Connect with us

Entertainment

“​ហ្វេ​ហ្សិន​៖ គឺជា​ការវិវដ្ត​ឥតឈប់ឈ​រ​”

នាង Blakely Dickey អ្នក​ឌី​ហ្សា​ញ​ម៉ូដ​សម្លៀកបំពាក់​ដ៏​ឧស្សាហ៍​ព្យាយាម​ប្រកបដោយ​សមត្ថភាព​បាន​នាំ​យើងខ្ញុំ​ឱ្យ​ស្គាល់ និង​ស្វែងយល់​ពី​ពិភព​ហ្វេ​ហ្សិន ភាពជោគជ័យ

នាង Blakely Dickey អ្នក​ឌី​ហ្សា​ញ​ម៉ូដ​សម្លៀកបំពាក់​ដ៏​ឧស្សាហ៍​ព្យាយាម​ប្រកបដោយ​សមត្ថភាព​បាន​នាំ​យើងខ្ញុំ​ឱ្យ​ស្គាល់ និង​ស្វែងយល់​ពី​ពិភព​ហ្វេ​ហ្សិន ភាពជោគជ័យ ក៏ដូចជា​ទុក្ខលំបាក​នានា​ដែល​នាង​ជួបប្រទះ​។ ជីវិត​ប្រចាំថ្ងៃ​របស់​នាង​គឺ​មមាញឹក​ជាខ្លាំង តែ​ក៏​ជា​ជីវិត​ដែល​គ្រប់​គ្នា​ស្រមៃ​ចង់បាន​ផងដែរ​។ ចំពោះ​ការងារ​នេះ​នាង Dickey មាន​ឱកាស​បាន​សម្លឹង​មើល​ម៉ូដ​ខោអាវ​ដែល​ខ្លួន​ប្រឹងប្រែង​ច្នៃ​ត្រូវ បាន​យក​ទៅ​បង្ហាញ​នៅ​តាម​ពិស្ត​បង្ហាញម៉ូដ និង​កម្មវិធី​កម្រាលព្រំ​ក្រហម​នានា​។ យើងខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​នាង​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​របស់​នាង​ដើម្បី​មក​បកស្រាយ និង​បង្ហើប​ប្រាប់​យើង​ពី​ដំណើរការ​ការងារ​របស់​នាង​ក្នុងអំឡុងពេល​ច្នៃ​ម៉ូដ​រ៉ូប​សម្រាប់​កម្មវិធី Golden Globe​។ សូម​អាន​អត្ថបទ​ខាងក្រោម​បន្តទៀត​ដើម្បី​ស្វែងយល់​ពី​ជីវិត​របស់​នាង​។

តើ​កញ្ញា​អាច​ប្រាប់​យើងខ្ញុំ​ខ្លះៗ​ទាក់ទង​នឹង​ការងារ​របស់​កញ្ញា​បានទេ​?
​នាង​ខ្ញុំ​ជា​ជំនួយការ​ផ្នែក​ច្នៃ​ម៉ូដ​តាម​ការ​កុម្ម៉ង់​របស់​ភ្ញៀវ​ប្រចាំ​ក្រុមហ៊ុន Marchesa​។ នាង​ខ្ញុំ​ធ្វើការ​ជិតដិត​នឹង​នាយក​ច្នៃ​ម៉ូដ និង​ម្ចាស់​ភាគ ហ៊ុន​ក្រុមហ៊ុន​ដើម្បី​ច្នៃ​ម៉ូដ​សាច់​ក្រណាត់ និង​ក្រណាត់​រុំ​ដងខ្លួន និង​បង្កើត​ម៉ូដ​សម្រាប់​បង្ហាញ​ក្នុង​ពិស្ត​បង្ហាញម៉ូដ សម្រាប់​ដាក់​លក់ សម្រាប់​កម្មវិធី​តាំង​បង្ហាញ​រ៉ូប​អាពាហ៍ពិពាហ៍ ការថតរូប និង​បទ​បង្ហាញ​ផ្សេងៗ​។​

​តើ​កញ្ញា​ចូល​ផ្នែក​ហ្វេ​ហ្សិន​ដោយ​របៀប​ណា​ដែរ​?
​នាង​ខ្ញុំ​ចាប់ផ្តើម​ចូល​ចិត្ត​ទាំង​មិន​ដឹង​ខ្លួន​តាំងពី​នៅ​តូច​។ នាង​ខ្ញុំ​ធ្លាប់​កាត់​ម៉ូដ​ខោអាវ​សម្រាប់​តុក្កតា និង​តែងតែ​គូររូប​ព្រះ​នាង​ក្នុង​ឈុត​រ៉ូប​គ្រី​ស្តាល់​។ នាង​ខ្ញុំ​ចូលចិត្ត​គូររូប និង​និពន្ធ​រឿង​។ Bema និង​លោកយាយ​របស់​នាង​ខ្ញុំ​តែងតែ​លេង​ជាមួយ​ពួក​យើង​ដោយ​បង្រៀន​នាង​ខ្ញុំ និង​ប្អូនស្រី​នាង​ខ្ញុំ​ឱ្យ​ចេះ​ដេរ​ក្បាច់​ខ្វែ​ង និង​ដេរ​ដោយ​ដៃ​។ ពួកគាត់​តែងតែ​លើកទឹកចិត្ត និង​ផ្តល់​សេរីភាព​ដល់​ពួក​យើង​ក្នុង​ការស្រមើស្រមៃ និង​បង្កើត​អ្វី​ថ្មីៗ​។ កាល​ពី​នាង​ខ្ញុំ​អាយុ ១៤ ឆ្នាំ ឪពុក​ម្តាយ​របស់​នាង​ខ្ញុំ​បាន​ទិញ​ម៉ាស៊ីនដេរ​ដំបូង​គេ​ឱ្យ​នាង​ខ្ញុំ​។ គូ​ដណ្តឹង​របស់​ខ្ញុំ​បាន​ចំណាយ​កម្លាំង​ជា​ច្រើន​ដើម្បី​បញ្ចុះបញ្ចូល​នាង​ខ្ញុំ​ឱ្យ​បង្វែរ​ចំណូល​ចិត្ត​ពី​ការ​គូររូប និង​គំនូរ​ទៅ​ផ្នែក​ហ្វេ​ហ្សិន​វិញ​។ ការ​ដែល​គិត​ដល់​ភាពបរាជ័យ រៀន​មិនទាន់ និង​មិន​ចេះ​ក្បួន​ដេរ​ឱ្យបាន​ត្រឹមត្រូវ​គឺ​ពិតជា​ធ្វើឱ្យ​នាង​ខ្ញុំ​ភ័យ​ខ្លាច​មែនទែន​។ នាង​ខ្ញុំ​ធ្លាប់​ធុញទ្រាន់​ជាមួយ​ផ្នែក​វិចិត្រសិល្បៈ​។ នាង​ខ្ញុំ​មិន​អាច​គូររូប​ដែល​មាន​នៅ​ក្នុង​ខួរក្បាល​នាង​ខ្ញុំ​ឡើយ បន្ទាប់មក​នាង​ខ្ញុំ​ក៏​បង្វែរ​ទិសដៅ​ហើយក៏​ឃើញ​ថា​ជំនាញ​កាត់ដេរ និង​ការច្នៃ​ម៉ូដ​តាមរយៈ​ការ​រុំ​ក្រណាត់​លើ​ម៉ា​នី​កាំ​ង​ហាក់ដូចជា​ងាយ​ធ្វើ ហើយ​គំនិត​ថ្មីៗ​ក៏​ចេញ​មក​ដោយ​ឯកឯង​។ ដោយ​មាន​ការជួយ​ពី​គ្រូ​បង្ហាត់បង្រៀន​របស់​នា​ង​ខ្ញុំ​បាន​ធ្វើឱ្យ​នាង​ខ្ញុំ​អាច​បង្កើត​នូវ​អ្វី​ដែល​ខ្ញុំ​តែងតែ​ស្រមើស្រមៃ​ក្នុង​ខួរក្បាល​របស់​នាង​ខ្ញុំ​។ នាង​ខ្ញុំ​ដឹង​ច្បាស់​ថា​ខ្លួនឯង​ចង់​នៅ​ទីណា​ហើយ​ចង់​ធ្វើ​អ្វី​។ ក្រោយ​មក​ខ្ញុំ​ក៏​ចាប់ផ្តើម​ចូល​ផ្នែក​ហ្វេ​ហ្សិន​តែម្តង​។

​យើងខ្ញុំ​អាច​សម្គាល់ និង​ចំណាំ​ស្តា​យល៍​ក៏ដូចជា​តិច​និច​ដេ​ររបស់​កញ្ញា​លើ​ម៉ូដ​សម្លៀកបំពាក់​ដែល​កញ្ញា​ច្នៃ​ម៉ូដ​។ តើ​កញ្ញា​ធ្វើ​ដូចម្តេច​ទើប​ទទួលបាន​គំនិត​ថ្មី​ប្លែក​ទាក់ទង​នឹង​ស្តាយល៍ និង​ហ្វេ​ហ្សិន​?
​វា​ជា​លំហូរ​គំនិត​ដែល​មាន​សភាព​រញ៉េរញ៉ៃ​ចេញពី​ក្នុង​ខួរក្បាល​របស់​នាង​ខ្ញុំ​។ ស្នាដៃ​របស់​នាង​ខ្ញុំ​ភាគច្រើន​គឺ​ទទួល​ឥទ្ធិពល​មក​ពី​ការហ្វឹកហាត់​ផ្នែក​វិចិត្រ​សិល្បៈ​របស់​នាង​ខ្ញុំ​។ ខ្ញុំ​ចាត់ទុក​ខ្លួនប្រាណ​មនុស្ស​ដូចជា​ក្រណាត់​មួយ​ផ្ទាំង បន្ទាប់​មក​ខ្ញុំ​នឹង​រិះរក​ពណ៌ ភាព​សមសួន ការច្នៃ​ឡើងវិញ តុល្យភាព និង​ការ​ផ្សំ​ចូល​គ្នា​រវាង​គំនិត​ច្នៃប្រឌិត​ផ្សេងៗ ប៉ុន្តែ​នាង​ខ្ញុំ​មិន​អាច​និយាយ​ថា​ការងារ​នេះ​កើតឡើង​ដោយ​មាន​ចេតនា​ទុក​មុន ឬ​មាន​គោលបំណង​ស្រាប់​ឡើយ​។ ការងារ​របស់​នាង​ខ្ញុំ​គឺ​ផ្អែក​លើ​អារម្មណ៍​ដែល​ខ្ញុំ​មាន ឬ​ប្រភេទ​ភ្ញៀវ​នារី​ដែល​ខ្ញុំ​ត្រូវ​ច្នៃ​ម៉ូដ​ជូន​។ ពេល​ខ្លះ​ខ្ញុំ​ច្នៃ​ម៉ូដ​គួរ​ឱ្យ​ស្រឡាញ់​បែប​នារីៗ ទន់ភ្លន់ ស្រស់​ស្អាត​ដូច​ក្នុង​រឿងនិទាន ហើយ​ស្រាប់តែ​មួយ​នាទី​ក្រោយ​មក​ខ្ញុំ​បែរ​ជា​គូរ​ម៉ូដ​បែប​នារី​ដែល​មាន​ម្ចាស់ការ​លើ​ខ្លួនឯង សិច​ស៊ី និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ទៅ​វិញ​។ សរុប​មក​នាង​ខ្ញុំ​ចង់​ច្នៃ​ម៉ូដ​ណា​ដែល​លើកកម្ពស់​អានុភាព​ស្ត្រី ហើយ​ស័ក្តិសម​ជា​មួយ​ពួកគាត់​មិន​ថា​ពួកគាត់​មាន​ស្តាយល៍​អ្វីក៏​ដោយ​។​

តើ​ជា​ទូទៅ​ចំពោះ​កញ្ញា​ផ្ទាល់​តើ​កញ្ញា​ចំណាយ​ពេល​ច្រើន​ប៉ុណ្ណា​ក្នុង​ការច្នៃ​ម៉ូដ ហើយ​ចំពោះ​ការងារ​ក្រុម​វិញ​តើ​ត្រូវការ​ប្រើ​ពេល​ប៉ុន្មាន​ដែរ​?
​ក្រុមការងារ​របស់​យើង​គឺ​តែងតែ​បញ្ចេញ​គំនិត ឬ​ផ្តល់​យោបល់​ភ្លាមៗ​ឱ្យ​គ្នា​ទៅវិញទៅមក​ពេល​កំពុង​ធ្វើការ​។ ក្រុមហ៊ុន Marchesa ផ្តល់​ឱ្យ​នាង​ខ្ញុំ​ជា​ច្រើន​ដូច​ជា​រូបភាព​បំផុស​គំនិត ក្រណាត់​គំរូ​សម្រាប់​ច្នៃ​ម៉ូដ និង​ការពណ៌នា​ផ្សេង​ដែល​អាច​ឱ្យ​នាង​ខ្ញុំ​ទាញ​ជា​គំនិត​បាន​។ ខ្ញុំ​ចាប់ផ្តើម​ដោយ​ច្នៃ​ម៉ូដ​លើ​ក្រណាត់​ខុសៗ​គ្នា ដាំ​អង្កាំ ប៉ាក់​ឌិន​ថ្មីៗ​ប្លែកៗ និង​កែច្នៃ​ក្រណាត់​គំរូ​យក​ទៅ​ជ្រលក់​ពណ៌​ជាដើម​។ បន្ទាប់​ពី​រកបាន​ឧបករណ៍ និង​ប្រមូល​គំនិត​ទាក់ទង​នឹង​តិច​និច​ច្នៃ​ម៉ូដ​ក្រណាត់​រួចរាល់ នាង​ខ្ញុំ​ចាប់ផ្តើម​ដឹកនាំ​ក្រុម​ហាត់​ការឱ្យ​រៀបចំ​តុបតែង​ក្រណាត់​គំរូ​សម្រាប់​ច្នៃ​ម៉ូដ​យក​ទៅ​រុំ​លើ​ម៉ា​នី​កាំ​ង​។ ខ្ញុំ​តែងតែ​រុំ​ក្រណាត់​លើ​ម៉ា​នី​កាំ​ង​ជាមួយ​ម៉ូដ​ផ្សេងៗ​ជាច្រើន រួច​ហើយ​ថតរូប​ទុក​ជា​ច្រើន​។ បន្ទាប់​មក​ខ្ញុំ​យក​រូប​នេះ​ទៅ​បង្ហាញ​នាយក​ប្រឌិត​ញាណ និង​ម្ចាស់​ក្រុមហ៊ុន​ដើម្បី​ស្តាប់​នូវ​យោបល់​របស់​ពួកគាត់​។ សម្រាប់​ក្រុម​ហាត់​ការ​ពួកគេ​អាច​បន្ថែម​នូវ​ប៉ាក់​ឌិន ក្រណាត់​ប៉ាក់ ឬ​ថ្នេរ​ដេរ​លោហៈ ឬ​ផ្គូផ្គង​ផ្នែក​ខាងលើ​ជាមួយ​ផ្នែក​ខាងក្រោម​នៃ​ឈុត​ក្រណាត់​រុំ​ដើម្បី​ច្នៃ​វា​ឱ្យក្លាយ​ទៅ​ជា​ម៉ូដ​ស្អាត​ប្លែក​មួយកម្រិត​ទៀត​ដែល​ម៉ូដ​ទាំងនេះ​ពេល​ខ្លះ​ខ្ញុំ​មិន​បាន​គិត​ដល់​ផង​។ ការមើល​ក្រុម​អ្នក​ឌី​ហ្សា​ញ​សាមគ្គី​គ្នា​បញ្ចេញ​សមត្ថភាព​សម្រេច​ការងា​រ​ច្នៃ​ម៉ូដ​មើល​ទៅ​គឺ​ដូចជា​វេទមន្តអ‍‍‍‍‍‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​៊ី​ចឹង​។

​តើ​កញ្ញា​ធ្វើ​ដូចម្តេច​ទើប​ដឹងថា​ក្រណាត់​សម្លៀក​បំពាក់​មួយ​ត្រូវបាន​ច្នៃ​រួចរាល់ ហើយ​តើ​កញ្ញា​ធ្វើយ៉ាងណា​ទើប​ដឹង​ថា​កញ្ញា​ចូលចិត្ត​នូវ​លទ្ធផល​ចុងក្រោយ​នេះ​?
​សម្រាប់​នាង​ខ្ញុំ​ផ្ទាល់​ការច្នៃ​ម៉ូដ​គឺ​មិន​ដែល​រួចរាល់​ឡើយ​។ ថ្វី​ត្បិត​វា​ត្រូវបាន​បញ្ចប់​នៅពេលដែល​ឈុត​មួយ​នេះ​ត្រូវបាន​យក​ទៅ​បង្ហាញ​នៅតាម​ពិស្ត​បង្ហាញម៉ូ​ដក៏ដោយ ក៏​ប៉ុន្តែ​នៅពេល​មាន​នរណា​ម្នាក់​ស្លៀក​ឈុត​មួយ​នេះ យើង​ចាំបាច់​ត្រូវ​សឺ​រ៉េ ច្នៃ​ម៉ូដ​ជា​ថ្មី​ដើម្បី​ឱ្យ​ស័ក្តិសម​នឹង​រាងរៅ​របស់​ភ្ញៀវ និង​សមស្រប​ទៅ​តាម​កម្មវិធី​ដែល​ភ្ញៀវ​ចូលរួម​។ នេះ​ជា​ចំណុច​មួយ​ដែល​ធ្វើឱ្យ​នាង​ខ្ញុំ​ស្រឡាញ់​ពេញចិត្ត​ផ្នែក​ហ្វេ​ហ្សិន​នេះ​៖ វា​គឺ​ស្ថិត​ក្នុង​ការវិវដ្ត​ឥតឈប់ឈ​រ​។ ក្នុងនាម​ជា​សិល្បៈការិនី​មួយរូប នាង​ខ្ញុំ​គឺ​មិន​ដែល​ចេះ​ពេញចិត្ត​អ្វី​មួយ​ឡើយ​។ ភាព​ទើសចិត្ត​របស់​នាង​ខ្ញុំ​គឺ​ជា​ការជំរុញ​ទឹកចិត្ត​ឱ្យ​នាង​ខ្ញុំ​ខិតខំ​បន្ថែមទៀត​។ នេះ​ជា​ស្តាយល៍​ផ្ទាល់ខ្លួន​របស់​នាង​ខ្ញុំ ហើយ​ជាមួយគ្នានេះដែរ​ចំណុច​នេះ​ហើយ​ដែល​បានធ្វើឱ្យ​ស្នាដៃ​របស់​នាង​ខ្ញុំ​មាន​លក្ខណៈ​ស្មុគស្មាញ​ប្លែក​ពី​គេ​។​

​តើ​អ្វី​ទៅ​ជា​រង្វាន់​ដ៏​ធំ​បំផុត​សម្រាប់​កញ្ញា​ចំពោះ​ការងារ​នេះ​?
​រង្វាន់​ដ៏​ធំ​បំផុត​នៃ​ការងារ​មួយ​នេះ​សម្រាប់​នាង​ខ្ញុំ​គឺ​ការធ្វើឱ្យ​គ្រួសារ និង​ភូមិកំណើត​របស់​នាង​ខ្ញុំ​មាន​មោទកភាព​ចំពោះ​នាង​ខ្ញុំ​។ ពេលខ្លះ​ភាពល្បីល្បាញ​ធ្វើឱ្យ​នាង​ខ្ញុំ​អៀនខ្មាស់​ម្តងម្កាល ប៉ុន្តែ​អ្វី​ដែល​ធ្វើឱ្យ​នាង​ខ្ញុំ​រំភើប​ជាងគេ​នោះ​គឺ​ការ​ដែល​ធ្វើឱ្យ​មនុស្ស​ដែល​ស្គាល់​នាង​ខ្ញុំ​ច្បាស់​ជាងគេ​មាន​មោទកភាព​ចំពោះ​ស្នាដៃ​របស់​នាង​ខ្ញុំ​។
​ដើមឡើយ ទាំងនេះ​គ្រាន់តែ​ជា​គំនិត​របស់​កញ្ញា​ប៉ុណ្ណោះ ហើយ​ក្រោយមក​អ្វី​ទាំងនេះ​ក៏​ក្លាយជា​ស្នាដៃ​ជាក់ស្តែង​ត្រូវបាន​គេ​យក​មក​ស្លៀកពាក់ ហើយ​មនុស្ស​លើ​ពិភពលោក​បាន​ឃើញ និង​ស្គាល់​ស្នាដៃ​របស់​កញ្ញា​។ តើ​កញ្ញា​មាន​អារម្មណ៍​បែប​ណា​ដែរ​?
​នាង​ខ្ញុំ​មាន​អារម្មណ៍​ថា​ហាក់ដូចជា​កំពុង​យល់សប្តិ​ដូច្នោះ​ឯង​។ ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​ហាក់ដូចជា​មិនមែន​ការពិត ព្រោះ​ខ្ញុំ​គ្មាន​អារម្មណ៍​អ្វី​ឡើយ ហើយក៏​មិន​បាន​រំពឹងថា​ទទួលបាន​លទ្ធផល​ល្អ​ដែរ​។ ពេលនោះ​ខ្ញុំ​ក៏​ឆ្លើយថា “​តើ​ឈុត​ណា​ដែល​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃស្អែក​?” ខ្ញុំ​គិតថា​រឿង​ដែល​ជះ​ឥទ្ធិពល​ដល់​រូប​ខ្ញុំ​ជាងគេ​គឺ​នៅពេល​ដែល​នរណា​ម្នាក់​គូរ​ម៉ូដ​សម្លៀកបំពាក់​ដែល​ខ្ញុំ​ច្នៃ​ម៉ូដ ឬក៏​នៅពេល​ដែល​នរណា​ម្នាក់​បង្ហោះ​វីដេអូ​តារា​ម៉ូដែល ឬក៏​អតិថិជន​ដែល​កំពុង​ស្លៀក​ឈុត​ដែល​ខ្ញុំ​ច្នៃ​។ ការ​ដែល​អាច​ធ្វើឱ្យ​អ្នកដទៃ​ផុសគំនិត​ចង់​ធ្វើ​អ្វី​មួយ​ដោយ​សេរី​គឺជា​សេចក្តីសុខ​មួយ​របស់​ខ្ញុំ​។

​តើ​កញ្ញា​អាចឱ្យ​យើងខ្ញុំ​ដឹង​ខ្លះៗ​ទាក់ទង​នឹង​ជីវិត​ប្រចាំថ្ងៃ​របស់​កញ្ញា​បាន​ដែរ​ទេ​ថា​តើ​វា​មាន​លក្ខណៈ​បែបណា​ដែរ​?
​នាង​ខ្ញុំ​តែងតែ​ភ្ញាក់​ពី​ដំណេក​នៅពេល​ម៉ោង​រោទ៍​ទី​ពីរ​។ បន្ទាប់​មក​មើល​រឿង​នៅ​ក្នុង​គេហទំព័រ Netflix ពេល​កំពុង​ងូតទឹក​។ រួច​ហើយ​ផាត់មុខ​គូរ​ចិញ្ចើម បន្ទាប់​មក​ជិះ​រថភ្លើង​ក្រោម​ដី រួច​ដើរ​លេង​តិចតួច​។ ចំណែក​នៅក្នុង​ការិយាល័យ​វិញ​៖ ចូល​ការិយាល័យ ទៅ​មើល​ក្រុម​ហាត់​ការ​ដើម្បី​ពិនិត្យ​មើល​តើ​ពួកគេ​មាន​របស់របរ​សព្វគ្រប់​ដែល​ខ្លួន​ត្រូវការ​ដើម្បី​បំពេញ​គម្រោង​ការងា​ររ​បស់​ពួកគេ​ដែរឬទេ​។ ញ៉ាំ​កាហ្វេ​បណ្តើរ​ឆែក​មើល​អ៊ី​ម៉ែ​ល​បណ្តើរ​។ បន្ទាប់​ពី​កិច្ចការ​ពេលព្រឹក​ចប់​រួចរាល់ នាង​ខ្ញុំ​ចាប់ផ្តើម​រិះរក​គំនិត​ដើម្បី​ច្នៃ​ម៉ូដ​លើ​ក្រណាត់​រុំ និង​ក្រណាត់​គំរូ​សម្រាប់​រដូវ​កាល​បន្ទាប់​ព្រមទាំង​បង្ហើយ​ម៉ូដ​គំរូ​សម្រាប់​រដូវ​កាល​បច្ចុប្បន្ន​ផង​ដែរ​។ នាង​ខ្ញុំ​តែងតែ​ញ៉ាំ​អាហារ​ថ្ងៃត្រង់​យឺត​ម៉ោង​នៅ​ខាងក្រៅ ព្រោះថា​ខ្យល់អាកាស​បរិសុទ្ធ​អាច​ជួយ​ដល់​ការគិត​របស់​យើង​។ នាង​ខ្ញុំ​បញ្ចប់​ការងារ​ដោយ​នាំយក​ការងារ​ដែល​នាង​ខ្ញុំ​ធ្វើ​រួចរាល់​ចូលទៅ​ជួប​លោក​នាយក​ដើម្បី​ស្តាប់​នូវ​យោបល់​របស់​ពួកគាត់ និង​ធ្វើ​តាម​អ្វី​ដែល​ពួកគាត់​ចង់​កែប្រែ រួច​ហើយ​ត្រូវ​បញ្ចប់​វា​នៅ​ថ្ងៃ​បន្ទាប់​ឱ្យ​រួចរាល់​។​

​តើ​អ្វី​ទៅ​ជា​ចំណុច​លំបាក​បំផុត​ពេល​ដែល​ថ្ងៃ​កំណត់​មកដល់​? តើ​កញ្ញា​ធ្លាប់​គិត​ថា​ការងារ​មួយ​នេះ​នឹង​មិន​រួចរាល់​តាម​ពេល​កំណត់​ដែរ​ឬទេ​?
​នាង​ខ្ញុំ​ដាច់ខាត​ត្រូវតែ​បញ្ចប់​ការងារ​ឱ្យទាន់ពេល​។ ខ្ញុំ​ចាំបាច់​ត្រូវតែ​ច្នៃ​ម៉ូដ​ឱ្យ​រួចរាល់​តាម​ពេល​កំណត់​បើ​ទោះ​ជា​ខ្ញុំ​ត្រូវ​ធ្វើការ ៤៨ ម៉ោង​ដោយ​គ្មាន​ពេល​សម្រាក​ក៏ដោយ​។ ចំណុច​លំបាក​បំផុត​នៅ​ពេល​ដល់​ថ្ងៃ​កំណត់​គឺ​ថា​ខ្ញុំ​ជា​មនុស្ស​ដែល​ចូលចិត្ត​ដាក់ចិត្ត​ធ្វើ​អ្វីមួយ​មោះមុត​បើ​ទោះ​ជា​រឿង​នោះ​យើង​គ្មាន​ថ្ងៃ​អាចធ្វើ​បាន​ក៏​ដោយ​។ ខ្ញុំ​ជា​មនុស្ស​ដែល​មិន​ចូលចិត្ត​បោះបង់ចោល​ងាយៗ​។ ពេល​ខ្លះ​ខ្ញុំ​គិត​ច្រើន​ពេក​រហូត​ដល់​ថ្នាក់​ភ្លេច​ញ៉ាំ​បាយ និង​ដុសធ្មេញ​ទៀតផង​។​

​តើ​កញ្ញា​កម្ចាត់​ស្ត្រេ​ស​ដោយ​វិធី​ណា​ដែរ​?
​អាស្រ័យ​តាម​ស្ថានភាព​។ នៅពេល​នាង​ខ្ញុំ​ស្ត្រេ​ស​ខ្លាំង​នៅ​ខាងក្រោយ​ឆាក​អារម្មណ៍​ខ្ញុំ​ហាក់ដូចជា​ពុះកញ្ជ្រោល​។ រំញោច​ក្នុង​ខ្លួនប្រាណ​ចាប់ផ្តើម​បញ្ចេញ​មក ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនប្រាណ​របស់ខ្ញុំ​ហាក់ដូចជា​មាន​ដៃ​ដប់​ដុះ​ចេញ​មក​ដូច្នេះ​ឯង​។ ពេល​ដែល​មាន​អារម្មណ៍​ថា​រំជើបរំជួល​ខ្លាំងពេក ខ្ញុំ​ព្យាយាម​ចេញ​ទៅ​ខាងក្រៅ និង​សម្លឹង​មើលទៅ​លំហ​អាកាស​។ ខ្ញុំ​តែងតែ​រំលឹក​ខ្លួនឯង​ពី​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ និង​គ្រប់យ៉ាង​ដែល​កើតឡើង​នៅ​ជុំវិញ​ពិភពលោក​។ ការធ្វើ​បែប​នេះ​អាចឱ្យ​ខ្ញុំ​កាត់បន្ថយ​ស្ត្រេសបាន​បន្តិចម្តងៗ និង​នាំ​អារម្មណ៍​របស់​ខ្ញុំ​ត្រឡប់​មក​ផែនដី​វិញ​។ នៅពេល​ដែល​គ្រប់យ៉ាង​បរាជ័យ ខ្ញុំ​តែងតែ​ទៅសុំ​ការណែនាំ​ពី​នាយក​ប្រឌិត​ញាណ និង​មនុស្ស​ដែល​ខ្ញុំ​ជិតស្និទ្ធ​ជាមួយ​ជាងគេ​។​

​តើ​កញ្ញា​នឹងមាន​ពិធីជប់លៀង​អបអរ​អ្វី​ទេ​ពេល​ដែល​ឃើញ​ម៉ូដ​សម្លៀកបំពាក់​ដែល​កញ្ញា​ច្នៃ​ម៉ូដ​ត្រូវបាន​ស្លៀកពាក់​ដោយ​តារា​ល្បីៗ​?
​ជាទូទៅ​នាង​ខ្ញុំ​តែងតែ​ហៅ​មិត្ត​រួម​ការងា​រញ៉ាំ​ស្រា​ជុំគ្នា រួច​ច្បិច​ថ្ពាល់​ខ្លួនឯង​ពីរ​បី​ដង​ដើម្បី​ឱ្យដឹងថា​នាង​ខ្ញុំ​មិន​បាន​យល់សប្តិ​ទេ​។ តែ​ដោយសារ​រឿង​នេះ​កើតឡើង​ញឹកញាប់​ពេក​នាង​ខ្ញុំ​មិនសូវ​ជា​បង្ហាញ​ឱ្យ​គេ​ដឹង​ប៉ុន្មាន​ឡើយ​។ ភាគច្រើន​នាង​ខ្ញុំ​តែងតែ​ជប់លៀង​អបអរ​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​ខ្ញុំ រួច​បង្ហោះ​រូប​ទាំងនោះ​លើ​បណ្តាញ​សង្គម​។ ពេលខ្លះ​នាង​ខ្ញុំ​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​បន្ទាប់​ដើម្បី​មើល​ថា​តើ​នរណា​បង្ហោះ​រូប​នាង​ខ្ញុំ​ត និង​អាន​យោបល់​របស់​ពួកគេ​ទាក់ទង​នឹង​ស្នាដៃ​របស់​នាង​ខ្ញុំ​។​

ចំពោះ​ម៉ូដ​ដែល​នឹង​ត្រៀម​សម្រាប់​ថ្ងៃ​អនាគត​ខាងមុខ តើ​កញ្ញា និង​ក្រុមហ៊ុន Marchesa សម្រេចចិត្ត​បង្កើត​ដោយ​របៀប​ណា​ដែរ​?
​នាង​ខ្ញុំ​គិត​ថា​ពួក​យើង​គ្រប់​គ្នា​សុទ្ធតែ​ប្រើប្រាស់​អារម្មណ៍ និង​ស្វែងយល់​ពីអ្វី​ដែល​កំពុង​កើតឡើង និង​ពឹងផ្អែក​ទៅលើ​ភាព​ច្នៃប្រឌិត​របស់​គ្នា​ទៅវិញទៅមក​។ សម្រាប់​នាង​ខ្ញុំ គំនិត​ទាំង​នេះ​គឺ​បានមកពី​លំហូរ​គំនិត និង​ការផ្តោះប្តូរ​គំនិត​ច្នៃប្រឌិតរ​បស់​គ្នា​ទៅវិញទៅមក​។ វា​ជា​រឿង​ល្អ​ដែល​ពួក​យើង​អាច​សហការ​ធ្វើការ​ជាមួយ​គ្នា​ព្រោះ​ថា​ពួកគេ​អាច​ជួយ​ឱ្យ​នាង​ខ្ញុំ​គិត​ដល់​គំនិត​ថ្មីៗ​ដែល​នាង​ខ្ញុំ​មិនដែល​នឹក​ដល់​។ នាង​ខ្ញុំ​ក៏​ចូល​ចិត្ត​គិត​ដល់​បញ្ហា​ផ្សេងៗ​ដែល​ស្ត្រី​ជួបប្រទះ​សព្វថ្ងៃនេះ និង​បញ្ហា​ដទៃ​ទៀត​ដែល​កូនស្រី​ពួកគេ​អាច​នឹង​ប្រឈមមុខ​ជាមួយ​។ នាង​ខ្ញុំ​តែងតែ​សិក្សា​ទាក់ទង​នឹង​សង្គម សេដ្ឋកិច្ច និង​នយោបាយ​ដែល​បាន​ជះ​ឥទ្ធិពល​ដល់​ស្ត្រី​កាលពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន កាល​។ វា​ជួយ​ឱ្យ​នាង​ខ្ញុំ​អាច​ព្យាករណ៍​ពី​ការវិវដ្ត​ទៅ​ថ្ងៃ​អនាគត និង​ដឹង​ច្បាស់​នូវ​បញ្ហា​មួយចំនួន​ដែល​ស្ត្រី​អាច​នឹង​ប្រឈមមុខ​ជាមួយ​នៅ​ថ្ងៃ​អនាគត​។ រាល់​ចលនា​ហ្វេ​ហ្សិន​នី​មួយៗ​សុទ្ធតែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវិវដ្ត ហើយ​នាង​ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹង​អាច​រកឃើញ​គំនិត​ថ្មី​ឆាប់ៗ​នេះ​។​

Marchesa New York RTW Spring Summer 2016 September 2015

​តើ​កញ្ញា​មាន​យោបល់​ក៏ដូចជា​ការណែនាំ​អ្វីខ្លះ​ដល់​ប្រិយមិត្ត​នារីៗ​ដែល​មាន​បំណង​ចង់​សម្រេចក្តី​សុបិន​ដូច​កញ្ញា​?
​ចូរ​កុំ​ឱ្យ​អ្នកដទៃ​មក​ប្រាប់​អ្នក​ថា​អ្នក​មិន​អាចធ្វើ​បាន​ឱ្យ​សោះ​។ អ្នក​អាច​ធ្វើបាន​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​។ ប្រសិនបើ​អ្នក​មាន​ការព្យាយាម​អ្នក​ច្បាស់​ជា​អាចធ្វើ​បាន​។ នាង​ខ្ញុំ​ធ្វើការ​ជា​អ្នក​ឈរ​លក់​តាម​ហាង​រយៈពេល​មួយ​ឆ្នាំ​ដើម្បី​សន្សំ​ប្រាក់​ទៅ​រស់នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​។ គ្រាន់​តែ​សន្សំ​បាន​ភ្លាម ខ្ញុំ​ក៏​ធ្វើដំណើរ​មក​កាន់​ទីក្រុង​នេះ​ទាំង​គ្មាន​ការងារ និង​កន្លែង​ស្នាក់នៅ​។ នាង​ខ្ញុំ​រស់នៅ​ដោយ​ពឹងផ្អែក​នំ​ភីហ្សា​ត្រជាក់ៗ និង​អាហារ​ពេលព្រឹក​តិចតួច​។ អ្នកខ្លះ​និយាយថា​ខ្ញុំ​ល្ងង់ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​បើ​នាង​ខ្ញុំ​មិន​លះបង់ និង​ប្រថុយ​ខ្លះ​ទេ ខ្ញុំ​នឹង​គ្មាន​ឱកាស​សម្រេច​បាន​ក្តី​សុបិន​របស់ខ្ញុំ​ឡើយ​។ អ្នក​ត្រូវ​តែ​ប្រើប្រាស់​គំនិត​អវិជ្ជមាន និង​ពាក្យ​សំដី​ទាំងឡាយណា​ដែល​បង្អាក់ក្តី​សុបិន​របស់អ្នក​ដោយ​ប្រែ ក្លាយ​ពាក្យពេចន៍​ទាំង​នោះទៅ​ជា​កម្លាំង​លើកទឹកចិត្ត និង​បង្ហាញ​ឱ្យ​ពួកគេ​ដឹង​ថា​សំដី​របស់​ពួកគេ​មិន​ត្រឹមត្រូវ​ទេ​។ អ្នក​អាច​ធ្វើបាន​។ អ្នក​ត្រូវ​តែ​ខំ​ប្រឹងប្រែង​ឱ្យ​ខ្លាំង​ជាង​អ្នកដទៃ ត្រូវ​រក្សា​កម្លាំងចិត្ត ផ្តោតអារម្មណ៍​លើ​ខ្លួនឯង ធ្វើ​ចិត្ត​ឱ្យ​ល្អ និង​ចេះ​ដឹងគុណ​។ អ្នក​អាច​ធ្វើ​គ្រប់​យ៉ាង​បាន​ប្រសិនបើ​អ្នក​តាំងចិត្ត​ថា​នឹងធ្វើ​។ នាង​ខ្ញុំ​ជឿជាក់​បែបនេះ ចូរ​កុំ​អស់សង្ឃឹម​នឹង​ខ្លួនឯង​អី​៕

Entertainment

​ទៅ​លេង​មាត់សមុទ្រ​ជាមួយនឹង​ឧបករណ៍​សំភារៈ​ទាំងនេះ

សំភារៈ​លំហែកាយ

សំភារៈ​លំហែកាយ

​រៀបចំ​ខ្លួន​ទៅ​លេង​មាត់សមុទ្រ​ជាមួយនឹង​ឧបករណ៍​សំភារៈ​ទាំងនេះ ដែល ធ្វើអោយ​ដំណើរ​កំសាន្តរ​បស់​អ្នក​កាន់តែ​រីករាយ​និង​មាន​ភាពងាយស្រួល​។


​អស់​បញ្ហា​ជាមួយ
​សំបក​ទូរស័ព្ទ​មិន​ជ្រាប​ទឹក​ម៉ាក ECOXPRO

​សំបក​ទូរ​សព្ទ័​ដ៏​រឹងមាំ​មួយ​នេះ​មាន​មុខងារ​មិន​ត្រឹមតែ​ជា​សំបក​ទូរស័ព្ទ​ធម្មតា​នេះ​ទេ ប៉ុន្តែ​វា​ក៏ ជា​ប៉ាស​បំពង​សម្លេង​ដែល​មិន​ជ្រាប​ទឹកបាន​ទៀតផង​។ លើសពីនេះទៅទៀត សំបក​ទូរស័ព្ទ​ដ៏ នេះ​មាន​ថត​សម្រាប់​កាត​សំខាន់ៗ ដូចជា​កាត​ឥណទាន ឬ ប័ណ្ឌបើកបរ​របស់អ្នក បាន​យ៉ាង​ងាយស្រួល​ផងដែរ​។ ជាពិសេស ECOXPRO ក៏​នៅ​មាន​អត្ថប្រយោជន៍ ជាច្រើន​ទៀត​នៅពេល​ដែល​អ្នក​យក​វា​ទៅ​ជា​មួយ​តាម​ខ្លួន​នៅ​ពេល​ទៅលេង​ទឹកសមុទ្រ ឬ ងូតទឹក​ជាមួយ​ទូរស័ព្ទ​របស់​អ្នក​យ៉ាង​រំភើយ​ស្របពេល​ដែល​សំបក​ទូរស័ព្ទ​នេះ​អណ្តែត​លើទឹក​ក្បែរ​អ្នក​ដោយ​មិន​ជ្រាប​ទឹក​សូម្បីតែ​មួយ​ដំណក់​ផងដែរ​។​


​អស់​កង្វល់​ជា​មួយ​
​កន្ត្រក CGear

​នេះ​គឺជា​របស់​ក្នុង​ក្តី​សុ​បិនសម្រាប់​អ្នក​ដែល​ចូលចិត្ត​ទៅ​ស្រស់​ស្រង់​បរិយាកាស​បរិសុទ្ធ នៅឯ​ឆ្នេរសមុទ្រ​…
​តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​?
​វា​គឺជា​កន្ត្រក​ដាក់​ឥ​វ៉ាន់​សម្រាប់​ពេល​ទៅ​លេង​សមុទ្រ​! តើ​អ្នក​ធុញ ទ្រាន់​នឹង​ដីខ្សាច់​ចូល​ពាស ពេញ​លើ ទូរស័ព្ទ​ដែល​វា​នឹង​អាច​ធ្វើឱ្យ​ខូច ឬ​ប្រឡាក់ប្រឡូស​អាហារ​ថ្ងៃ​ត្រង់​ដែល​អ្នក​ខំ ត្រៀម ទុក ធូលី​ខ្សាច់​ហុយ​ហើរ​ពេញ​ឡាន​របស់​អ្នក ឬ​ក៏​នៅ​ពេល មក​ដល់​គេហដ្ឋាន​វិញ ហើយ​ឃើញ​ធូលី​ខ្សាច់​នៅ​ពាសពេញ​ក្នុងផ្ទះ​ជាទី ស្រលាញ់​របស់​អ្នក​ដែរ​ហើយ​មែន​ទេ​? អ្នកនឹង​អស់​ក្តីបារម្ភ​ចំពោះ​បញ្ហា​ទាំងអស់​នេះ​ទៀតហើយ ជាមួយ​នឹង​ខ្សែ​យួរ​ដ៏​រឹង មាំ ស្រួល​ដាក់​ភេសជ្ជៈ ដូចជា ទឹកក្រូច ឬ​ស្រា​បៀរ​បាន​ច្រើន អ្នកនឹង​អស់​កង្វល់ ដោយឡែក​ផ្តល់នូវ​អារម្មណ៍​យ៉ាង​ស្រណុក​សុខ​ស្រួល​ជាមួយនឹង​បរិយាកាស​បរិសុទ្ធ​នៅឯ​ឆ្នេរសមុទ្រ​ជាមួយនឹង​ភាព​រីករាយ និង​ភាព​ស្រលះ​ក្នុង​ហទ័យ​យ៉ាង​ពិសេស​ជាមិនខាន​។

​កាន់តែ​ស្រស់ស្រាយ​
​ជាមួយនឹង​ដប​ទឹក​ម៉ាក S’well

​ទាំង​មាន​កំលាំង​គ្រប់គ្រាន់ ទាំង​ធ្វើអោយ​អ្នក​មើល​ទៅ​កាន់​លេចធ្លោ នឹង​អាច​ចែករំលែក​ជា មួយ​អ្នកដទៃ​ជាមួយនឹង​ដប​ទឹក​ម៉ាក S’well ។ ដប​ទឹក​ម៉ាក S’well នេះ​មាន​រូបរាង​ស្រស់​ស្អាត​ជាមួយនឹង​ពណ៌​ចិញ្ចាចចិញ្ចាំង​ដែល​រចនា​ដោយ​ដៃ​ហើយ​ជាពិសេស​ទៅទៀត នៅពេល​ដែល​អ្នកទិញ​ដប​ទឹក S’well នេះហើយ ចំនួន​ទឹកប្រាក់ មួយចំណែក​ដែល​អ្នក​បាន​ជាវ​ត្រូវបាន​យក​ទៅ​ធ្វើ​ជា​ជំនួយ​ជា​ទឹកស្អាត និង អនាម័យ​នៅឯ​ទ្វីប​អាហ្វ្រិក​។ ជាងនេះទៅទៀត ប្រសិនបើ​នៅ​មិន​គាប់ ចិត្ត​អ្នក​នៅ​ឡើយ ទេនោះ ដប់​ទឹក S’well នៅ​មាន​លក្ខណៈ​ពិសេស​មួយ​ទៀត គឺថា វា​អាច​រក្សា សីតុណ្ហភាព​ភេសជ្ជៈ​របស់​អ្នក​បាន​រហូត​ដល់​ទៅ ២៤​ម៉ោង​ឯណោះ​។

​វ៉ែនតា​ងូតទឹក​ដ៏​ទំនើប
​ម៉ាក Liquid Image ប្រភេទ 305 Hydra Series HD 720P

​វ៉ែនតា​ងូតទឹក​ដ៏​ទំនើប​មួយ​នេះ​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា​វីដេអូ​កំរិត HD ភ្លឺ​ច្បាស់ ទាំង​រូបភាព​និង​សម្លេង​។ វ៉ែនតា​នេះ មិន​ត្រឹមតែ​អាច​ថត​វីដេអូ​បាន​តែ​ប៉ុណ្ណោះ​នោះ​ទេ តែ​ក៏​អាច​ថតរូប​ធម្មតា​បាន​ផងដែរ អ្នក​អាច​ថតរូប​ជា​លក្ខណៈ​បណ្តាក់​ក៏បាន ហើយ​វ៉ែនតា មួយ​នេះ​ក៏​អាច​ថត​បាន​យ៉ាងជ្រៅ រហូតដល់ ៤០ ម៉ែត្រ​ឯណោះ​។ ដូចនេះ តើ​ចាំ​អង្កាល់​ទៀត ចូរ​ថតរូប​ក្នុង​ទឹក​ជាមួយនឹង​វ៉ែនតា​ងូតទឹក ម៉ាក Liquid Image ប្រភេទ 305 Hydra Series HD 720P ពិតជា​មិន​ធ្វើអោយ​លោកអ្នក​ខក​បំណង​ឡើយ​។


​អស់​ថ្ម​តើ​មែន​ទេ​!?
​ឧបករណ៍​សាក​ថ្ម​ចល័ត WakaWaka ជួយ​បាន​

​តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​សៅហ្មង​នៅពេលដែល​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ជិត​អស់​ដែរ​ឬទេ​? ឧបករណ៍​សាក​ថ្ម​ចល័ត WakaWaka​គឺជា​ជម្រើស​ដ៏​ល្អ ដែល​ឧបករណ៍​ដ៏​ស្រស់ស្អាត​នេះ​មាន រូបរាង​តូច​ស្តើង និង មាន​ប្រព័ន្ធ​ទទួល​ថាមពល​តាមរយៈ​ពន្លឺព្រះអាទិត្យ​ផងដែរ ដែល​ប្រដាប់ សាក​ថ្ម​ចល័ត​នឹង​ធ្វើអោយ​ទូរស័ព្ទ​របស់​អ្នកទទួល​ថាមពល​បាន​ពេញ​ត្រឹម​តែ​រយៈពេល ២​ម៉ោង​តែ​ប៉ុណ្ណោះ​។ គន្លឹះ​ដើម្បី​ក្នុងកា​រសាក​ឧបករណ៍​សាក​ថ្ម​ចល័ត WakaWaka ដោយ​ពន្លឺ​ថ្ងៃ​នោះ​គឺ ត្រឹមតែ​តំរូវឱ្យ​អ្នក​ដាក់​ឧបករណ៍​នេះ​ដាក់​ហាលថ្ងៃ​នៅ​កន្លែង​ដែល​មាន​ពន្លឺ គ្រប់គ្រាន់​តែ​ប៉ុណ្ណោះ ឬក៏​សាក​ភ្លើង​តាម​លក្ខណៈ​ធម្មតា​តាមរយៈ USB មុនពេល ដែល​អ្នក​ចេញ​ដំណើរ ជា​ការ​ស្រេច​។ កាន់តែ​ល្អ​ជាង​នេះ​ទៀត​នោះ គឺថា ឧបករណ៍​មួយ​នាំ​មក​ជាមួយ​នឹង​ភ្លើង​សញ្ញា​ប្រកាសអាសន្ន សម្រាប់​អ្នក​នាពេល​ចាំបាច់​ណាមួយ ផងដែរ​។ ប៉ុន្តែ​អ្វី​កាន់តែ​ពិសេស​លើស​ពី​ប​ឧបករណ៍​សាក​ថ្ម​ចល័ត​ផ្សេង ដទៃ​ពី​នេះ​ទៅ ទៀត​នោះ​គឺថា ថវិការ​ដែល​អ្នក​ទិញ​ឧបរណ៍​នេះ​ហើយ មួយចំនួន​គឺ​ត្រូវបាន​យក ទៅ​ជួយ​ដល់​ទុរគតជន​នៅ​ឯ​ប្រទេស​ហ្វ៊ីលីពីន​ទៀតផង​។

Continue Reading

Entertainment

សម្រាប់​អាន​នៅ​ថ្ងៃ​វិស្សមកាល

តើ​មាន​អ្វី​ប្រសើរ​ជាង​គេ​នៅ​ថ្ងៃ​វិស្សមកាល​របស់​អ្នក ភេសជ្ជៈ​ដ៏​ត្រជាក់​ដែល​អ្នក​ចូលចិត្ដ ឬក៏​សៀវភៅអាន​ដែល​ល្អ​? ខាងក្រោម​នេះ​គឺជា

​តើ​មាន​អ្វី​ប្រសើរ​ជាង​គេ​នៅ​ថ្ងៃ​វិស្សមកាល​របស់​អ្នក ភេសជ្ជៈ​ដ៏​ត្រជាក់​ដែល​អ្នក​ចូលចិត្ដ ឬក៏​សៀវភៅអាន​ដែល​ល្អ​? ខាងក្រោម​នេះ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​យើង​ដើម្បី​អាន​នៅ​មាត់សមុទ្រ តំបន់ភ្នំ ឬ​កន្លែង​ណាមួយ​ដែល​អ្នកធ្វើដំណើរ​ទៅដល់​។ មាន​ខ្លឹមសារ​ខុសៗ​គ្នា​ក្នុងចំណោម​សៀវភៅ​ទាំងអស់នេះ​៖ ថា​តើ​អ្នក​កំពុងតែ​មាន​អារម្មណ៍​រីករាយ​ស្រស់​ស្រាយ តានតឹង រំភើប​ញាប់​ញ័រ ឬក៏​យ៉ាងណា​នោះទេ សៀវភៅ​រឿងនិទាន​សម្រាប់​កុមារ ឬ​សៀវភៅ​ធ្វើឱ្យ​អារម្មណ៍​អណ្ដែត​អណ្ដូង គឺ​និយាយ​ទាក់ទង​ទៅនឹង​ការរស់នៅ​ក្នុង​ពិភព​ដ៏​វឹកវរ​នេះ​។ ចូរ​អាន​បន្ដ​ដើម្បី​ដឹងថា​តើ​សៀវភៅ​មួយ​ណា​ដែល​ធ្វើឱ្យ​អ្នក​ចាប់​អារម្មណ៍​បំផុត អំឡុង​វិស្សមកាល​ដ៏​គួរ​ជាទី​រីករាយ​។


​សៀវភៅ​រឿង The Rumor
​ដោយ​អ្នកនិពន្ធ Elin Hilderbrand តើ​អ្នក​កំពុងតែ​ស្វែងរក​សៀវភៅ​ដើម្បី​អាន​នៅ​ឆ្នេរសមុទ្រ​ដើម្បី​បន្ធូរ​អារម្មណ៍​មែន​ទេ​? ប្រសិនបើ​អ្នក​ខកចិត្ដ​ដោយសារតែ​ខ្សែភាពយន្ដ​មិន​ល្អមើល សាកល្បង​អាន​សៀវភៅ​រឿង The Rumor ដែល​និយាយ​អំពី​មិត្ដភ័ក្ដិដ៏​ជិត​ស្និទ្ធិពី​រនា​ក់​គឺ Madeline និង Grace បន្ដ​ការ​ណាត់ជួប​ផ្ទួនៗ​នា​រដូវក្ដៅ​មួយ ដោយ​ពួកគេ​ទទួលទាន​ស្រា​ខកថេល​នា​ពេល​ព្រះអាទិត្យ​អស្ដង្គ​ត ប៉ុន្ដែ​មាន​ពាក្យ​ច​ចាម​អារាម​មួយ​លេចឡើង ហើយ​បាន​ផ្លាស់ប្ដូរ​អ្វីៗ​គ្រប់យ៉ាង​។ ពាក្យ​ច​ចាម​អារាម​នោះ​គឺ​អំពី​ដុំ​ព្រិល​និង​សំណួរ​គឺថា​… តើ​មិត្ដភាព​របស់​ពួកគេ​ស្ថិត​នៅ​ដដែល​ឬ​យ៉ាងណា​?


​សៀវភៅ​រឿង Girl on the Train
​ដោយ​អ្នកនិពន្ធ Paula Hawkins
​សៀវភៅ​រឿង Girl on the Train គឺជា​រឿង​ធ្វើឱ្យ​រំភើប​ញាប់​ញ័រ ដែល​នឹង​ធ្វើឱ្យ​អ្នក​ងឿងឆ្ងល់​អំពី​ជីវិត​របស់​អ្នកដទៃ​។ Rachel បាន​ហែល​ឆ្លង​នូវ​ការបាត់បង់​មួយ ហើយ​ពុះពារ​រកឃើញ​នូវ​សុភមង្គល​នៅក្នុង​ផ្ទះ​នា​ជាយក្រុង​មួយ ដែល​នាង​ឆ្លងកាត់​នៅ​ពេល​ធ្វើដំណើរ​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើការ​វេលា​ព្រឹក​មួយ​។ នាង​មាន​ពេល​ប្រហែល​ត្រឹមតែ​មួយ​នាទី​ប៉ុណ្ណោះ ដើម្បី​សម្លឹងមើល​ក្រុមគ្រួសារ​ដែល​គួរឱ្យ​ស្រឡាញ់ មុនពេល​នាង​ជិះ​រថភ្លើង​ឆ្លងកាត់ ប៉ុន្ដែ​នាង​មាន​ក្ដី​រីករាយ​ជា​ពន់ពេក​។

​អ្វីមួយ​ផ្លាស់ប្ដូរ​គួរឱ្យកត់សម្គាល់ នៅពេលដែល Rachel ឃើញ​នូវ​ហេតុការណ៍​មួយ​ក្នុង​រយៈពេល​ដ៏​ខ្លី​ហើយ​ងឿងឆ្ងល់​ជាខ្លាំង ថា​តើ​នាង​គួរតែ​ប្រាប់​ប៉ូលីស​នូវ​អ្វី​ដែល​នាង​បានឃើញ​ឬ​យ៉ាងណា​។ លុះ​ក្រោយមក​នាង​មាន​អារម្មណ៍​ច្របូកច្របល់ ហើយ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ក្នុង​ការជួយ​សង្គ្រោះ​។

Girl on the Train ជា​រឿង​ធ្វើឱ្យ​រំភើប​ញាប់​ញ័រ ដែល​អ្នក​មិន​អាច​នឹង​អាន​រំលង​ឡើយ​។


​រឿង Room
​និពន្ធ​ដោយ Emma Donoghue
​បន្ទប់​គឺជា​កន្លែង​មួយ​សម្រាប់​រស់នៅ​ដ៏​សុខសាន្ដ​និង​គួរ​ជាទី​ស្រឡាញ់រ​បស់ Jack ប៉ុន្ដែ​ចំពោះ​ម្ដាយ​របស់​គាត់ វា​ជា​គុក​ទៅវិញ​ដែល​គាត់​បាន​ជាប់​ឃុំឃាំង​នៅ​ទីនោះ អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ​ដោយសារ​ស្នាដៃ​របស់ Old Nick​។ ជាមួយនឹង​ការ​ជម្រុញ​ខ្លាំង​ពី​ម្ដាយ Ma ដើម្បីឱ្យ Nick រស់នៅ​បាន​ល្អ​ប្រសើរ​ជាង​មុន គាត់​រៀបចំ​គម្រោង​ដើម្បី​រត់​ចេញ​។ តើ​អ្នក​ម្ដាយ Ma បាន​គិត​អំពី​អ្វី​ដែល​បាន​កើតឡើង បន្ទាប់ពី​ពួកគេ​បាន​រត់គេចខ្លួន និង​អ្វី​ដែល​ពិភព​ដទៃទៀត​កំពុងតែ​ជួបប្រទះ​ដែរ​ឬទេ​?

Room គឺជា​សៀវភៅ​ដ៏​អស្ចារ្យ​ដែល​បរិយាយ​អំពី​ការភ័យខ្លាច ការតបត និង​ការជាប់​ចំណង​។ តើ​យើង​បាន​ធ្វើ​ការពណ៌នា​អំពី​រឿង​នេះ​ហើយ​ឬ​នៅ​?
​សៀវភៅ​នេះ​ត្រូវបាន​និទាន​ដោយ​ការយល់ឃើញ​របស់ Jack ដែល​មាន​អាយុ​៥​ឆ្នាំ​តែ​ប៉ុណ្ណោះ​។​


​សៀវភៅ​រឿង Where are you Bernadette
​និពន្ធ​ដោយ Maria Semple
Bernadette ជា​មនុស្ស​អង់អាច​ក្លាហាន ឥត​ចេះ​កោតញញើត និង​និយាយ​ឥត​សំចៃ​។ នាង​ជា​ស្ថាបត្យករ​ថ្មីថ្មោង និង​ជា​អ្នក​ម្ដាយ​/​មិត្ដភ័ក្ដិ​ដ៏​ល្អ​បំផុត​របស់ Bee ដែល​មាន​អាយុ​ដប់​ប្រាំ​ឆ្នាំ​។

​ពួកគេ​រស់នៅ​ទីក្រុង Seattle ហើយ​ពលរដ្ឋ​និង​បរិយាកាស​នៅ​ទីនោះ មាន​ច្រើន​លើសលុប​សម្រាប់ Bernadette ហើយ​ការ​ធ្វើការ​លើស​ម៉ោង​បាន​ក្លាយជា​រឿង​គួរឱ្យ​បារម្ភ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ Bernadette បាន​សន្យា​ជាមួយ​នឹង Bee ថា​នឹង​ទៅ​កម្សាន្ដ​នៅ​ទ្វីប​អង់​តា​ក់ទិច ប្រសិន​បើ​នាង​ទទួលបាន​និទ្ទេស “A” ចំពោះ​របាយការណ៍​របស់​នាង ជា​ការពិត Bee អាចធ្វើ​បាន ប៉ុន្ដែ Bernadette បាន​បាត់​ខ្លួន​។
Bee ស្វែងរក​អ្នក​ម្ដាយ​របស់​នាង ហើយ​បាន​ប្រឈមមុខ​ជាមួយ​នឹង​ពិភពលោក​ដែល​តម្រង់​មក​រក​នាង​៕

Continue Reading

Entertainment

តើ​អ្នកដឹង​ទេ​?

​មាន​តារា​ចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ​ជាច្រើន​នៅលើ​ពិភពលោក ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​មាន​តារា​ចម្រៀង​ខ្លះ​បាន​និពន្ធ​ចម្រៀង​សម្រាប់​តារា

​មាន​តារា​ចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ​ជាច្រើន​នៅលើ​ពិភពលោក ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​មាន​តារា​ចម្រៀង​ខ្លះ​បាន​និពន្ធ​ចម្រៀង​សម្រាប់​តារាចម្រៀង​ល្បី​ផ្សេងទៀត​ដែរ​ទេ​? មិនមែន​តារាចម្រៀង​ទាំងអស់​សុទ្ធតែ​ចេះ​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​នោះទេ ប៉ុន្តែ​សម្រាប់​នាង Sia វិញ នាង​ជា​តារាចម្រៀង​ប្រកប​ដោយ​ទេព​កោ​ល​សល្យ​ដ៏​អស្ចារ្យ ហើយក៏​ជា​អ្នកនិពន្ធ​ចម្រៀង​ដ៏​ឆ្នើម​ម្នាក់​ផង​ដែរ​។ នាង​ជា​តារាចម្រៀង​ដែល​មានសំនៀង​ដ៏​ពិរោះ និង​មិន​ដែល​បង្ហាញមុខ​ឱ្យ​គេ​ឃើញ​ឡើយ​។ នាង​បាន​សរសេរ​បទ​ចម្រៀង​ល្បីៗ​ជាច្រើន​ឱ្យ​តារាចម្រៀង​ដទៃទៀត​ជាច្រើន​។ លោកអ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​មិន​ខាន​ជាមួយ​ឈ្មោះ​បទ​ចម្រៀង​ខាងក្រោម​ដែល​នាង Sia បាន​សរសេរ​ដែល​បទ​ទាំងនោះ​មាន​តាំង​ពី​បទ​ឈឺចាប់ បទ​ដែល​ត្រូវ​ប្រើ​សំឡេង​ខ្ពស់ និង​បទ​សប្បាយៗ​បែប​ទាក់ទាញ​ជាច្រើន​។


​បទ​ចម្រៀង​ល្បីៗ​ដែល​នាង Sia និពន្ធ​៖
​បទ “Expertease (Ready, Set, Go)” ច្រៀង​ដោយ Jennifer Lopez
​បទ “Opportunity” ច្រៀង​ដោយ Quvenzhané Wallis
​បទ “Diamonds” ច្រៀង​ដោយ Rihanna
​បទ “Making the Most of the Night” ច្រៀង​ដោយ Carly Rae Jepsen
​បទ “Chasing Shadows” ច្រៀង​ដោយ Shakira
​បទ “Get Over U” ច្រៀង​ដោយ Neon Hitch
​បទ “Blank Page” ច្រៀង​ដោយ Christina Aguilera
​បទ “Brightest Morning Star” ច្រៀង​ដោយ Britney Spears
​បទ “My Heart Is Open” ច្រៀង​ដោយ Maroon 5 និង Gwen Stefani
​បទ “Double Rainbow” ច្រៀង​ដោយ Katy Perry
​បទ “Kiss Me Once” ច្រៀង​ដោយ Kylie Minogue
​បទ “Battlefield” ច្រៀង​ដោយ Lea Michele
​បទ “Boy Problems” ច្រៀង​ដោយ Carly Rae Jepsen
​បទ “Perfume” ច្រៀង​ដោយ Britney Spears
​បទ “Pretty Hurts” ច្រៀង​ដោយ Beyoncé
​បទ​ចម្រៀង​ជាច្រើន​ទៀត​ដែល​និពន្ធ​ដោយ​នាង Sia៖
​បទ “Godzillionaire” ច្រៀង​ដោយ Brooke Candy
​បទ “Guitars and Microphones” ច្រៀង​ដោយ Kate Pierson
​បទ “We Are One (Ole Ola)” ច្រៀង​ដោយ Pitbull, Jennifer Lopez និង Claudia Leitte
​បទ “Pop Rock” ច្រៀង​ដោយ Brooke Candy
​បទ “Matrix” ច្រៀង​ដោយ Kate Pierson
​បទ “Acid Rain” ច្រៀង​ដោយ Alexis Jordan
​បទ “Any Day Now” ច្រៀង​ដោយ Cheyenne Jackson
​បទ “I Will Get Over You” ច្រៀង​ដោយ Prischilla Ahn
​បទ “These Hands I Hold” ច្រៀង​ដោយ Bo Bruce
​បទ “Gentlemen” ច្រៀង​ដោយ Jessica Sanchez
​បទ “Crush Me With Your Love” ច្រៀង​ដោយ Kate Pierson
​បទ “Bound to You” ច្រៀង​ដោយ Christina Aguilera
​បទ “God Made You Beautiful” ច្រៀង​ដោយ Beyoncé
​បទ “She’s Pretty, She Lies” ច្រៀង​ដោយ Cheyenne Jackson
​បទ “Freeze You Out” ច្រៀង​ដោយ Marina Kaye
​បទ “Rise Up” ច្រៀង​ដោយ Beyoncé
​បទ “Knock You Out” ច្រៀង​ដោយ Bingo Players


​បទ “Don’t Look at Me” ច្រៀង​ដោយ Cheyenne Jackson
​បទ “Kill, F—k, Marry” ច្រៀង​ដោយ Nikki Williams
​បទ “Rock Bottom” ច្រៀង​ដោយ Marco Mengoni
​បទ “Unite” ច្រៀង​ដោយ Jessie J
​បទ “Bottoms Up” ច្រៀង​ដោយ Kate Pierson
​បទ “Stronger Than Ever” ច្រៀង​ដោយ Christina Aguilera
​បទ “You’re Mine” ច្រៀង​ដោយ Lea Michele
​បទ “Opulence” ច្រៀង​ដោយ Brooke Candy
​បទ “Mister Sister” ច្រៀង​ដោយ Kate Pierson
​បទ “Break the Walls” ច្រៀង​ដោយ Fitz and the Tantrums
​បទ “Strange Birds” ច្រៀង​ដោយ Birdy
​បទ “Radioactive” ច្រៀង​ដោយ Rita Ora
​បទ “Round Your Little Finger” ច្រៀង​ដោយ Katharine McPhee
​បទ “Tears Fall” ច្រៀង​ដោយ Jacquie Lee
​បទ “Breathe” ច្រៀង​ដោយ Jessie J
​បទ “Firecracker” ច្រៀង​ដោយ Cheryl
​បទ “You Don’t Know” ច្រៀង​ដោយ Will Young
​បទ “The Game” ច្រៀង​ដោយ Kelly Rowland
​បទ “You Lost Me” ច្រៀង​ដោយ Christina Aguilera
​បទ “Bring Your Arms” ច្រៀង​ដោយ Kate Pierson
​បទ “Let Me Love You (Until You Learn to Love Yourself)” ច្រៀង​ដោយ Ne-Yo
​បទ “All I Need” ច្រៀង​ដោយ Christina Aguilera
​បទ “Green Card” ច្រៀង​ដោយ Oh Land
​បទ “Standing on the Sun” ច្រៀង​ដោយ Beyoncé


​បទ “Invincible” ច្រៀង​ដោយ Kelly Clarkson
​បទ “Loved Me Back to Life” ច្រៀង​ដោយ Celine Dion
​បទ “Utopia” ច្រៀង​ដោយ Belinda
​បទ “Time Wave Zero” ច្រៀង​ដោយ Kate Pierson
​បទ “Flashlight” ច្រៀង​ដោយ Jessie J
​បទ “Cannonball” ច្រៀង​ដោយ Lea Michele
​បទ “Who Am I?” ច្រៀង​ដោយ Jamie Foxx, Cameron Diaz និង Quvenzhané Wallis
​បទ “I Am” ច្រៀង​ដោយ Christina Aguilera
​បទ “If You Say So” ច្រៀង​ដោយ Lea Michele
​បទ “Let Your Tears Fall” ច្រៀង​ដោយ Kelly Clarkson
​បទ “I Am Me” ច្រៀង​ដោយ Willow
​បទ “The City’s Yours” ច្រៀង​ដោយ Jamie Foxx និង Quvenzhané Wallis
​បទ “Try Everything” ច្រៀង​ដោយ Shakira
​បទ “Passenger” ច្រៀង​ដោយ Britney Spears
​បទ “Pulls You Under” ច្រៀង​ដោយ Kate Pierson
​បទ “Sexercise” ច្រៀង​ដោយ Kylie Minogue
​បទ “Throw Down the Roses” ច្រៀង​ដោយ Kate Pierson​

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.