៅ​មាន​រាង​ស្អាត​ល្មម​។​

​ខ្ញុំ​យល់​ថា​ពណ៌ និង​សាច់​ក្រណាត់​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែរ​ដែល​ធ្វើឱ្យ​មនុស្ស​ម្នាក់​ស្លៀក​មើលទៅ​សម​ឬ​មិន​សម​។​

​ក្នុងនាម​ជា​អ្នកជំនាញ​តុបតែង​ខ្លួន​មួយរូប តើ​អ្នកនាង​ចង់​ឃើញ​អ្វី​បន្ថែម​ទៀត​នៅក្នុង​ពិធី​អាពាហ៍ពិពាហ៍​?
​ក្នុងនាម​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ​មួយរូប ខ្ញុំ​ស្រឡាញ់ និង​ចូលចិត្ត​ឈុត​ប្រពៃណី​ហូល​ផាមួង​លក្ខណៈ​សំពត់​ដាច់​ពី​អាវ​ណាស់​។ ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​ឃើញ​ឱ្យ​មាន​ការបញ្ចូល​គ្នា​រវាង​ស្តាយល៍​ខ្មែរ និង​សាច់​ក្រណាត់​អ៊ឺរ៉ុប ឬក៏​ស្តាយល៍​អ៊ឺរ៉ុ​បប្រើ​សាច់ក្រណា​ត់​ខ្មែរ​។ បែបនេះ​វា​មិន​ត្រឹមតែ​បង្ហាញ​ពី​ស្តា​យល៍​ថ្មី​នោះទេ តែ​វា​ក៏​បង្ហាញ​ពី​ភាពទំនើប​លើ​ឈុត​ប្រពៃណី​ខ្មែរ​ផងដែរ​។ ម្យ៉ាង​ខ្ញុំ​យល់​ថា​ពេល​ដែល​ស្លៀក​ទៅ​គឺ​មាន​អារម្មណ៍​ថា​ស្រួលខ្លួន​ណាស់​។ ពេលនេះ​ខ្ញុំ​កំពុងតែ​ច្នៃ​ម៉ូដ​មួយចំនួន​លើ​សាច់​ក្រណាត់​ផ្សេងៗ​គ្នា ហើយ​ខ្ញុំ​សង្ឃឹម​ថា​ការងារ​នេះ​នឹង​រួចរាល់​មុនពេល​រដូវ​អាពាហ៍ពិពាហ៍​ឆ្នាំ​ក្រោយ​មក​ដល់​។

​ចុះ​ប្រសិនបើ​មាន​ភ្ញៀវ​ចង់​សម្រក​ទម្ងន់​មុនពេល​ពិធី​អាពាហ៍ពិពាហ៍​មកដល់ តើ​អ្នកនាង​នឹង​ធ្វើ​បែប​ណា​ដែរ​? តើ​ស្តង់ដារ​របស់​ភ្ញៀវ​ខ្លះ​អាច​នឹង​ហួសហេតុ​ពេក​ដែរ​ទេ​?
​ដំបូង​ប្រសិនបើ​ភ្ញៀវ​គាត់​មាន​គម្រោង​ចង់​សម្រក​ទម្ងន់​មុន​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍ ខ្ញុំ​នឹង​ផ្តល់​យោបល់​ឱ្យ​គាត់​សម្រក​ទម្ងន់​ឱ្យបាន​សម្រេច​មុន​នឹង​ធ្វើការ​កុម្ម៉ង់​។ គ្មាន​អ្វី​ដែល​នាំ​ឱ្យ​ឈឺក្បាល​ជាង​ពេលដែល​យើង​កាត់​តម្រូវ​ទៅតាម​រាង​របស់គាត់​ហើយ​ស្រាប់តែ​ទំហំ​និង​ទម្ងន់​របស់​គាត់​ផ្លាស់ប្តូរ​ឡើយ​។ ប្រសិនបើ​ពួកគាត់​មិន​អាច​សម្រក​ទម្ងន់​ទៅ​តាម​គម្រោង​ដែល​គាត់​គ្រោងទុក​ទេ ពួក​យើង​មាន​វិធី​ខ្លះៗ​ដើម្បី​ជួយ​ឱ្យ​គាត់​មាន​រាង​ស្លីម​ជា​ង​មុន​ដូចជា​រើស​ម៉ូដ ពណ៌ និង​សាច់​ក្រណាត់​ឱ្យ​សម​ទៅ​នឹង​រាងរៅ​របស់គាត់​។​

​តើ​ចំណុច​អ្វីដែល​ធ្វើឱ្យ​អ្នកនាង​ពេញចិត្ត​ចង់​ជួយ​តុបតែង និង​កែកុន​ម៉ូដ​សម្លៀកបំពាក់​ដល់​អ្នក​ដទៃ​នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​?
​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ខ្ញុំ​ពេញចិត្ត​តុបតែង និង​កាត់ដេរ​សម្លៀកបំពាក់​សម្រាប់​អ្នក​ដទៃ​នៅ​ថ្ងៃដ៏​សំខាន់​នេះ​ព្រោះ​វា​ធ្វើឱ្យ​ខ្ញុំ​សប្បាយចិត្ត​នៅពេលដែល​ខ្ញុំ​អាចបង្កើត​ឈុត​សម្លៀក​បំពាក់​ដ៏​ស្រស់​ស្អាត​មួយ​ឈុត​ដែល​ធ្វើឱ្យ​អ្នក​ស្លៀក​មាន​អារម្មណ៍​ថា​សិច​ស៊ី ថ្លៃថ្នូរ ទាន់សម័យ និង​មាន​ផា​សុកភាព​។ អ្វី​ដែល​ខ្ញុំ​ខ្លាច​បំផុត​នោះ​គឺ​នៅពេល​ដែល​អ្នក​ស្លៀក​បែរ​ជា​កាន់​ជាយសំពត់​ដើរ​ព្រោះតែ​វែង​ពេក​។ ក្នុង​ឱកាស​ដ៏​រីករាយ​នេះ​នរណា​ក៏​ចង់​រីករាយ និង​អាច​ដើរ​ទៅ​មក​យ៉ាង​ស្រួល​ខ្លួន​ជាមួយ​រ៉ូប​ដ៏​ស្រស់ស្អាត​ដែរ​៕​

Continue Reading

Style

ភាព​អស្ចារ្យ​នៃ​ប្រទេស​ទាំង​ពីរ​

(English) I moved here to the Kingdom of Wonder almost a year and a…

ខ្ញុំ​បាន​មក​កាន់​ព្រះរាជាណាចក្រ​អច្ឆរិយៈ​មួយ​នេះ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លះ​ទៅ​ហើយ ហើយ​នេះ​ក៏​ជា​ការវិល​ត្រឡប់​មក​កាន់​ទឹកដី​កំណើត​របស់​ខ្ញុំ​វិញ​ដែរ​។ ដោយ​បាន​កើត​និង​ធំ​ដឹងក្ដី​នៅ​ទីក្រុង​មែ​ល​ប៊​ន​ប្រទេស​អូស្ដ្រាលី​ខ្ញុំ​តែងតែ​រស់នៅ​ជាមួយ​កេរតំណែល​ខ្មែរ​ដ៏​សម្បូរបែប ព្រម​ទាំង​សង្គម​លោកខាងលិច​ដែល​មាន​លក្ខណៈ​បើកចំហ​។ ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​រស់នៅ​ប្រទេស​ដ៏​អស្ចារ្យ​ទាំងពីរ​នេះ​។

បាន​ធំ​ដឹងក្ដី​និង​បាន​ទៅ​សាលារៀន​ជាមួយ​ក្មេង Caucasian និង​ក្មេង​អឺរ៉ុប​ដទៃទៀត បន្ទាប់​មក​ខ្ញុំ​បាន​ទៅ​សិក្សា​នៅ​សាលា​មធ្យមសិក្សា​កាតូលិក ប៉ុន្ដែ​ខ្ញុំ​តែងតែ​ប៉ងប្រាថ្នា​ចង់ភ្ជាប់​និស្ស័យ​ជា​ខ្លាំង​ជាមួយ​នឹង​ប្រទេស​កំណើត​ប៉ា​ម៉ាក់​របស់ខ្ញុំ និង​បាន​ចាក​ចេញ​នៅ​ឆ្នាំ​១៩៧៥​។ គឺ​ចាប់តាំងពី​ពេល​ខ្ញុំ​បាន​មក​កាន់​ទី​នេះ​ម្ល៉េះ ដែល​ខ្ញុំ​បាន​ដឹង​ច្បាស់​អំពី​កេរតំណែល ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ខ្មែរ​ដែល​តែងតែ​ដក់​ជាប់​នៅក្នុង​ឈាមជ័រ​របស់ខ្ញុំ ហើយ​កាន់តែ​ខ្លាំង​ឡើងៗ​ទៀត​នោះ គឺ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ហៅ​ទីនេះ​ថា​ជា​មាតុភូមិ​របស់​ខ្ញុំ​។

​តាម​យោបល់​របស់​ខ្ញុំ ពលរដ្ឋ​ខ្មែរ​ជឿ​យ៉ាង​មុតមាំ​ទៅលើ​ព្រះ​-​កម្មផល ជា​គំនិត​ដែលថា ប្រសិនបើ​អ្នក​ធ្វើ​ល្អ អ្នកនឹង​ទទួលផល​ល្អ ហើយ​ប្រសិនបើ​អ្នក​ធ្វើ​អាក្រក់ អ្នកនឹង​ទទួលផល​អាក្រក់​។ សូម្បីតែ​នៅ​អូស្ដ្រាលី ខ្ញុំ​តែងតែ​គិត​បែប​នេះ​ដែរ ថា​តើ​ប៉ា​ម៉ាក់​ខ្ញុំ​បង្រៀន​ខ្ញុំ ឬ​ប្រហែល​ជា​បាន​ដឹង​ច្បាស់​ថា​នេះ​ជា​ការគិត​ដ៏​ត្រឹមត្រូវ និង​ជា​គោលការណ៍​ដែល​ត្រូវប្រកាន់យក ខ្ញុំ​ពិតជា​មិន​អាច​ចង​ចាំ​បាន​ទេ តែ​វា​គឺជា​ពាក្យពេចន៍​ដែល​ខ្ញុំ​ធ្លាប់​ជួប​ដោយផ្ទាល់ ហើយ​នៅតែ​ពិតប្រាកដ​។ ដោយ​បាន​ទទួល​ការបណ្ដុះបណ្ដាល​តាមបែប​កាតូលិក​ផង​នោះ នៅ ពេលដែល​ខ្ញុំ​បាន​អាន​រឿង​នៅ​ក្នុង​គម្ពីរ Good Samaritan ដំបូង ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ផ្សារភ្ជាប់​សាសនា​ទាំងពីរ​នេះ ពីព្រោះ​យើង​ពិតជា​មាន​ទស្សនៈ​ដូចគ្នា និង​បាន​ដឹង​ច្បាស់​ថា យើង​គ្មាន​អ្វី​ដែល​ខុសប្លែក​ពី​គ្នា​នោះឡើយ​។

​ពលរដ្ឋ​ខ្មែរ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្រួសារ​របស់​គេ​ខ្លាំងណាស់ មានន័យ​ថា ពួក​គេ​គោរព​ប៉ា​ម៉ាក់​របស់គេ​លើស​អ្វីៗ​ទាំងអស់ និង​រស់នៅ​ជាមួយគ្នា​អស់​មួយ​ជីវិត​។ ខ្លួន​ខ្ញុំ​ផ្ទាល់ គ្រួសារ​របស់​ខ្ញុំ​ក៏​ដូចគ្នា​ដែរ គឺ​ស្និទ្ធស្នាល​ជាមួយ​គ្នា​ខ្លាំងណាស់ ប៉ុន្ដែ​ពួកយើង​ក៏​រស់នៅ​តាម​បែប​អឺរ៉ុប​និង​តាម​បែប​លោកខាងលិច​ផងដែរ ក្នុងន័យ​ដែល​យើង​ទាំងអស់គ្នា​មាន​សិទ្ធិ​ស្មើៗ​គ្នា​។ ម៉ាក់​របស់​ខ្ញុំ​តែងតែ​និយាយ​ក្រើនរំឭក​ថា នៅពេល​ដែល​គាត់​នៅ​ក្មេង ហើយ​បើ​ប៉ា​ម៉ាក់​របស់គាត់​និយាយ​ថា​កុំ​ឱ្យ​ធ្វើ​អ្វី មានន័យ​ថា​គឺ​មិន​ត្រូវ​ធ្វើ​ឡើយ​។ ហើយ​គាត់​ក៏​ចង់ឱ្យ​កូន​របស់​គាត់​ប្រព្រឹត្ដដូ​ចគាត់​ដែរ ដូច្នេះ​បងប្អូន​របស់​ខ្ញុំ​ហើយ​និង​ខ្ញុំ ដែល​ធំ​ដឹងក្ដី​នៅទីនេះ​ម្នាក់ៗ​មាន​ភាព​ឯករាជ្យ និង​សិក្សា​ស្វែងយល់​ពី​មេរៀន​ជីវិត​ផ្ទាល់ខ្លួន​របស់​យើង ថា​តើ​ជា​កំហុស​ឬ​ជា​ការផ្ដល់​ឱ្យ​បែបណា ប៉ុន្ដែ​គាត់​មិន​ចង់ឱ្យ​ពួកយើង​ជួប​វ័យ​កុមារភាព​បែប​អភិរក្ស​ដូច​គាត់​នោះ​ទេ​។ ខ្ញុំ​ពិតជា​ជឿថា វា​មិនសូវ​បុរាណ​ពេក​នោះ​ទេ​នៅ​ក្នុង​គ្រួសារ​ខ្មែរ​។

​ខ្ញុំ​ក៏​បាន​កត់សម្គាល់​ឃើញថា ពួកគេ​ជា​មនុស្ស​រីករាយ​ជាប្រចាំ យើង​អាច​មាន​អ្វី​បន្ដិចបន្ដួច​គ្រាន់​នឹង​ធ្វើ​ដូចជា ការងារ​ផ្ទះ ចំណីអាហារ និង​រីករាយ​ជាង​មុន​ជាមួយ​នឹង​ជីវិត ដែល​ជា​មេរៀន​ដ៏​សំខាន់​បំផុត ដែល​ខ្ញុំ​បាន​រៀនសូត្រ​តាំងពី​ខ្ញុំ​អនុញ្ញាត​ឱ្យ​ខ្លួន​ឯង​ក្លាយ​ជា​ពលរដ្ឋ​កម្ពុជា​ស៊ប់​។ ត្រឡប់​មក​អូស្ដ្រាលី​វិញ លុយ​មិន​សូវ​សំខាន់​ប៉ុន្មាន​ទេ ហើយ​នេះ​ជា​ការពិត​។ ខ្ញុំ​មាន​អារម្មណ៍​ថា ពួកយើង​ប្រញាប់ប្រញាល់​ជានិច្ច ឬ​ប្រជែង​គ្នា​ដើម្បី​តាម​ឱ្យទាន់​បច្ចេកវិជ្ជា​ថ្មីៗ​បំផុត ឬ​ស្លៀកពាក់​សម្លៀកបំពាក់​ឌី​ហ្សា​ញឬ​ស្លាកស​ញ្ញា​ថ្លៃ​លំដាប់​ខ្ពស់​។ បណ្ដា​ប្រទេស​លោកខាងលិច​អាច​ត្រូវបាន​កំណត់​ដោយ​ទ្រព្យសម្បត្ដិ រីឯ​នៅ​កម្ពុជា​វិញ ការ​ដែល​អាច​មាន​ចំណីអាហារ​នៅលើ​តុ​ដើម្បី​ទទួលទាន និង​រីករាយ​ជាមួយ​ក្រុម​គ្រួសារ ជា​អ្វី​ដែល​មានន័យ​បំផុត​។

​ជា​ប្រទេស​ដែល​មាន​ជំនឿ​សាសនា ខ្ញុំ​បាន​កត់សម្គាល់​ឃើញថា មាន​ថ្ងៃ​ឈប់សម្រាក​ជាច្រើន​ដែល​ពលរដ្ឋ​មិន​ធ្វើការ (​ថ្ងៃបុណ្យ ឬ​ពិធី​សាសនា​របស់​ព្រះសង្ឃ​-​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​បុណ្យ​ទាំងនោះ​ទេ ដូច្នេះ​សូម​អធ្យាស្រ័យ​ដល់​ខ្ញុំ​ផង​)​។ ខ្ញុំ​ពេញចិត្ដ​នឹង​ភាព​សម្បូរ​សប្បាយ​បែប​នេះ​ចំពោះ​ការ​មាន​ព្រះ​ច្រើន ដែល​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ យើង​ឃើញ​ព្រះសង្ឃ​គង់​លើ​ម៉ូតូ ហើយ​ដូនជី​ចាស់ៗ​កោរសក់ ដោយ​ញញឹម​ពព្រាយ​ឥត​មាន​ធ្មេញ ពាក់អាវ​ស​និង​ស្លៀកសំពត់​ខ្មៅ​អង្គុយ​រហង់​នៅ​លើ​រ៉ឺម៉ក​។ ខ្ញុំ​ក៏​កត់សម្គាល់ឃើញ​ថា ស្ទើរ​គ្រប់​ផ្ទះ​មាន​រាន​ព្រះ​ភូមិ​នៅ​ពី​មុខ​ផ្ទះ​របស់​ពួកគេ សម្រាប់​គោរព​បូជា​ជីដូន​ជីតា​របស់​ពួកគេ ឬ​អ​រុក្ខ​អ​រ័ក្ស​ទេវតា​ដែល​មើល​ថែរក្សា​ពួកគេ​។ នេះ​ជា​រឿង​ចម្លែក​និង​គួរឱ្យខ្លាច តែ​វា​ជា​អ្វី​ដែល​ស្រស់​ស្អាត​ដោយ​បាន​ដឹងថា​គេ​គ្រប់គ្នា​ជឿជាក់​និង​គោរព​បូជា​តាម​អ្វី​ដែល​ពួកគេ​បាន​ដឹង​។

​ខ្ញុំ​ចងចាំ​ថា​នៅពេល​ធំ​ដឹងក្ដី ខ្ញុំ​តែងតែ​ជួប​រឿងរ៉ាវ​មួយចំនួន​ដែល​កើតឡើង ហើយ​ប៉ា​ម៉ាក់​របស់​ខ្ញុំ​តែងតែ​ពន្យល់ ឬ​ប្រាប់​ហេតុផល​ទាក់ទង​ទៅ​នឹង​អ្វីៗ​ទាំងនោះ ខ្ញុំ​មិន​ជឿថា វា​ជា​បែបបទ​របស់​ខ្មែរ​ជាក់លាក់​នោះទេ បែរ​ជា​គិតថា​នេះ​ជា​ការប្រៀបធៀប​គ្នា​តាម​បែប​លោកខាងលិច​ផងដែរ​។

ជា​ឧទាហរណ៍​
●​នៅពេល​យប់ គេ​តែងតែ​ប្រាប់ថា​កុំ​ឱ្យ​ហួច​លេង ហេតុផល​គឺថា​ប្រសិនបើ​អ្នក​ហួច​នៅពេល​យប់ អ្នកនឹង​នាំ​ឧបទ្រព​ចង្រៃ​ចូល​ផ្ទះ​។​
●​មួយទៀត​គឺថា នៅ​ម៉ោង​៣​ទៀប​ភ្លឺ​ជា​ពេល​ដែល​ព្រលឹង​វិញ្ញាណ​វិលវល់​-​ពលរដ្ឋ​លោកខាងលិច​ក៏​ជឿ​បែបនេះ​ដែរ​-​រឿង​បែបនេះ​ក៏​តែងតែ​ត្រូវ​បាន​ចាក់​បញ្ចាំង​តាម​ខ្សែភាពយន្ដ​ផងដែរ ប៉ុន្ដែ​នៅ​កម្ពុជា យើង​ដឹង​ថា ឆ្កែ​អាច​មើលឃើញ និង​ដឹង​ក្លិន​ព្រលឹង​វិញ្ញាណ​ទាំងនោះ ដូច្នេះ​អ្នក​អាច​ស្ដាប់​ដឹង ប្រសិនបើ​អ្នក​ដឹងខ្លួន អ្នក​អាច​ឮ​ឆ្កែ​ព្រុស​និង​ឆ្កែ​លូ​ដូច​មនុស្ស​ឆ្កួត​អ‍៊ីចឹង​។​
●​ថ្មីៗ​នេះ​ខ្ញុំ​បានដឹងថា ប្រសិនបើ​អ្នក​ធុំក្លិន​ផ្សែង​ធូប ហើយ​អ្នក​ដឹងថា ខ្លួន​មិន​បាន​ដុត​ធូប​ទេ មានន័យ​ថា ជីដូន​ជីតា​ឬ​សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់​ទៅ​កំពុងតែ​ព្យាយាម​ទំនាក់ទំនង​ជាមួយ​អ្នក ឬ​ប្រហែល​ជា​មកលេង​អ្នក​ហើយ​មើលទៅ​។​
●​អបិយ​ជំនឿ​តិចតួច​តែ​ពោរពេញ​ទៅ​ដោយ​ហេតុផល ប្រសិនបើ​អ្នក​កំពុងតែ​និយាយ ហើយ​អ្នក​ឈ្លក់​ទឹកមាត់ មានន័យ​ថា មាន​គេ​កំពុងតែ​និយាយ​ដើម​អ្នក​ហើយ​។ ដូច​ពលរដ្ឋ​លោកខាងលិច​ដែរ នៅពេលដែល​យើង​និយាយ​ទៅ​ស្រាប់តែ​ខាំ​អណ្ដាត ឬ​នៅ​ពេល​ដែល​ត្រចៀក​របស់​អ្នក​រលាក គឺ​មានន័យ​ដូច​គ្នា​។​
●​ខ្មែរ​មាន​ជំនឿ​ថា នៅពេល​ដែល​អ្នក​កណ្ដាស មាន​នរណា​ម្នាក់​កំពុងតែ​នឹក​អ្នក ឬ​គិត​ដល់​អ្នក​ហើយ សង្គម​លោក​ខាងលិច​មាន​ជំនឿ​ថា នៅពេលដែល​យើង​គេង​យល់សប្ដិ ឬ​យល់សប្ដិ​ឃើញ​នរណា​ម្នាក់​ជា​ប្រចាំ ពួកគេ​កំពុងតែ​គិត ឬ​នឹក​អ្នក​ហើយ​។

​ម៉ាក់​របស់​ខ្ញុំ​តែងតែ​បណ្ដុះ​គំនិត​បងប្អូន​ប្រុស​របស់​ខ្ញុំ​ហើយ​នឹង​ខ្ញុំ ប្រការ​មួយ​គឺ​តែងតែ​ឱ្យ​គោរព​និង​ស្រឡាញ់​អ្នក​ដែល​ចាស់​ជាង​ខ្លួន​យើង និង​ខិតខំ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​នៅក្នុង​ជីវិត​ឱ្យ​បាន​ល្អប្រសើរ និង​ជាទី​ពេញចិត្ដ​មនុស្ស​ផង​គ្នា​។ ខ្ញុំ​ជា​អ្នក​មាន​កំហុស​ដោយ​បាន​រំខាន និង​និយាយ​មាត់​តូច​មាត់ធំ​ដាក់​ប៉ា​ម៉ាក់​របស់ខ្ញុំ និង​រំឭក​ខ្លួនឯង​ថា ប្រសិនបើ​ខ្ញុំ​បន្ដ​មាន​ឥរិយាបថ​មិនគួរ​ជាទី​គោរព​បែបនេះ ការងារ​របស់​ខ្ញុំ​នឹង​ទទួល​បរាជ័យ​ជាក់​ជា​មិនខានឡើយ​។ ខ្ញុំ​មិនដឹងថា​តើ​មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​នឹង​តុល្យភាព​នៃ​ជីវិត ហើយ​ទស្សនៈ​កម្មផល​គឺ​មាន​មែន ឬ​ប្រហែល​ជា​វិធីសាស្ដ្រ​របស់​ប៉ា​ម៉ាក់​របស់ខ្ញុំ​ដែល​ចង់ឱ្យ​ខ្ញុំ​ប្រព្រឹត្ដល្អ និង​ស្រឡាញ់​ពួកគាត់ ព្រមទាំង​ឱ្យ​រីកចម្រើន​ដោយ​សារ​អំពើ​ល្អ​នៃ​ការ​មាន​បេះដូង​ដ៏​បរិសុទ្ធ ហើយ​ពួកគាត់​ក៏​ចង់ឱ្យ​យើង​រស់នៅ​ដោយ​ភាពសុខសាន្ដ និង​ជោគជ័យ​ក្នុង​ជីវិត​។

ដូចគ្នានេះដែរ ប្រសិនបើ​នរណា​ម្នាក់​សួរ​តើ​ខ្ញុំ​ចូលចិត្ដ​រស់នៅ​ទីណា​ជាងគេ ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ តែ​សម្រាប់​ពេលនេះ​គឺ​កម្ពុជា​នេះ​ឯង ប៉ុន្ដែ​បន្ទាប់​មកទៀត​គឺ​ដោយសារតែ​ខ្ញុំ​អាច​រស់នៅ​តាម​បែប​លោក​ខាងលិច​បាន ខ្ញុំ​នៅតែ​យល់​និង​កោតសរសើរ​ចំពោះ​បែបបទ​រស់នៅ​របស់​ខ្មែរ​ផង​ដែរ​។ ខ្ញុំ​មិន​អាច​និយាយ​យ៉ាងនេះ​យ៉ាងនោះ​ឱ្យ​គ្រប់គ្រាន់​បាន​ទេ ប៉ុន្ដែ​ខ្ញុំ​ពិតជា​ទទួល​ពរ​ជ័យ​ដែល​បាន​ធំ​ដឹងក្ដី​នៅ​ប្រទេស​អូស្ដ្រាលី ហើយ​ខ្ញុំ​ក៏​មាន​មោទកភាព​ផងដែរ​ដែល​បាន​កើតមក​ជា​កូន​ខ្មែរ​ម្នាក់​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.