Style
ស្បែកជើងកែងក្រវាត់កជើងដ៏សិចស៊ី
គ្មានអ្វីដែលជួយឱ្យស្ត្រីមើលទៅសិចស៊ីស្រស់ស្អាតជាងស្បែកជើងកែងក្រវាត់កជើងឡើយ។ លេងស្តាយល៍ឱ្យលេចធ្លោជាមួយស្បែកជើងកែងឃ្លុបមុខក្រវាត់កជើង ឬ

គ្មានអ្វីដែលជួយឱ្យស្ត្រីមើលទៅសិចស៊ីស្រស់ស្អាតជាងស្បែកជើងកែងក្រវាត់កជើងឡើយ។ លេងស្តាយល៍ឱ្យលេចធ្លោជាមួយស្បែកជើងកែងឃ្លុបមុខក្រវាត់កជើង ឬស្បែកជើងកែងសង្រែកមានចងខ្សែនៅកជើង
ស្បែកជើងកែងក្រវាត់កជើងដ៏សិចស៊ី
គន្លឹះលេងស្តាយល៍៖ ស្បែកជើងក្រវាត់កជើងនេះជួយលើកសម្រស់សម្លៀកបំពាក់សាមញ្ញៗរបស់អ្នកដូចជាខោសាច់ខូវប៊យ ឈុតអាវជាប់ខោ អាវយឺតធម្មតា អាវយឺតវាលក្លៀក និងអាវរងាក្រៅឱ្យមើលទៅកាន់តែស្រស់ស្អាត។ សាកល្បងមូរ ឬបត់ជើងខោរបស់អ្នកឡើងបន្តិចឱ្យឃើញម៉ូដស្បែកជើងនេះ ដើម្បីឱ្យមើលទៅស្រស់ស្អាតមានស្តាយល៍។
Style
ស្តាយល៍ចម្រុះបញ្ចូលគ្នា
(English) Donatella Versace blows it out of the water this year. The cohesive but

អ្នកស្រី Donatella Versace បានបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អតិថិជនរបស់គាត់នៅឆ្នាំនេះ។ នេះជាខូលិកហ្សិនបញ្ចូលគ្នារវាងម៉ូដ និងស្តាយល៍ផ្សេងៗជាច្រើននៃហ្វេហ្សិនរួមមានស្តាយល៍បែបសុភាពនារី ស្តាយល៍បែបនារីលាយបុរស ស្តាយល៍ទាន់សម័យ និងស្តាយល៍ឈុតអាវធំ។
ទាំងនេះហើយដែលធ្វើឱ្យខូលិកហ្សិនមួយនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ អ្នកស្រី Donatella Versace បានឱ្យដឹងថាខូលិកហ្សិនមួយនេះគឺ ”បង្កើតឡើងសម្រាប់ថ្ងៃបុណ្យទិវានារីអន្តរជាតិ”។ នេះជាខូលិកហ្សិនដែលបង្ហាញពីភាពរឹងមាំ និងភាពអង់អាចរបស់ស្ត្រី។
ភាគច្រើននៃខូលិកហ្សិននេះគឺជាម៉ូដដែលមានរូបលើសាច់ក្រណាត់ និងអាវធំក្រៅដែលមានក្រវាត់ខ្សែក្រវាត់សាច់យឺត។ សម្រាប់ខូលិកហ្សិននេះគឺអ្នកស្រីចង់បង្ហាញជើងដ៏ស្រឡូនរបស់អ្នកស្លៀកដែលខុសពីអាវធំនារីទូទៅដែលភាគច្រើនបង្ហាញភាពសិចស៊ីតាមរយៈអាវកស្រួចចេញសាច់ដើមទ្រូងតិចតួច។
សង្ឃឹមថាឆ្នាំនេះយើងនឹងឃើញស្ត្រីអ្នកជំនួញ និងអ្នកធ្វើការបង្ហាញជើងស្រឡូនរបស់ខ្លួនច្រើនជាងបង្ហាញដើមទ្រូងក្នុងឈុតអាវធំ។
ស្តាយល៍ជីវិតថ្មី
លោក Phillip Lim បានបង្កើតស្តាយល៍ Ready-to-wear ថ្មីប្លែកខុសពីស្តាយល៍មុនៗដើម្បីអបអរខួប ១០ ឆ្នាំនៃម៉ាក 3.1 របស់ខ្លួនដោយតុបតែងឆាកជាមួយពំនូកដីលើពិស្តបង្ហាញម៉ូដនានិទាឃរដូវឆ្នាំ ២០១៦។
ដើម្បីបង្កើតគំនិតនេះឱ្យចេញជាផ្លែផ្កាគាត់ក៏បានអញ្ជើញអ្នកនាង Maya Lim ស្ថាបត្យករដ៏ល្បីល្បាញមកជួយគាត់។ ពំនូកដីទាំងនេះគឺជាកាកសំណល់អាហារដែលលោក Lim រក្សាទុកធ្វើជាជីរអស់រយៈពេលជាច្រើនខែ។ គាត់បានឱ្យដឹងថា មូលហេតុនៅពីក្រោយគំនិតនេះគឺ “សម្តៅលើចំណុចចាប់ផ្តើមដំបូង។
វាចាប់ផ្តើមដោយគ្រាប់ពូជ។ វាចាប់ផ្តើមដោយសារដី។” បន្ទាប់ពីកម្មវិធីបង្ហាញម៉ូដត្រូវបានបញ្ចប់ ពំនូកដីទាំងនេះនឹងត្រូវយកទៅចាក់តាមសួនច្បារនានា។ យើងខ្ញុំពិតជាកោតសរសើរជាមួយគំនិតច្នៃប្រឌិតរបស់គាត់ មេតាផរស្តីពីវិវដ្តជីវិត និងការកើតថ្មីដែលស័ក្តិសមបំផុតសម្រាប់និទាឃរដូវនេះ ព្រោះថានេះជារដូវដែលគ្រប់យ៉ាងរស់រានមានជីវិតឡើងវិញ ពោលគឺស្តាយល៍ជីវិតថ្មី។
ខូលិកហ្សិនរបស់គាត់មួយនេះគឺមើលទៅមានពណ៌បៃតងស្រាល និងប្រៀបដូចជីវិតពិតៗ។ ម៉ូដទាំងនោះគឺជាការបញ្ចូលគ្នារវាងសាច់ក្រណាត់បាវនីឡុង សាច់ក្រណាត់លោហៈរូបផ្កា និងក្បាច់ក្បូរផ្សេងៗ ជាខូលិកហ្សិនដ៏ស្រស់ស្អាត និងប្រកបដោយគុណភាព៕
Style
គន្លឹះមួយចំនួនដើម្បីចូលរួមពិធីអាពាហ៍ពិពាហ៍
សម្លៀកបំពាក់ចូលរួមពិធីអាពាហ៍ពិពាហ៍ – ដែលអ្នកគួរតែដឹង

សម្លៀកបំពាក់ចូលរួមពិធីអាពាហ៍ពិពាហ៍ – ដែលអ្នកគួរតែដឹង
អ្នកនាង Monika S អ្នកជំនាញតុបតែងខ្លួនបានបង្ហើបឱ្យយើងខ្ញុំដឹងពីវិធីគន្លឹះមួយចំនួនដើម្បីចូលរួមពិធីអាពាហ៍ពិពាហ៍។ អ្នកនាងមានភ្ញៀវជាច្រើននៅភ្នំពេញដែលពួកគេតែងតែមករកគាត់ដែលជាអ្នកជំនាញឱ្យជួយជ្រើសរើសឈុតដែលត្រូវស្លៀក ទំហំ និងពណ៌សម្រាប់ចូលរួមពិធីអាពាហ៍ពិពាហ៍។ ការតុបតែងខ្លួនជាអ្វីដែលអ្នកនាងចូលចិត្ត ហើយការងារដែលអ្នកនាងធ្វើគឺសុទ្ធតែមានថ្វីដៃល្អ។ ខាងក្រោមនេះជាសំណួរខ្លះៗដែលទាក់ទងនឹងឈុតសម្លៀកបំពាក់ក្នុងរដូវអាពាហ៍ពិពាហ៍ ហើយគាត់ក៏បានឆ្លើយរៀបរាប់ប្រាប់យើងខ្ញុំយ៉ាងក្បោះក្បាយ។
សួស្តីអ្នកនាង Monika អ្នកនាងជាអ្នកជំនាញខាងតុបតែងដែលមានហាងស្ថិតនៅទីក្រុងភ្នំពេញមែនទេ? តើមិត្តនារីៗយើងគួរយល់ដឹងអ្វីខ្លះដើម្បីជ្រើសរើសឈុតសម្លៀកបំពាក់ដើម្បីចូលរួមពិធីមង្គលការ?
សួស្តី Grace មិនខុសទេខ្ញុំជាអ្នកជំនាញតុបតែងខ្លួនដែលមានទីតាំងនៅទីក្រុងភ្នំពេញ។
ពេលជ្រើសរើសឈុតសម្រាប់ចូលរួមពិធីអាពាហ៍ពិពាហ៍ ខ្ញុំគិតថារឿងសំខាន់ដែលបងប្អូននារីៗគួរតែគិតដល់មុនគេគឺទីតាំងដែលគេរៀបអាពាហ៍ពិពាហ៍ តើពិធីមង្គលការស្ថិតនៅក្នុងព្រះវិហារ នៅឆ្នេរសមុទ្រ ឬនៅចម្ការទំពាំងបាយជូរ។ អ្នកត្រូវដឹងពីទីតាំងឱ្យបានច្បាស់ដើម្បីងាយស្រួលជ្រើសរើសសម្លៀកបំពាក់ឱ្យត្រឹមត្រូវ និងស្រស់ស្អាតតាមស្ថានភាពនៃពិធីនេះ។ រឿងមួយទៀតដែលមិត្តនារីគួរតែដឹងនោះគឺបញ្ហាអាកាសធាតុ។ គ្មានអ្វីដែលខ្មាស់គេជាងពេលដែលជាយសំពត់ប៉ើងផាត់ឡើងពេលខ្យល់បក់មក ឬក៏ពាក់ឈុតណាដែលក្តៅខ្លាំងធ្វើឱ្យអ្នកបែកញើសឡើយ។ ពោលគឺត្រូវជ្រើសរើសឈុតណាដែលពាក់ទៅស្រួលខ្លួន ហើយទាន់សម័យនិងសមស្របតាមស្ថានភាព។
តើមានវិធីអ្វីដែលអាចធ្វើឱ្យយើងដឹងថាឈុតមួយនេះស័ក្តិសមនឹងមនុស្សម្នាក់នេះ?
ខ្ញុំគិតថាវិធីល្អបំផុតដើម្បីអាចឱ្យយើងដឹងថាមនុស្សម្នាក់នេះស័ក្តិសមនឹងស្តាយល៍បែបណាគឺយើងត្រូវសួរគេផ្ទាល់តែម្តងថាតើជាទូទៅពួកគេចូលចិត្តស្លៀកពាក់ឈុតអ្វីដែរ។ មនុស្សគ្រប់គ្នាសុទ្ធតែដឹងថាឈុតណាស័ក្តិសមនឹងរាងរៅរបស់ខ្លួន និងឈុតណាធ្វើឱ្យគេមានអារម្មណ៍ល្អពេលស្លៀកពាក់។
សម្រាប់អ្នកជំនាញតុបតែង ពួកយើងតែងតែផ្តោតលើចំណុចមួយចំនួនមានដូចជា៖
១. រាងរៅខ្លួនប្រាណរបស់ភ្ញៀវ – តើយើងគួរចៀសវាងប្រើស្តាយល៍ ឬម៉ូដអ្វីជាមួយរាងរៅមួយនេះ។ តើគួរជ្រើស រើសម៉ូដអ្វីដើម្បីធ្វើឱ្យគាត់មើលទៅលេចធ្លោ និងលើករាងរបស់គាត់ឱ្យកាន់តែស្រស់ស្អាត។
២. ពណ៌សម្បុរស្បែករបស់ភ្ញៀវ – តើយើងគួរជ្រើសរើសពណ៌អ្វីដើម្បីលើកសម្បុររបស់គាត់ឱ្យភ្លឺថ្លា ចៀសវាងរើសពណ៌ណាដែលធ្វើឱ្យសម្បុរគាត់ស្រអាប់។
៣. ជាចុងក្រោយគឺសាច់ក្រណាត់ មនុស្សភាគច្រើនមិនបានដឹងទេថាការជ្រើសរើសសាច់ក្រណាត់ត្រឹមត្រូវអាចជួយលើកសម្រស់សម្លៀកបំពាក់ឱ្យកាន់តែស្រស់ស្អាតជាងគ្រឿងអលង្ការ ឬស្បែកជើងកែងស្អាតៗទៅទៀត។
តើភ្ញៀវគួរតែទៅរកជាងកាត់ដេរ ឬអ្នកជំនាញតុបតែងយ៉ាងយូរឱ្យបានប៉ុន្មានថ្ងៃមុនពិធីអាពាហ៍ពិពាហ៍ចាប់ផ្តើម?
យកល្អអ្នកគួរតែទៅលសម្លៀកបំពាក់ ២ ទៅ ៣ ឈុត ហើយគួរតែទៅរកជាងដេរ ឬអ្នកជំនាញតុបតែងយ៉ាងហោច ណាស់ឱ្យបាន ១ ខែមុន។ ប្រសិនបើអ្នកមានសម្លៀកបំពាក់ស្រាប់ហើយមានបំណងចង់សឺរ៉េ ឬកែម៉ូដ នាងខ្ញុំសូមណែនាំឱ្យទៅរកជាងឱ្យបាន ១ ទៅ ២ សប្តាហ៍មុន។
តើចំណុចអ្វីខ្លះដែលមិត្តនារីមិនគួរធ្វើពេលទៅលសម្លៀកបំពាក់?
មានមនុស្សជាច្រើនតែងតែធ្វើខុសពេលទៅលសម្លៀកបំពាក់។ នាងខ្ញុំតែងតែរំលឹកភ្ញៀវរបស់នាងខ្ញុំឱ្យស្លៀកឈុតក្នុងដែលសមរម្យ (ដូចជាខោអាវទ្រនាប់) មកជាមួយ ព្រោះថាបែបនេះអាចជួយឱ្យយើងសឺរ៉េបានត្រឹមត្រូវទៅតាមទំហំដើមទ្រូងនិងត្រគាក ហើយម្យ៉ាងទៀតវាអាចឱ្យយើងដឹងថាតើសាច់ក្រណាត់នេះអាចមើលឃើញធ្លុះដល់ខោអាវ ទ្រនាប់ដែរឬទេ។ ម្យ៉ាងទៀត កុំភ្លេចយកស្បែកជើងកែងមកតាមផងដើម្បីឱ្យជាងដឹងពីកម្ពស់កែងស្បែកជើងងាយ ស្រួលកាត់តម្រឹមជាយរ៉ូបឱ្យសមស្របនឹងកម្ពស់ស្បែកជើងរបស់អ្នក។
រវាងការទិញឈុតថ្មី និងការយកឈុតចាស់ដែលមានស្រាប់មកកែកុន តើអ្នកនាងណែនាំឱ្យជ្រើសយកមួយណាដែរ?
ខ្ញុំតែងតែណែនាំភ្ញៀវ និងនាងខ្ញុំខ្លួនឯងគឺចូលចិត្តទិញសម្លៀកបំពាក់ណាដែលអាចស្លៀកពាក់បានគ្រប់កម្មវិធី។ ខ្ញុំចូលចិត្តច្នៃម៉ូដសម្លៀកបំពាក់កូនក្រមុំទៅជាប្រភេទដែលអាចស្លៀកចូលរួមកម្មវិធីផ្សេងៗបានបន្ទាប់ពីរៀបអាពាហ៍ ពិពាហ៍រួច មិនថាគាត់ចង់កែម៉ូដ ឬទុកនៅដដែលក៏ដោយ។ សេវាដែលខ្ញុំផ្តល់ជូនគឺកែកុនម៉ូដលើសម្លៀកបំពាក់ចាស់។ ភ្ញៀវគាត់អាចប្តូរប្រវែងសម្រុងរ៉ូប កែម៉ូដត្រង់បរិវេណដើមទ្រូង បន្ថែម ឬបន្ថយក្រណាត់ កែកុនក្បាច់ក្បូរក្រណាត់ ដូចជាឌិន ឬប៉ាក់ ពោលគឺកែកុនបានទាំងអស់។ ការដែលយកឈុតចាស់ៗមកកែកុនគឺចំណាយប្រាក់តិចជាងទិញឈុតថ្មី ម្យ៉ាងអ្នកក៏មិនមានអារម្មណ៍ថាចាយវាយខ្ជះខ្ជាយក្នុងការទិញរ៉ូបដែលប្រើបានតែម្តងហើយក៏ឈប់ប្រើ។
តើការដែលមានអ្នកជំនាញមកជួយជ្រើសរើសម៉ូដសម្លៀកបំពាក់ផ្តល់គុណប្រយោជន៍អ្វីខ្លះ?
ការដែលមានជំនួយពីអ្នកជំនាញគឺមានប្រយោជន៍ច្រើនណាស់ ព្រោះថាយើងផ្តល់នូវយោបល់បែបអ្នកជំនាញថាតើឈុតណាស័ក្តិសមនឹងអ្នក និងឈុតណាមិនស័ក្តិសម។ គ្រាន់តែឃើញពណ៌ក្រណាត់ ឬសាច់ក្រណាត់យើងខ្ញុំក៏អាចមើលដឹងថាតើមួយឈុតនេះស័ក្តិសមនឹងអ្នកឬក៏អត់ទៅហើយ។ យើងខ្ញុំដឹងថាតើម៉ូដអ្វី ស្តាយល៍អ្វីដែលលើករាងរៅរបស់អ្នក ពួកយើងជ្រើសរើសស្តាយល៍ផ្សេងៗផ្អែកទៅតាមខ្លួនប្រាណរបស់ភ្ញៀវ។ ការដែលទៅរកអ្នកជំនាញឱ្យជួយមានប្រយោជន៍ជាច្រើនឧទាហរណ៍ដូចជាភ្ញៀវមិនចូលចិត្តមួយឈុតនេះព្រោះមិនមែនជាស្តាយល៍របស់គាត់ ប៉ុន្តែពេលដែលគាត់លទៅក៏ឃើញថាស្អាត នេះក៏ដោយសារយើងខ្ញុំជាអ្នកជំនាញ យើងខ្ញុំដឹងថារាងគាត់ស័ក្តិសមនឹងម៉ូដអ្វី ។
តើពណ៌អ្វីដែលភ្ញៀវមិនគួរស្លៀកចូលរួមពិធីអាពាហ៍ពិពាហ៍?
នៅលើពិភពលោក ជាទម្លាប់នាងខ្ញុំតែងតែឃើញភ្ញៀវមិនសូវជាស្លៀកឈុតពណ៌សចូលរួមពិធីអាពាហ៍ពិពាហ៍ឡើយព្រោះខ្លាចជាន់គ្នានឹងឈុតកូនក្រមុំ ប៉ុន្តែពេលដែលបានរស់នៅក្នុងប្រទេសកម្ពុជា ខ្ញុំសង្កេតឃើញថាឈុតពណ៌ខ្មៅ (ពណ៌កាន់ទុក្ខ) ឬពណ៌ហាមប្រាមមួយចំនួនមិនត្រូវបានគេស្លៀកពាក់ចូលរួមពិធីមង្គលការឡើយ។ និយាយរួមទៅអាស្រ័យតាមប្រពៃណី និងជំនឿរបស់ប្រទេសនីមួយៗ។
តើថ្មីៗនេះអ្នកនាងបានឃើញស្តាយល៍ពេញនិយមអ្វីខ្លះដែលភ្ញៀវរបស់អ្នកនាងតុបតែងខ្លូនទៅចូលរួមពិធីអាពាហ៍ពិពាហ៍ក្នុងរដូវមង្គលការនេះ?
ខ្ញុំសង្កេតឃើញថាភ្ញៀវនារីៗខ្លះគាត់ចូលចិត្តលេងស្តាយល៍បែបហួសហេតុពេក ហើយខ្លះទៀតលេងស្តាយល៍សាមញ្ញពេក។ តាមទំនៀមទម្លាប់ ប្រជាជនខ្មែរចូលចិត្តប្រើសូត្រ និងក្រណាត់ប៉ាក់។ ចំណែកក្រណាត់ប៉ាក់ខ្មែរ ថៃ ជប៉ុនភាគច្រើនមានសសាច់រឹង ខ្ញុំឃើញស្ត្រីខ្មែរភាគច្រើនលេងម៉ូដតែប៉ុន្មានបែបប៉ុណ្ណោះដូចជា ឈុតកន្ទុយត្រីវាលស្មា ឬដៃទ្រ័រកា ឈុតរឹបមានរំភាយនៅចង្កេះជាដើម។ ពេលខ្លះនាងខ្ញុំឃើញពួកគាត់លេងពណ៌អាវ និងពណ៌សំពត់ដូចគ្នាដែលអ្នកខ្លះមើលទៅស្អាត អ្នកខ្លះមើលទៅមិនសូវជាទាក់ភ្នែកប៉ុន្មានឡើយ។
តើអ្នកនាងធ្វើដូចម្តេចទើបមើលដឹងថារាងរៅបែបណាស័ក្តិសមនឹងឈុតមួយណា? អាចចែករំលែកបន្តិចបានទេ?
ហាហា៎ ការពិតទៅខ្ញុំគិតថាការងារនេះជាទេពកោសល្យពីធម្មជាតិ ឬក៏តម្រូវឱ្យសិក្សារយៈពេលយូរទើបអាចពូកែផ្នែកនេះបាន។ កាលពីតូចនាងខ្ញុំតែងតែចាំបានថាគ្រាន់តែមើលអ្នកដទៃភ្លាមក៏ដឹងថាម៉ូដអ្វីសមនឹងគាត់ ពណ៌អ្វីស៊ីនឹងសម្បុររបស់គាត់ ក៏ដូចជាតុបតែងគ្រឿងអលង្ការបែបណាដើម្បីឱ្យស៊ីគ្នានឹងឈុតទាំងមូល។
គន្លឹះខ្លះៗដែលអ្នកអាចរៀនតាម៖
• ពណ៌ដិតចាស់ធ្វើឱ្យរាងមើលទៅស្លីមជាងមុន
• ពណ៌ស្រាលធ្វើឱ្យចំណុចដែលមិនស្អាតលេចធ្លោខ្លាំង
• ប្រសិនបើជារ៉ូបខ្លី គួរតែរើសរ៉ូបណាដែលមានចង្កេះខ្ពស់ដើម្បីធ្វើឱ្យជើងមើលទៅវែងស្រឡូនស្អាត និងលើកកម្ពស់។ ចំណែកក្រណាត់ដែលមានឆ្នូតឈរតូចៗជួយឱ្យរាងមើលទៅស្លីមជាងមុន និងធ្វើរាងរៅមានរាងវែងស្អាត។
• សម្រាប់មិត្តនារីៗដែលមានមាឌល្អិតអាចបន្ថែមស្រទាប់ក្រណាត់ ឬក្បាច់ក្បូរលើក្រណាត់ដើម្បីឱ្យមើលទៅមានរាងស្អាតល្មម។
ខ្ញុំយល់ថាពណ៌ និងសាច់ក្រណាត់ក៏ជាផ្នែកមួយដ៏សំខាន់ដែរដែលធ្វើឱ្យមនុស្សម្នាក់ស្លៀកមើលទៅសមឬមិនសម។
ក្នុងនាមជាអ្នកជំនាញតុបតែងខ្លួនមួយរូប តើអ្នកនាងចង់ឃើញអ្វីបន្ថែមទៀតនៅក្នុងពិធីអាពាហ៍ពិពាហ៍?
ក្នុងនាមខ្ញុំជាជនជាតិខ្មែរមួយរូប ខ្ញុំស្រឡាញ់ និងចូលចិត្តឈុតប្រពៃណីហូលផាមួងលក្ខណៈសំពត់ដាច់ពីអាវណាស់។ ប៉ុន្តែខ្ញុំក៏ចង់ឃើញឱ្យមានការបញ្ចូលគ្នារវាងស្តាយល៍ខ្មែរ និងសាច់ក្រណាត់អ៊ឺរ៉ុប ឬក៏ស្តាយល៍អ៊ឺរ៉ុបប្រើសាច់ក្រណាត់ខ្មែរ។ បែបនេះវាមិនត្រឹមតែបង្ហាញពីស្តាយល៍ថ្មីនោះទេ តែវាក៏បង្ហាញពីភាពទំនើបលើឈុតប្រពៃណីខ្មែរផងដែរ។ ម្យ៉ាងខ្ញុំយល់ថាពេលដែលស្លៀកទៅគឺមានអារម្មណ៍ថាស្រួលខ្លួនណាស់។ ពេលនេះខ្ញុំកំពុងតែច្នៃម៉ូដមួយចំនួនលើសាច់ក្រណាត់ផ្សេងៗគ្នា ហើយខ្ញុំសង្ឃឹមថាការងារនេះនឹងរួចរាល់មុនពេលរដូវអាពាហ៍ពិពាហ៍ឆ្នាំក្រោយមកដល់។
ចុះប្រសិនបើមានភ្ញៀវចង់សម្រកទម្ងន់មុនពេលពិធីអាពាហ៍ពិពាហ៍មកដល់ តើអ្នកនាងនឹងធ្វើបែបណាដែរ? តើស្តង់ដាររបស់ភ្ញៀវខ្លះអាចនឹងហួសហេតុពេកដែរទេ?
ដំបូងប្រសិនបើភ្ញៀវគាត់មានគម្រោងចង់សម្រកទម្ងន់មុនចូលរួមពិធីអាពាហ៍ពិពាហ៍ ខ្ញុំនឹងផ្តល់យោបល់ឱ្យគាត់សម្រកទម្ងន់ឱ្យបានសម្រេចមុននឹងធ្វើការកុម្ម៉ង់។ គ្មានអ្វីដែលនាំឱ្យឈឺក្បាលជាងពេលដែលយើងកាត់តម្រូវទៅតាមរាងរបស់គាត់ហើយស្រាប់តែទំហំនិងទម្ងន់របស់គាត់ផ្លាស់ប្តូរឡើយ។ ប្រសិនបើពួកគាត់មិនអាចសម្រកទម្ងន់ទៅតាមគម្រោងដែលគាត់គ្រោងទុកទេ ពួកយើងមានវិធីខ្លះៗដើម្បីជួយឱ្យគាត់មានរាងស្លីមជាងមុនដូចជារើសម៉ូដ ពណ៌ និងសាច់ក្រណាត់ឱ្យសមទៅនឹងរាងរៅរបស់គាត់។
តើចំណុចអ្វីដែលធ្វើឱ្យអ្នកនាងពេញចិត្តចង់ជួយតុបតែង និងកែកុនម៉ូដសម្លៀកបំពាក់ដល់អ្នកដទៃនៅថ្ងៃអាពាហ៍ពិពាហ៍?
មូលហេតុចម្បងដែលធ្វើឱ្យខ្ញុំពេញចិត្តតុបតែង និងកាត់ដេរសម្លៀកបំពាក់សម្រាប់អ្នកដទៃនៅថ្ងៃដ៏សំខាន់នេះព្រោះវាធ្វើឱ្យខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំអាចបង្កើតឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតមួយឈុតដែលធ្វើឱ្យអ្នកស្លៀកមានអារម្មណ៍ថាសិចស៊ី ថ្លៃថ្នូរ ទាន់សម័យ និងមានផាសុកភាព។ អ្វីដែលខ្ញុំខ្លាចបំផុតនោះគឺនៅពេលដែលអ្នកស្លៀកបែរជាកាន់ជាយសំពត់ដើរព្រោះតែវែងពេក។ ក្នុងឱកាសដ៏រីករាយនេះនរណាក៏ចង់រីករាយ និងអាចដើរទៅមកយ៉ាងស្រួលខ្លួនជាមួយរ៉ូបដ៏ស្រស់ស្អាតដែរ៕
Style
ភាពអស្ចារ្យនៃប្រទេសទាំងពីរ
(English) I moved here to the Kingdom of Wonder almost a year and a…

ខ្ញុំបានមកកាន់ព្រះរាជាណាចក្រអច្ឆរិយៈមួយនេះអស់រយៈពេលជិតមួយឆ្នាំកន្លះទៅហើយ ហើយនេះក៏ជាការវិលត្រឡប់មកកាន់ទឹកដីកំណើតរបស់ខ្ញុំវិញដែរ។ ដោយបានកើតនិងធំដឹងក្ដីនៅទីក្រុងមែលប៊នប្រទេសអូស្ដ្រាលីខ្ញុំតែងតែរស់នៅជាមួយកេរតំណែលខ្មែរដ៏សម្បូរបែប ព្រមទាំងសង្គមលោកខាងលិចដែលមានលក្ខណៈបើកចំហ។ ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានរស់នៅប្រទេសដ៏អស្ចារ្យទាំងពីរនេះ។
បានធំដឹងក្ដីនិងបានទៅសាលារៀនជាមួយក្មេង Caucasian និងក្មេងអឺរ៉ុបដទៃទៀត បន្ទាប់មកខ្ញុំបានទៅសិក្សានៅសាលាមធ្យមសិក្សាកាតូលិក ប៉ុន្ដែខ្ញុំតែងតែប៉ងប្រាថ្នាចង់ភ្ជាប់និស្ស័យជាខ្លាំងជាមួយនឹងប្រទេសកំណើតប៉ាម៉ាក់របស់ខ្ញុំ និងបានចាកចេញនៅឆ្នាំ១៩៧៥។ គឺចាប់តាំងពីពេលខ្ញុំបានមកកាន់ទីនេះម្ល៉េះ ដែលខ្ញុំបានដឹងច្បាស់អំពីកេរតំណែល ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរដែលតែងតែដក់ជាប់នៅក្នុងឈាមជ័ររបស់ខ្ញុំ ហើយកាន់តែខ្លាំងឡើងៗទៀតនោះ គឺនៅពេលដែលខ្ញុំបានហៅទីនេះថាជាមាតុភូមិរបស់ខ្ញុំ។
តាមយោបល់របស់ខ្ញុំ ពលរដ្ឋខ្មែរជឿយ៉ាងមុតមាំទៅលើព្រះ-កម្មផល ជាគំនិតដែលថា ប្រសិនបើអ្នកធ្វើល្អ អ្នកនឹងទទួលផលល្អ ហើយប្រសិនបើអ្នកធ្វើអាក្រក់ អ្នកនឹងទទួលផលអាក្រក់។ សូម្បីតែនៅអូស្ដ្រាលី ខ្ញុំតែងតែគិតបែបនេះដែរ ថាតើប៉ាម៉ាក់ខ្ញុំបង្រៀនខ្ញុំ ឬប្រហែលជាបានដឹងច្បាស់ថានេះជាការគិតដ៏ត្រឹមត្រូវ និងជាគោលការណ៍ដែលត្រូវប្រកាន់យក ខ្ញុំពិតជាមិនអាចចងចាំបានទេ តែវាគឺជាពាក្យពេចន៍ដែលខ្ញុំធ្លាប់ជួបដោយផ្ទាល់ ហើយនៅតែពិតប្រាកដ។ ដោយបានទទួលការបណ្ដុះបណ្ដាលតាមបែបកាតូលិកផងនោះ នៅ ពេលដែលខ្ញុំបានអានរឿងនៅក្នុងគម្ពីរ Good Samaritan ដំបូង ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចផ្សារភ្ជាប់សាសនាទាំងពីរនេះ ពីព្រោះយើងពិតជាមានទស្សនៈដូចគ្នា និងបានដឹងច្បាស់ថា យើងគ្មានអ្វីដែលខុសប្លែកពីគ្នានោះឡើយ។
ពលរដ្ឋខ្មែរមានភាពស្និទ្ធស្នាលនឹងគ្រួសាររបស់គេខ្លាំងណាស់ មានន័យថា ពួកគេគោរពប៉ាម៉ាក់របស់គេលើសអ្វីៗទាំងអស់ និងរស់នៅជាមួយគ្នាអស់មួយជីវិត។ ខ្លួនខ្ញុំផ្ទាល់ គ្រួសាររបស់ខ្ញុំក៏ដូចគ្នាដែរ គឺស្និទ្ធស្នាលជាមួយគ្នាខ្លាំងណាស់ ប៉ុន្ដែពួកយើងក៏រស់នៅតាមបែបអឺរ៉ុបនិងតាមបែបលោកខាងលិចផងដែរ ក្នុងន័យដែលយើងទាំងអស់គ្នាមានសិទ្ធិស្មើៗគ្នា។ ម៉ាក់របស់ខ្ញុំតែងតែនិយាយក្រើនរំឭកថា នៅពេលដែលគាត់នៅក្មេង ហើយបើប៉ាម៉ាក់របស់គាត់និយាយថាកុំឱ្យធ្វើអ្វី មានន័យថាគឺមិនត្រូវធ្វើឡើយ។ ហើយគាត់ក៏ចង់ឱ្យកូនរបស់គាត់ប្រព្រឹត្ដដូចគាត់ដែរ ដូច្នេះបងប្អូនរបស់ខ្ញុំហើយនិងខ្ញុំ ដែលធំដឹងក្ដីនៅទីនេះម្នាក់ៗមានភាពឯករាជ្យ និងសិក្សាស្វែងយល់ពីមេរៀនជីវិតផ្ទាល់ខ្លួនរបស់យើង ថាតើជាកំហុសឬជាការផ្ដល់ឱ្យបែបណា ប៉ុន្ដែគាត់មិនចង់ឱ្យពួកយើងជួបវ័យកុមារភាពបែបអភិរក្សដូចគាត់នោះទេ។ ខ្ញុំពិតជាជឿថា វាមិនសូវបុរាណពេកនោះទេនៅក្នុងគ្រួសារខ្មែរ។
ខ្ញុំក៏បានកត់សម្គាល់ឃើញថា ពួកគេជាមនុស្សរីករាយជាប្រចាំ យើងអាចមានអ្វីបន្ដិចបន្ដួចគ្រាន់នឹងធ្វើដូចជា ការងារផ្ទះ ចំណីអាហារ និងរីករាយជាងមុនជាមួយនឹងជីវិត ដែលជាមេរៀនដ៏សំខាន់បំផុត ដែលខ្ញុំបានរៀនសូត្រតាំងពីខ្ញុំអនុញ្ញាតឱ្យខ្លួនឯងក្លាយជាពលរដ្ឋកម្ពុជាស៊ប់។ ត្រឡប់មកអូស្ដ្រាលីវិញ លុយមិនសូវសំខាន់ប៉ុន្មានទេ ហើយនេះជាការពិត។ ខ្ញុំមានអារម្មណ៍ថា ពួកយើងប្រញាប់ប្រញាល់ជានិច្ច ឬប្រជែងគ្នាដើម្បីតាមឱ្យទាន់បច្ចេកវិជ្ជាថ្មីៗបំផុត ឬស្លៀកពាក់សម្លៀកបំពាក់ឌីហ្សាញឬស្លាកសញ្ញាថ្លៃលំដាប់ខ្ពស់។ បណ្ដាប្រទេសលោកខាងលិចអាចត្រូវបានកំណត់ដោយទ្រព្យសម្បត្ដិ រីឯនៅកម្ពុជាវិញ ការដែលអាចមានចំណីអាហារនៅលើតុដើម្បីទទួលទាន និងរីករាយជាមួយក្រុមគ្រួសារ ជាអ្វីដែលមានន័យបំផុត។
ជាប្រទេសដែលមានជំនឿសាសនា ខ្ញុំបានកត់សម្គាល់ឃើញថា មានថ្ងៃឈប់សម្រាកជាច្រើនដែលពលរដ្ឋមិនធ្វើការ (ថ្ងៃបុណ្យ ឬពិធីសាសនារបស់ព្រះសង្ឃ-ខ្ញុំមិនស្គាល់ឈ្មោះបុណ្យទាំងនោះទេ ដូច្នេះសូមអធ្យាស្រ័យដល់ខ្ញុំផង)។ ខ្ញុំពេញចិត្ដនឹងភាពសម្បូរសប្បាយបែបនេះចំពោះការមានព្រះច្រើន ដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ យើងឃើញព្រះសង្ឃគង់លើម៉ូតូ ហើយដូនជីចាស់ៗកោរសក់ ដោយញញឹមពព្រាយឥតមានធ្មេញ ពាក់អាវសនិងស្លៀកសំពត់ខ្មៅអង្គុយរហង់នៅលើរ៉ឺម៉ក។ ខ្ញុំក៏កត់សម្គាល់ឃើញថា ស្ទើរគ្រប់ផ្ទះមានរានព្រះភូមិនៅពីមុខផ្ទះរបស់ពួកគេ សម្រាប់គោរពបូជាជីដូនជីតារបស់ពួកគេ ឬអរុក្ខអរ័ក្សទេវតាដែលមើលថែរក្សាពួកគេ។ នេះជារឿងចម្លែកនិងគួរឱ្យខ្លាច តែវាជាអ្វីដែលស្រស់ស្អាតដោយបានដឹងថាគេគ្រប់គ្នាជឿជាក់និងគោរពបូជាតាមអ្វីដែលពួកគេបានដឹង។
ខ្ញុំចងចាំថានៅពេលធំដឹងក្ដី ខ្ញុំតែងតែជួបរឿងរ៉ាវមួយចំនួនដែលកើតឡើង ហើយប៉ាម៉ាក់របស់ខ្ញុំតែងតែពន្យល់ ឬប្រាប់ហេតុផលទាក់ទងទៅនឹងអ្វីៗទាំងនោះ ខ្ញុំមិនជឿថា វាជាបែបបទរបស់ខ្មែរជាក់លាក់នោះទេ បែរជាគិតថានេះជាការប្រៀបធៀបគ្នាតាមបែបលោកខាងលិចផងដែរ។
ជាឧទាហរណ៍
●នៅពេលយប់ គេតែងតែប្រាប់ថាកុំឱ្យហួចលេង ហេតុផលគឺថាប្រសិនបើអ្នកហួចនៅពេលយប់ អ្នកនឹងនាំឧបទ្រពចង្រៃចូលផ្ទះ។
●មួយទៀតគឺថា នៅម៉ោង៣ទៀបភ្លឺជាពេលដែលព្រលឹងវិញ្ញាណវិលវល់-ពលរដ្ឋលោកខាងលិចក៏ជឿបែបនេះដែរ-រឿងបែបនេះក៏តែងតែត្រូវបានចាក់បញ្ចាំងតាមខ្សែភាពយន្ដផងដែរ ប៉ុន្ដែនៅកម្ពុជា យើងដឹងថា ឆ្កែអាចមើលឃើញ និងដឹងក្លិនព្រលឹងវិញ្ញាណទាំងនោះ ដូច្នេះអ្នកអាចស្ដាប់ដឹង ប្រសិនបើអ្នកដឹងខ្លួន អ្នកអាចឮឆ្កែព្រុសនិងឆ្កែលូដូចមនុស្សឆ្កួតអ៊ីចឹង។
●ថ្មីៗនេះខ្ញុំបានដឹងថា ប្រសិនបើអ្នកធុំក្លិនផ្សែងធូប ហើយអ្នកដឹងថា ខ្លួនមិនបានដុតធូបទេ មានន័យថា ជីដូនជីតាឬសមាជិកគ្រួសារដែលបានស្លាប់ទៅកំពុងតែព្យាយាមទំនាក់ទំនងជាមួយអ្នក ឬប្រហែលជាមកលេងអ្នកហើយមើលទៅ។
●អបិយជំនឿតិចតួចតែពោរពេញទៅដោយហេតុផល ប្រសិនបើអ្នកកំពុងតែនិយាយ ហើយអ្នកឈ្លក់ទឹកមាត់ មានន័យថា មានគេកំពុងតែនិយាយដើមអ្នកហើយ។ ដូចពលរដ្ឋលោកខាងលិចដែរ នៅពេលដែលយើងនិយាយទៅស្រាប់តែខាំអណ្ដាត ឬនៅពេលដែលត្រចៀករបស់អ្នករលាក គឺមានន័យដូចគ្នា។
●ខ្មែរមានជំនឿថា នៅពេលដែលអ្នកកណ្ដាស មាននរណាម្នាក់កំពុងតែនឹកអ្នក ឬគិតដល់អ្នកហើយ សង្គមលោកខាងលិចមានជំនឿថា នៅពេលដែលយើងគេងយល់សប្ដិ ឬយល់សប្ដិឃើញនរណាម្នាក់ជាប្រចាំ ពួកគេកំពុងតែគិត ឬនឹកអ្នកហើយ។
ម៉ាក់របស់ខ្ញុំតែងតែបណ្ដុះគំនិតបងប្អូនប្រុសរបស់ខ្ញុំហើយនឹងខ្ញុំ ប្រការមួយគឺតែងតែឱ្យគោរពនិងស្រឡាញ់អ្នកដែលចាស់ជាងខ្លួនយើង និងខិតខំធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតឱ្យបានល្អប្រសើរ និងជាទីពេញចិត្ដមនុស្សផងគ្នា។ ខ្ញុំជាអ្នកមានកំហុសដោយបានរំខាន និងនិយាយមាត់តូចមាត់ធំដាក់ប៉ាម៉ាក់របស់ខ្ញុំ និងរំឭកខ្លួនឯងថា ប្រសិនបើខ្ញុំបន្ដមានឥរិយាបថមិនគួរជាទីគោរពបែបនេះ ការងាររបស់ខ្ញុំនឹងទទួលបរាជ័យជាក់ជាមិនខានឡើយ។ ខ្ញុំមិនដឹងថាតើមានអ្វីដែលត្រូវធ្វើជាមួយនឹងតុល្យភាពនៃជីវិត ហើយទស្សនៈកម្មផលគឺមានមែន ឬប្រហែលជាវិធីសាស្ដ្ររបស់ប៉ាម៉ាក់របស់ខ្ញុំដែលចង់ឱ្យខ្ញុំប្រព្រឹត្ដល្អ និងស្រឡាញ់ពួកគាត់ ព្រមទាំងឱ្យរីកចម្រើនដោយសារអំពើល្អនៃការមានបេះដូងដ៏បរិសុទ្ធ ហើយពួកគាត់ក៏ចង់ឱ្យយើងរស់នៅដោយភាពសុខសាន្ដ និងជោគជ័យក្នុងជីវិត។
ដូចគ្នានេះដែរ ប្រសិនបើនរណាម្នាក់សួរតើខ្ញុំចូលចិត្ដរស់នៅទីណាជាងគេ ខ្ញុំមិនអាចនិយាយបានទេ តែសម្រាប់ពេលនេះគឺកម្ពុជានេះឯង ប៉ុន្ដែបន្ទាប់មកទៀតគឺដោយសារតែខ្ញុំអាចរស់នៅតាមបែបលោកខាងលិចបាន ខ្ញុំនៅតែយល់និងកោតសរសើរចំពោះបែបបទរស់នៅរបស់ខ្មែរផងដែរ។ ខ្ញុំមិនអាចនិយាយយ៉ាងនេះយ៉ាងនោះឱ្យគ្រប់គ្រាន់បានទេ ប៉ុន្ដែខ្ញុំពិតជាទទួលពរជ័យដែលបានធំដឹងក្ដីនៅប្រទេសអូស្ដ្រាលី ហើយខ្ញុំក៏មានមោទកភាពផងដែរដែលបានកើតមកជាកូនខ្មែរម្នាក់៕
-
Business2 months ago
ការទូទាត់ប្រាក់សំណងឆាប់រហ័ស (QR)
-
Entertainment2 months ago
ការបំបៅកូននៅតាមទីសាធារណៈ
-
Beauty5 months ago
បកស្រាយជំនឿមិនពិតទាំង ៥ ទាក់ទងនឹងសម្រស់
-
Entertainment5 months ago
ស្ត្រីអ្នកជំនួញដ៏ល្បី
-
Style5 months ago
ម៉ូដសក់
-
Style5 months ago
មូលហេតុ ៧ យ៉ាងដែលធ្វើឱ្យអ្នកនៅតែមិនសប្បាយចិត្ត
-
Uncategorized2 months ago
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
-
Health & Fitness2 weeks ago
ភីហ្សាដុតពិសេស