Connect with us

News

Visa បន្តការចែករំលែកកម្មវិធី “ជំនាញអាជីវកម្មជាក់ស្តែង” សិក្សារដោយឥតគិតថ្លៃ

ក្រុមហ៊ុន Visa Inc. (NYSE:V) បានប្រកាសពីការពង្រីកការផ្តល់ជូនកម្មវិធីអប់រំស្តីពី «ជំនាញអាជីវកម្មជាក់ស្តែង – Practical Business Skills ដែលជាវេទិកាឌីជីថលសកលមួយចែកជូនធនធានសិក្សារដោយឥតគិតថ្លៃ។ វេទិកានេះបានប្រមូលផ្តុំនូវគន្លឹះ មធ្យោបាយ និងដំណោះស្រាយសម្រាប់ការគ្រប់គ្រងអាជីវកម្ម ដើម្បីជាជំនួយដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SMB) ធ្វើសេចក្តីសម្រេចចិត្តប្រកបដោយទំនុកចិត្ត ក្នុងដំណាក់កាលពង្រីក និងអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ គ្រប់ឯកសារទាំងអស់ មានរៀបចំជាភាសាអារ៉ាប់ អង់គ្លេស បារាំង និង អេស្បាញ ហើយក៏កំពុងរៀបចំជាភាសាខ្មែរ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Visa ក្នុងការជួយដល់ម្ចាស់អាជីវកម្មដែលជាដៃគូ ទាំងខ្នាតតូច និងមធ្យមនៅកម្ពុជា ក្នុងការស្តារអាជីវកម្មឡើងវិញ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “អាជីវកម្មខ្នាតតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់យើង។ វាមានសារៈសំខាន់ណាស់ ក្នុងការបំពាក់បំប៉ននូវចំណេះដឹង និងជំនាញដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម រួមទាំងលទ្ធភាពក្នុងការទទួលបាននូវសេវាកម្មដែលនឹងគាំទ្រពួកគាត់ក្នុងការស្តារអាជីវកម្មឡើងវិញ ឬ ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពរឹងមាំ និងអាចដំណើរការអាជីវកម្មរបស់ខ្លួនជាលក្ខណៈឌីជីថលបាន” ។ លោកស្រីបន្តទៀតថា៖ «កម្មវិធី Practical Business Skills គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ Visa ក្នុងការផ្តល់នូវធនធាន និងចំណេះដឹង ដើម្បីជួយជម្រុញកំណើនសេដ្ឋកិច្ចដែលមាននិរន្តភាព និងសមធម៌ សំរាប់សហគ្រិន អាជីវកម្ម និងសហគមន៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោកផងដែរ»។

កម្មវិធី «Practical Business Skills » ត្រូវបានបង្កើតឡើងដោយផ្អែកលើជំនាញសកលរបស់ក្រុមហ៊ុន Visa ក្នុងការអប់រំទាក់ទងទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងវិធីសាស្ត្របណ្តុះផ្នត់គំនិតសហគ្រិនក្នុងការអភិវឌ្ឍអាជីវកម្ម មធ្យោបាយក្នុងការចាប់ផ្តើម គ្រប់គ្រង និងពង្រីកអាជីវកម្មជាដើម ដើម្បីឆ្លើយតបទៅនឹងតំរូវការនៅដំណាក់កាលផ្សេងៗគ្នានៃដំណើរអាជីវកម្ម ។

ដើម្បីពិនិត្យមើលឯកសារទាំងអស់ សូមចូលទៅកាន់តំណគេហទំព័រ៖ www.practicalbusinessskills.org ។




Copyright © 2022 Ladies Magazine Cambodia.