Connect with us

WOMEN IN BUSINESS

​បុគ្គលិក​លក្ខណៈពិសេស​៨​យ៉ាង​ដែល​ធ្វើឱ្យ​ ស្ត្រី​មាន​ភាព​ជោគជ័យ

បុគ្គលិក​លក្ខណៈពិសេស​៨​យ៉ាង ធ្វើឱ្យ​អ្នក​មាន​អនាគត​វែងឆ្ងាយ​​ក្នុង​កន្លែង​​​ការងារ រួម​ទាំង​ទំនាក់ទំនង​ក្នុង​ជីវិត​។​ ​

បុគ្គលិក​លក្ខណៈពិសេស​៨​យ៉ាង ធ្វើឱ្យ​អ្នក​មាន​អនាគត​វែងឆ្ងាយ​​ក្នុង​កន្លែង​​​ការងារ រួម​ទាំង​ទំនាក់ទំនង​ក្នុង​ជីវិត​។​ ​

១. ការចេះ​ពឹងពាក់​លើ​ខ្លួនឯង​
​ ​ស្ត្រី​ដែល​អាច​មើលថែ​ខ្លួនឯងបាន ហើយ​អាច​មាន​ការ​ពឹងពាក់​ចំពោះ​មនុស្ស​ទាំង​លាយ នៅ​ជុំវិញ​បាន​ដោយ​ខ្លួនឯង​បាន​ទៀត​នោះ គឺ​ពិតជា​បុគ្គលិកលក្ខណៈ​មួយ​ដ៏​ល្អ​។ ពិតណាស់ វា​គឺជា​រឿង​សាមញ្ញ ក្នុង​ការរស់នៅ​ដោយ​ស្ថិតនៅ​ក្នុង​ការ​មើលថែទាំ និង​ការបើក​ចិត្ត​
​របស់​អ្នក​ឱ្យ​ទូលាយ ប៉ុន្តែ​ប្រសិនបើ​មាន​អ្វី​ជា​ចាំបាច់​ដែល​អ្នក​ត្រូវ​ធ្វើ​វា​ដោយ​ខ្លួនឯង បើទោះបី​វា​ជា​ការ​កើត​មាន​ការប្រឈមមុខ​ឡើង​ដោយ​ខ្លួនឯង ឬ​រៀនសូត្រ​ជំនាញ​ថ្មី ឬក៏​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ណាមួយ​ដោយ​ខ្លួនឯង​នោះ អ្នក​ចាំបាច់​ត្រូវតែ ម៉ឺងម៉ាត់​និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​បន្តិច​ហើយ​។ សមត្ថភាព​ដែល​អាច​ធ្វើ​អ្វីៗ​បាន និង​សម្រេចបាន​ដោយ​ខ្លួនឯង​គឺជា​បុគ្គលិកលក្ខណៈ​ដ៏​សំខាន់​មួយ​ដែល​នឹង​ធ្វើឱ្យ​ជីវិត​របស់​អ្នក​កាន់តែ​ស្រស់ត្រកាល​ទ្វេ​ដង​ជា​និរន្តរ៍​នា​អនាគត​។

២. ត្រូវ​មាន​មហិច្ឆតា
​ ​ត្រូវ​មាន​គោលបំណង​ជាក់លាក់​ណាមួយ និង​ធ្វើ​យ៉ាងណា​ឈោង​ចាប់​វា​ឱ្យបាន​! ពេលខ្លះ​អ្នក​មិន​អាច​សម្រេចបាន​នូវ​អ្វី​ដូចដែល​បាន​រំពឹង​ទុក​ទាំង​ស្រុង​នោះទេ ប៉ុន្តែ​អ្នក​អាច​ពង្រឹង​និង​ពង្រីក​សមត្ថភាព​របស់​អ្នក​ជា​បណ្តើរៗ ឬ​ក៏​រត់​ទៅ​រក​អ្វី​ដែល​ល្អ​សម្រាប់​អ្នក​។ ប្រសិនបើ​អ្នក​កំពុង​រត់​ទៅ​រក​អ្វី​ដែល​អ្នក​ស្រលាញ់​ហើយ​មាន​ការកំណត់​គោលដៅ​ច្បាស់លាស់​ទៀត​នោះ ប្រាកដ​ណាស់ វា​នឹង​ធ្វើឱ្យ​ជីវិត​របស់​អ្នក​កាន់តែ​មាន​ភាពរស់រវើក មាន​ការប្រកួតប្រជែង​និង​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​ទទួលលទ្ធផល​ដោយ​សមប្រកប​ថែមទៀត​ផង​។ អនាគត​មើលមិនឃើញ ហើយ​យ៉ាងណាក្តី​ក៏​អ្នក​នៅ​មាន​ពេល​ដើម្បី​ឈោង​តាម​ក្តី សុបិន​របស់​អ្នក​ហើយ​វា​ក៏​ជា​វេលា​មួយ​ដែល​អ្នក​ត្រូវ​សាកល្បង​ហែល​ឆ្លង​នូវ​រលក​ជីវិត​ថ្មីៗ​ផងដែរ​ហើយ​។

៣. ដឹង​ច្បាស់​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​
​ ​មាន​មនុស្ស​ជាច្រើន​ដែល​រស់នៅ​ក្នុង​សភាព​ជីវិត​ដែល​ឋិត​នៅក្នុង​ភាព​រំពឹង​រង់ចាំ​ហើយ មិន​សប្បាយចិត្ត​ដោយ​សារ​គ្មាន​គោលដៅ​ច្បាស់លាស់ ឬ សម្រេច​ចិត្ត​លើ​បញ្ហា​សាមញ្ញ មួយ​ក៏ដោយ​។ ជីវិត​គឺ​មាន​តម្លៃ​ខ្លាំងណាស់ ដូចនេះ​គួរតែ​ផ្តោតអារម្មណ៍​លើ​អ្វី​ដែល​អ្នក​ចង់​បាន និង​ធ្វើឱ្យ​មនុស្សម្នា​បាន​ដឹង ឬ​ចាប់ផ្តើម​ចូលរួម​ធ្វើ​ការងារ​ជាមួយ​មនុស្ស​ដែល​ចង់​បាន​ភាព សកម្ម​ក្នុង​ការងារ​ជាដើម​។ អ្នក​សុទ្ធតែ​មាន​គោលបំណង​ចង់​សម្រេច​អ្វី​មួយ​ដែល​លទ្ធផល អាច​ក្លាយជា​កំហុស ឬក៏​អាច​ជា​ភាពជោគជ័យ​មួយ​ក៏​ថា​បាន​។ ប៉ុន្តែ​ទោះជា​យ៉ាង ណា ក្តី​លទ្ធផល នៅតែ​ជា​អាថ៌កំបាំង លុះត្រាតែ​អ្នក​ហ៊ាន​ដាក់ចិត្ត​ឆ្លងកាត់​ឧបសគ្គ ទើប​អ្នក​ដឹងថា​លទ្ធផល​ចុងក្រោយ​ក្លាយទៅជា​អ្វី​ដោយ​ច្បាស់លាស់​បាន​។ សូម​កុំ​បារម្ភ ច្រើន​ចំពោះ​អ្វី​ដែល​អ្នក​ដទៃ​ប្រាប់ ពីអ្វី​ដែល​អ្នក​ចង់​បាន ព្រោះ​ថា​អ្នក​គឺ​ជា​ម្ចាស់​ជីវិត​របស់​អ្នក ដូច នេះ​អ្នក​ត្រូវ​មាន​ភាពម៉ឺងម៉ាត់ ដោយ​ខ្លួនឯង​។ ហើយ​ជា​ការពិត អ្នក​ក៏ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ ដើម្បី​ទទួល​យកដំបូន្មាន ក៏ដូចជា​រៀនសូត្រ​ពី​បទ​ពិសោធន៍​ពី​អ្នកដទៃ​ផងដែរ ប៉ុន្តែ​ត្រូវ​ចាំ​ថា ឆ្ពោះ​ទៅ​មក​សម្រាប់ រសជាតិ​ជីវិត​ដែល​អ្នក​ចង់​បាន ដោយ​មិនមែន​ជាក្តី​សុបិន​របស់អ្នក ដទៃ​ដែល​គេ​ប្រាប់​អ្នក​អោយ ធ្វើ​នោះ​ទេ​។

៤. ត្រូវ​មាន​ភាពស្មោះត្រង់
​ ​ដៃគូ មិត្ត​ភ័ក្តិ មិត្ត​រួម​ការងារ​ដែល​ស្មោះត្រង់​ហើយ​អាច​ទុកចិត្តបាន គឺ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មនុស្ស​ដែល​មាន​តំលៃ​។ ប្រសិនបើ​មនុស្ស​ទាំងឡាយ​ដឹងថា គេ​អាច​ទុកចិត្ត​លើ​អ្នក​​បាន នោះ​អ្នកនឹង​ក្លាយជា​មនុស្ស​សំខាន់​នៅក្នុង​កន្លែង​ធ្វើ​ការងារ ឬក៏​មិត្ត​ភ័ក្តិ​ឬក៏​មនុស្ស​ជា​ទី​​ស្រលាញ់​របស់​គេ​ជាមិនខាន​។ ភាពស្មោះត្រង់​មិនមែន​សំដៅ​ចង់ឱ្យ​អ្នក​នៅ​ស្ងៀម​អង្គុយចាំតែ​ស្តាប់​រឿងរ៉ាវ​របស់​អ្នក​ដទៃ​ឡើយ​។ ត្រូវមាន​ការប្រុងប្រយ័ត្ន មិន​ត្រូវ​ឱ្យ​អ្នកដទៃ​ឆ្លៀត​ឱកាស​ទាញយក​ផលប្រយោជន៍​ពី​ភាពស្មោះត្រង់​របស់​អ្នក​ឡើយ​។ អ្នក​ត្រូវ​ប្រាកដ​ជាក់​ក្នុង​ចិត្ត​ថា​អ្នក​ទទួលបាន​ការគោរព និង​ភាពជឿជាក់ ដោយ​មិន​ត្រូវ​ឱ្យ​គេ​ប្រើប្រាស់​អ្នក​ឡើយ ឧទាហរណ៍​ពេល​គេ​ត្រូវការ​ក៏​មក​រក​អ្នក​ហើយ​ចាត់ទុក​អ្នក​ជា​ប្រៀបដូចជា គ្រូពេទ្យ​ចិត្តសាស្ត្រ​ដែល​ចាំតែ​ពិភាក្សា​រឿង​ទុក្ខសោក​របស់គេ​។​ ​

៥. ភាពក្លាហាន​ក្នុង​ការបញ្ចេញ​គំនិត​របស់​អ្នក​
​ ​ប្រសិនបើ​អ្នក​ឃើញ​នរណា​ម្នាក់​មាន​ការឈឺចាប់ ឬ​ក៏​ទទួលរង​នូវ​ការរើសអើង ឬ​នរណា​ម្នាក់​ទទួល​រង​ការស្តីបន្ទោស​ដោយ​មិន​សមគួរ ដែល​អ្នក​មិន​យល់​​ស្រប​ជាមួយ​នោះ អ្នក​គួរ​និយាយ​វា​ចេញមក​។ យ៉ាងណាមិញ វា​ក៏​មាន​សារៈសំខាន់​ផងដែរ​ក្នុង​ការប្រើ​សម្លេង​របស់​អ្នក ក៏​ដូច​ជា​របៀប​និយាយ​របស់​អ្នក​ទៅ​កាន់​អ្នកដទៃ​ផងដែរ ព្រោះថា​​ការប្រើ​សម្លេង​ឬ​សំដី​ធ្ងន់ៗ គឺ​មិនមែន​ជា​ដំណោះស្រាយ​ដ៏​ល្អ​នោះ​ទេ គួរណា​ប្រើប្រាស់​ធម៌​​ត្រជាក់​ដោយ​និយាយ​នូវ​ពាក្យពេចន៍​ដូចជា​៖ “​ខ្ញុំ​មិន​យល់ស្រប​នោះទេ ហើយ​ខ្ញុំ​គិតថា​”​។ ពិតណាស់ កាយវិការ​និង​សកម្មភាព​របស់​អ្នកនឹង​បញ្ជាក់​ឱ្យឃើញ​ពី​បំណង​ពិត​របស់​អ្នក ឬក៏ ត្រូវបាន​គេ​ផ្តល់​តំលៃ​អ្នក​ចំពោះ​អាកប្បកិរិយា​របស់​អ្នក​ផងដែរ​។ ប៉ុន្តែ​បើ​ទោះជា​យ៉ាងណាក្តី ការនិយាយស្តី​នូវ​អ្វី​ដែល​អ្នកមាន​គោលជំហរ​ខ្ពស់ និង​ការ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​គឺ​ពិតជា មហិមា​ខ្លាំង ណាស់ ព្រោះថា​ជីវិត​យើង​ម្នាក់ៗ​ពិតជា​មាន​ន័យ នៅពេលដែល​យើង​ក្រោកឈរ ឡើង​ដើម្បី​ប្រឈមមុខ​នឹង​អ្វី​មួយ​ឬ​ក៏​នរណា​ម្នាក់​ដែល​ចូលចិត្ត​ធ្វើបាប​ផ្លូវចិត្ត​អ្នកដទៃ​ជាជាង​អង្គុយ​ស្ងៀម​មិន​និយាយស្តី​យករួចខ្លួន​។ ហើយ​ពេល​ខ្លះ​នៅពេល​ដែល​អ្នក​មិន​ធ្វើ​អ្វី​សោះ​គឺ​មាន ន័យថា​អ្នក​យល់​ស្រប​នឹង​ទង្វើ​របស់​គេ​។​

៦. ត្រូវ​មាន​ភាព​វៃឆ្លាត​
​ ​ត្រូវ​គិត​រាក់​ជ្រៅ​ចំពោះ​សកម្មភាព និង​ការនិយាយស្តី​ឱ្យបាន​ត្រឹមត្រូវ​។ បើ​ទោះ​ជា​អ្នក​ធ្លាប់​ធ្វើ​ការសម្រេចចិត្ត​ពីមុន​មក​ឬក៏​កំពុង​តែ​គិត​វែងឆ្ងាយ​អំពី​អ្វី​មួយ​ទៅ​ថ្ងៃ​អនាគត​នោះ​ដូចនេះ​អ្នក​ត្រូវ​ការចេះ​គិត​ស៊ីជម្រៅ​ហើយ​សម​ហេតុផល​ទៅ​តាម​អ្វី​ដែល​នឹង​បំរុង​នឹង​កើតមាន​ឡើង​ទៅ​ថ្ងៃមុខ​។ ប្រើប្រាស់​បញ្ញាញាណ​និង​គតិយុត្តិ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រចាំថ្ងៃ របស់​អ្នក​ទៅ​តាម​ការ​សមគួរ​ទើប​ជា​ការប្រសើរ​។ ការ​ធ្វើ​អ្វី​ភ្លាមៗ ស្តែង​តាមរយៈ​សន្ទុះ​ចិត្ដ របស់​អ្នក​ក៏​មិនមែន​ជា​រឿង​ទាស់ខុស​អ្វី​នោះ​ទេ ហើយ​ការចេះ​ប្រើ​បញ្ញា និង អត្តនោម័ត ក្នុងពេល​តែមួយ​ក៏​វា​ជា​រឿង​ល្អ​ផង​ដែរ​។ ដូចនេះ​ត្រូវ​អ្នក​ប្រាកដ​ខ្លួនឯង​ថា​អ្នក​ជា​មនុស្ស​ដែល ចេះ​គិត​ពិចារណា រហ័ស សម​ហេតុ​សម​ផល នៅក្នុង​ពេល​ដែល​តំរូវ​ឱ្យ​សម្រេចចិត្ត ភ្លាម​ឬ​ការដោះស្រាយ បញ្ហា​អ្វីមួយ​នោះ​។

៧. ត្រូវ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​
​ ​ចំពោះ​មនុស្ស​ដែល​មាន​ទេពកោសល្យ​តិចតួច​អាច​នឹង​ត្រូវ​គេ​ទទួលស្គាល់​ថា​មាន​សមត្ថភាព​ពិតប្រាកដ​ប្រសិនបើ​គេ​មាន​ទំនុកចិត្ត​ផ្ទាល់ខ្លួន​ខ្ពស់​។ ចំណែក​ឯ​មនុស្ស​ខ្លះ​ទៀត​ដែល អៀន​ច្រើន​តែ​មាន​បទពិសោធន៍ និង​ពោរពេញ​ដោយ​សមត្ថភាព​អាច​នឹង​ត្រូវ​គេ​មើល​រំលង​ដោយសារ​ការ​ខ្មាស់អៀន និង​ចរិត​រម្យទម​របស់​ពួកគេ​។ សម្រាប់​បុរស​ក៏​ដូចគ្នា​ផងដែរ​គឺ​ពួកគេ​លង់​ស្រឡាញ់​នារី​ណា​ដែល​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។ ​។ ការ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង មិន​ត្រឹមតែ​ជា​លក្ខណៈសម្បត្តិ​មួយ​ពី​កំណើត​តែប៉ុណ្ណោះ នោះទេ ប៉ុន្តែ​ក៏​ជា​កំលាំងចិត្ត និង​ជំនឿ​នៅក្នុង​ខ្លួន​អ្នក​ផងដែរ​។​

៨. ចេះ​បារម្ភ​ពី​អ្នក​ដទៃ​ដោយ​អស់​ពី​ចិត្ត​
​ អាកប្បកិរិយា​ដែល​ល្អ​ជាង​គេ​បំផុត​នៅក្នុង​លោក​នេះ​គឺ​ការចេះ​យកចិត្តទុកដាក់​ចំពោះ​អ្នកដទៃ​។ ការចេះ​យកចិត្តទុកដាក់​ចំ​ពើ​អ្នកដទៃ​ជា​អាទិភាព​មួយ​នេះ បង្ហាញឱ្យឃើញ​ពី​សេចក្តីស្រលាញ់ ការបារម្ភ កំលាំងចិត្ត និង​ភាពក្លាហាន ។​ល​។ ពិភពលោក​ទាំងមូល​នឹង​កាន់តែ​ប្រសើរ​ឡើង នៅពេលដែល​មនុស្ស​ម្នាក់ៗ​ចាប់ផ្តើម​ចេះ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក​និង​ជា​ដរាប​។ បុគ្គលិកលក្ខណៈ​បែបនេះ​សុទ្ធ​តែ​មនុស្ស​ទាំងអស់​គ្នា​ទទួលស្គាល់ថា​ជា​ឥរិយាបថ​មួយ​ដ៏​ល្អ​ដូចជា​នៅក្នុង​ទំនាក់ទំនង កន្លែងធ្វើការ ព្រមទាំង​មនុស្សជាតិ​ទាំងមូល​ផង​ដែរ ។​ល​។ ការចេះ យោគយល់​ពី​អ្នក​ដទៃ អាច​បើក​ចិត្ត​មនុស្ស​ម្នាក់ៗ​ដែល​តែងតែ​មាន​រឿង​ក្នុង​​ចិត្ត រួមផ្សំ​ជាមួយ​ទុក្ខលំបាក​នៃ​ការ តស៊ូ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​ផង​ដែរ ហើយ​​វា​គឺជា​ឥរិយាបថ​មួយ​ដែល​បញ្ជាក់ថា សេចក្តីស្រលាញ់​គឺ​ជំងឺឆ្លង​យ៉ាង​ពិតប្រាកដ​៕ ​

WOMEN IN BUSINESS

​បង្រៀន​អ្នកដទៃ​ឱ្យមាន​ទឹកចិត្ត​រឹងមាំ​ដើម្បីឱ្យ​ពួកគេ​អាច​រក្សា​ភាព​ជា​ខ្លួនឯងបាន

​ស្ត្រី​ដ៏​ឈ្លាសវៃ និង​ស្មោះត្រង់​អ្នកស្រី Marie Cammal បាន​បង្ហើប​ឱ្យ​ទស្សនា​វ​ដ្តី​ឡេឌី​ស៍​ដឹង​ពី​ព័ត៌មាន​ខ្លះៗ​ទាក់ទង​នឹង​

“​អ្នក​ត្រូវ​តែ​ប្រាប់ និង​បង្រៀន​អ្នកដទៃ​ឱ្យមាន​ទឹកចិត្ត​រឹងមាំ​ដើម្បីឱ្យ​ពួកគេ​អាច​រក្សា​ភាព​ជា​ខ្លួនឯងបាន​។​”

​ស្ត្រី​ដ៏​ឈ្លាសវៃ និង​ស្មោះត្រង់​អ្នកស្រី Marie Cammal បាន​បង្ហើប​ឱ្យ​ទស្សនា​វ​ដ្តី​ឡេឌី​ស៍​ដឹង​ពី​ព័ត៌មាន​ខ្លះៗ​ទាក់ទង​នឹង​ដំណើរការ​គ្រប់គ្រង​អង្គកា​រសុខសប្បាយ របស់​អ្នកស្រី​។ ថ្វី​បើ​ការងារ​រាល់ថ្ងៃ​មិន​ងាយស្រួល​ប៉ុន្តែ​ការ​ដែល​បាន​មើលឃើញ​កុមារ​កម្ពុជា​បានប្រែក្លាយ​ជីវិត​ខ្លួន​ទៅ​ជា​មនុស្ស​ធំ​ដឹងក្តី​ឆ្លាត​វៃ ជោគជ័យ ប្រកប​ដោយ​ចិត្ត​សណ្តោស និង​មាន​អនាគត​ល្អ​គឺជា​សេចក្តីសុខ​មួយ​ដ៏​អស្ចារ្យ​របស់​អ្នកស្រី​។ អ្នកស្រី Marie Cammal មាន​ទេពកោសល្យ​មើល​ធ្លុះ​ពី​សមត្ថភាព​របស់​មនុស្ស​ម្នាក់ៗ​។ អ្នកស្រី​គឺជា​ស្ត្រី​អ្នកជំនួញ​ដ៏​អស្ចារ្យ​នៅ​កម្ពុជា និង​ជា​ស្ត្រី​ម្នាក់​ដែល​ទស្សនា​វ​ដ្តី​ឡេឌី​ស៍​យើងខ្ញុំ​ស្ញប់ស្ញែង​ចំពោះ​ការ​ខំប្រឹងប្រែង និង​ការចេះ​ដាក់ខ្លួន​របស់​អ្នកស្រី​។​


​តើ​អាច​ប្រាប់​យើងខ្ញុំ​បានទេ តើ​អ្នកស្រី​ធ្វើការ​អ្វី​ខ្លះ​?
​នាង​ខ្ញុំ​មាន​កន្លែង​ស្នាក់នៅ​សម្រាប់​កុមារ​ដែល​ត្រូវ​គេ​ធ្វើបាប ដូចជា​ត្រូវ​គេ​ជិះជាន់​ឱ្យធ្វើជា​ទាសករ ត្រូវ​ឪពុក​ម្តាយ​បោះបង់ចោល អត់ឃ្លាន ឬ​ត្រូវ​ឪពុក​ម្តាយ​ឃុំឃាំង​ទុក​។ កុមារ​ដែល​មក​កាន់​អង្គការ​នាង​ខ្ញុំ​គឺ​ភាគច្រើន​ទទួល​រង​អំពើហិង្សា​ក្នុង​គ្រួសារ​។ ទី​នេះ​ប្រៀប​ដូចជា​សាលា​ដែល​ផ្តល់​នូវ​កន្លែង​ស្នាក់នៅ និង​អាហារ​ដូច្នោះ​ឯង​។ កុមារ​ទាំងនោះ​អាច​ចេញ​ក្រៅ រួច​ចូលមក​ស្នាក់​នៅ​វិញ​បាន​។ អង្គការ​របស់​ខ្ញុំ​មានឈ្មោះ​ថា សុខ សប្បាយ​។ នាង​ខ្ញុំ​គ្រប់គ្រង​អង្គការ​នេះ​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ​។ សិស្ស​ដែល​ខ្ញុំ​ជួយ​ដំបូង​គេ​ពេល​នេះ​នាង​ទទួលបាន​បរិញ្ញាប័ត្រ​ហើយ ម្នាក់ទៀត​ទទួលបាន​បរិញ្ញាប័ត្រ ៤ ឆ្នាំ​ផ្នែក​មេធាវី ម្នាក់​ទៀត​ផ្នែក​ទេសចរណ៍ និង​ម្នាក់​ទៀត​នាង​ខ្ញុំ​ជួយ​សង្គ្រោះ​ពី​ការរំលោភបំពាន​ផ្លូវភេទ​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រីករាយ​ណាស់​។​


​តើ​អ្នកស្រី​ធ្វើ​បែប​ណា​ទើប​ទទួលបាន​ជោគជ័យ​ដ៏​សម្បើម​នេះ​? តើ​អ្នកស្រី​កសាង​វា​ឡើង​ដោយ​របៀប​ណា​?
​នេះ​គឺ​មក​ពី​ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព​របស់​ពួកគេ​។ ពួកគេ​ជា​ក្មេង​ឈ្លាសវៃ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​ជម្រុញ​ឱ្យ​ពួកគេ​សិក្សា​។ ពួកគេ​ខំប្រឹង​សិក្សា​មិន​ថា​យប់​មិន​ថា​ថ្ងៃ​។ មុខ​វិជ្ជា​ដែល​ពួក​គេ​សិក្សា​មានដូចជា​គណិតវិទ្យា ជីវវិទ្យា រូបវិទ្យា គីមីវិទ្យា ពួក​គេ​សិក្សា​រហូតដល់​ម៉ោង ៨​យប់​។ ពួកគេ​មាន​ថ្ងៃ​ឈប់សម្រាក​តែ​ពួកគេ​ចូលចិត្ត​សម្រាក​នៅក្នុង​អង្គការ​។ ខ្ញុំ​គ្រប់គ្រង​អង្គការ​នេះ​ដូចជា​គ្រួសារ​ដ៏​ធំ​មួយ​ដូច្នោះ​ឯង សិស្ស​ធំៗ​បង្រៀន​សិស្ស​តូចៗ សិស្ស​តូចៗ​បង្រៀន​សិស្ស​តូចៗ​ជាង​ពួកគេ​។ ពួក​យើង​បើក​ទូលាយ​ក្នុង​ការបង្រៀន​ពួកគេ​ផ្នែក​តន្ត្រី និង​តន្ត្រី​ក្លា​ស៊ិក​។ ពួកគេ​ភាគច្រើន​សុទ្ធ​តែ​ចេះ​លេង​ឧបករណ៍​តន្ត្រី​ដូចជា​ត្រែ ស្គរ ព្យា​ណូ វី​យូ​ឡុង និង​ប៉ី​។ យើងខ្ញុំ​ក៏​មាន​បង្រៀន​សិល្បៈជាតិ និង​មាន​តាំងពិព័រណ៍​ផ្នែក​សិល្បៈ​មួយឆ្នាំ​ម្តង​ផងដែរ​។ អង្គការ​នាង​ខ្ញុំ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សាំង​ហ្គា​ពួ​រ ហើយ​ក៏​ទទួលបាន​ប្រាក់​មូលនិធិ​ជា​ច្រើន​ពី​សាំង​ហ្គា​ពួរ​ផងដែរ​។ មួយ​ឆ្នាំ​ម្តង​យើងខ្ញុំ​តែងតែ​ទៅ​ចូលរួម​កម្មវិធី​រាត្រី​សប្បុរស​នៅ​សាំង​ហ្គា​ពួ​រ​។​


​តើ​អ្នកស្រី​ទទួលបាន​គំនិត​នេះ​ដោយ​របៀប​ណា​ដែរ​?
​រឿង​នេះ​គឺ​វែងឆ្ងាយ​ណាស់ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​នៅក្នុង​ជំរំ​ជនភៀសខ្លួន​អាស៊ី​ដែល​មាន​ទទួល​ជាតិ​សាសន៍​ជាច្រើន​ដូច​ជា​ជនជាតិ​ឡាវ កម្ពុជា វៀតណាម​។ ប៉ុន្តែ​សម្រាប់​ជំរំ​ជនភៀសខ្លួន​កម្ពុជា ខ្ញុំ​មាន​អារម្មណ៍​ថា​ជនជាតិ​កម្ពុជា​ត្រូវការ​ជំនួយ​ពី​ខ្ញុំ​ដូចជា​ការបង្ហាត់បង្រៀន​ធ្វើ​ជា​គិលានុបដ្ឋាក​ផ្តល់​ថ្នាំ​តាម​តំបន់​ជាក់លាក់​។ ខ្ញុំ​បាន​រៀន​ភាសា​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ឡុន​ដុន បន្ទាប់​មក​ខ្ញុំ​ចំណាយ​ពេល​ពីរ​បី​ឆ្នាំ​នៅ​ជំរំ​ជនភៀសខ្លួន​អាស៊ីអាគ្នេយ៍ រួច​ហើយ​ខ្ញុំ​សិក្សា​បន្ថែម​ពី​កម្ពុជា​។ ពី​មុន​ខ្ញុំ​តែងតែ​ធ្វើ​ដំណើរ​ចេញ​ចូល​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ២ ទសវត្សរ៍​មក​ហើយ​។​


​ការងារ​នោះ​ក៏​ចាប់ផ្តើម​រីកចម្រើន​តាំងពី​ពេលនោះ​មក​ឬ​?
​ពេលនេះ​ខ្ញុំ​លែង​ទទួលយក​ក្មេង​ទៀតហើយ​។ ការសង្គ្រោះ​កុមារ​ចុងក្រោយ​បំផុត​របស់​ខ្ញុំ​គឺ​តាំងពី​ឆ្នាំមុន​។ ឆ្នាំ​មុន​ខ្ញុំ​បាន​ជួយ​សង្គ្រោះ​កុមារ ១៥ នាក់​ពី​កន្លែង​ចាក់សម្រាម ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​។ ខ្ញុំ​ចូល​ចិត្ត​សង្គ្រោះ​កុមារ​ម្នាក់​បន្ទាប់​មក​ពង្រឹង​កន្លែង​ស្នាក់អាស្រ័យ​ឱ្យបាន​ល្អ​ប្រសើ​រសិន​សឹម​ទទួលយក​កុមារ​ម្នាក់ទៀត​។ ក៏​ប៉ុន្តែ​ឆ្នាំ​ទៅ​គឺ​មាន​លក្ខណៈ​ពិសេស​បន្តិច ព្រោះ​ខ្ញុំ​បាន​ចុះ​ទៅ​កន្លែង​ចាក់សំរាម​ថ្មី​ដែល​នៅ​ទីនោះ​មាន​កុមារ​អត់ឃ្លាន កុមារ​ត្រូវគេ​ធ្វើបាប និង​កុមារ​ដែល​មាន​ឪពុក​ម្តាយ​ជា​អ្នកប្រមឹក​ស្រា​។ ដូច្នេះហើយ​ទើប​ខ្ញុំ​ជួយ​ពួកគេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ខ្ញុំ​រវល់​កម្មវិធី​ប្រទេស​ឡាវ​មិន​អាច​ទទួល​ក្មេង​បន្ថែម​ទៀត​ឡើយ​។ កុមារ​ដែល​ខ្ញុំ​បាន​ជួយ​សង្គ្រោះ​សុទ្ធតែ​បាន​ចូលរៀន​មហាវិទ្យាល័យ​។ យើង​ត្រូវតែ​ជម្រុញ​ពួកគេ​ឱ្យ​សិក្សា​ទើប​ពួកគេ​អាច​ទទួលបាន​ជីវិត​ល្អប្រសើរ​ជាង​មុន​។ ពួកគេ​មិន​អាច​ត្រលប់​ទៅ​រក​សភាព​ដើម​វិញ​ឡើយ​។ ក្មេងៗ​ទាំងនោះ​សុទ្ធតែ​មកពី​គ្រួសារ​ក្រីក្រ​តោកយ៉ាក និង​រង​អំពើហិង្សា​ក្នុង​គ្រួសារ​។ ប្រសិនបើ​អ្នក​ផ្តល់​ការអប់រំ​ដល់​កុមារ​វ័យក្មេង​ទាំងនោះ ពួក​គេ​ច្បាស់​ជា​អាច​ផ្លាស់ប្តូរ​សហគមន៍​មួយ​នេះ ផ្លាស់ប្តូរ​គ្រួសារ​មួយ​នេះ ពួកគេ​អាច​ទិញ​ផ្ទះ​ទិញ​ដី​សម្រាប់​ឪពុក​ម្តាយ​របស់​ខ្លួន ហើយ​ឪពុក​ម្តាយ​របស់​ពួកគេ​អាច​បិទ​ភ្នែក​ទៅ​ប្រកប​ដោយ​កេរិ៍្តឈ្មោះ​ថ្លៃថ្នូ​រ​។ នេះ​ជា​ដំណើរការ​កាត់បន្ថយ​ភាពក្រីក្រ​មួយ​ដ៏​ល្អ​នៅ​ប្រទេស​កម្ពុជា​។ ពួកគេ​នឹង​ទទួលបាន​អនាគត​ល្អ ជា​ប្រជាជន​មាន​ទំនួល​ខុស​ត្រូវ ពួកគេ​អាច​ធ្វើ​ការបោះឆ្នោត និង​ក្លាយជា​ផ្នែក​មួយ​នៃ​សង្គមជាតិ និង​មិន​ត្រូវបាន​គេ​រើសអើង​។ ថ្វី​បើ​ប្រជាជន​ក្រីក្រ​គ្មាន​ជម្រើស ប៉ុន្តែ​ពេល​ដែល​ពួកគេ​ទទួលបាន​ការអប់រំ ពួកគេ​អាច​បញ្ចេញ​សំឡេង និង​យោបល់​បាន​។​


​ការជួយ​តាម​រយៈ​ការផ្តល់​មូលនិធិ​គឺជា​រឿង​ល្អ​បំផុត​។ ពេល​ដែល​យើងខ្ញុំ​មាន​មូលនិធិ យើង​អាច​លើកស្ទួយ​ផ្នែក​អប់រំ​ឱ្យ​កាន់តែ​ល្អ​។ តួ​យ៉ាង​ដួច​ឆ្នាំមុន ពួកយើង​ជួប​ការលំបាក​ដោយសារ​ខ្វះខាត​មូលនិធិ ដូច្នេះ​ហើយ​ការបង្រៀន​ផ្នែក​កីឡា និង​មុខវិជ្ជា​ដទៃ​ទៀត​ក៏​ធ្លាក់ចុះ​តាម​ហ្នឹង​ដែរ​។ ប្រសិនបើ​ពួកយើង​គ្មាន​ប្រាក់ ពួកយើង​មិន​អាច​បន្ត​កម្មវិធី​របស់​យើង​បានឡើយ​។ ការងារ​អ្វី​ក៏​ដោយ​គឺ​មិន​ឥតប្រយោជន៍​នោះទេ សំខាន់​អ្នក​ត្រូវតែ​ខំ​ប្រឹង និង​ពូកែ​ចំពោះ​ការងារ​នោះ​។ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ពួកគេ​ខំប្រឹង​រៀនសូត្រ​ដើម្បី​ឱ្យ​ខ្លួន​មាន​ភាពប្រសើរ​ជាង​មុន​។ តាម​ពិត​ខ្ញុំ​មិន​ដូចជា​ម្តាយ​ពួកគេ​ឡើយ​តែ​គឺ​ប្រៀប​ដូចជា​គ្រូបង្វឹក​ពួកគេ​។


​អ្នក​ត្រូវ​តែ​មាន​ភាពក្លាហាន មាន​ទំនុកចិត្ត​លើ​ខ្លួនឯង មាន​ស្មារតី​រឹងមាំ និង​មាន​អារម្មណ៍​សប្បាយៗ​ចំពោះ​ការងារ​នេះ​។ (​មិន​ប្រាកដ​ថា​គួរ​មាន​អារម្មណ៍​សប្បាយៗ​ច្រើន​ប៉ុណ្ណា​ឡើយ *​សើច​*)​។ ពេល​ដែល​អ្នក​ចាប់ផ្តើម​ហើយ​អ្នក​ច្បាស់​ជា​មិនដឹង​ថា​ចុងក្រោយ​អ្នក​នឹង​ក្លាយជា​អ្វី​ឡើយ​។ ពេល​ដែល​ចាប់ផ្តើម​ដំបូង​អ្នក​ប្រាកដជា​គិត​ថា​អ្នក​មិន​អាចធ្វើ​បាន​ឡើយ ប៉ុន្តែ​ពេល​ដែល​អ្នកឃើញ​ក្មេងៗ​ទាំងនោះ អ្នក​ក៏​អាចធ្វើ​បាន​ដោយ​ឯកឯង​។ អ្នក​ត្រូវ​តែ​ធ្វើ​ដើម្បី​កុមារ​ម្នាក់​នេះ ឬ​ក៏​ធ្វើ​ដើម្បី​កុមារ​ម្នាក់​នោះ ហើយ​មិន​យូរ​ទេ​អ្នក​ច្បាស់​ជា​អាចធ្វើ​បាន​សម្រាប់​ពួកគេ​គ្រប់គ្នា​។ តែ​នៅពេល​ដែល​អ្នក​ចាស់​ទៅ ការងារ​ទាំងនោះ​កាន់តែ​ពិបាក ព្រោះ​ថា​អ្នក​ឆាប់​អស់កម្លាំង​។​


​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​សប្បាយចិត្ត​ជាង​គេ​គឺ​នៅ​ពេល​ដែល​ក្មេងៗ​ទាំងនោះ​មក​លេង​នាង​ខ្ញុំ ដោយ​ពួកគេ​មាន​ការងារ​ធ្វើ ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​យ៉ាងខ្លាំង​។ នាង​ខ្ញុំ​គឺ​ប្រៀប​ដូចជា​ពូ​របស់​ពួកគេ​អ៊ីចឹង​។ ពួកគេ​តែងតែ​មកលេង​ខ្ញុំ​ម្តង ឬ​ពីរ​ដង​ជា​រៀងរាល់ឆ្នាំ ឬ​ពីរ​ឆ្នាំ​ម្តង​ព្រោះ​ពួកគេ​ដឹង​ថា​នាង​ខ្ញុំ​មាន​សុខភាព​រឹងមាំ និង​តែងតែ​នៅ​ជាមួយ​ពួកគេ ខ្ញុំ​មិនដែល​បោកប្រាស់​ពួកគេ​ឡើយ ខ្ញុំ​ប្រៀបដូចជា​លោកពូ​របស់​ពួកគេ​ដូច្នោះ​ឯង​។ ខ្ញុំ​គឺ​ជា​លោកពូ​របស់​ពួកគេ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជា​ឡូយ​ណាស់​ដឹង​ទេ​? ព្រោះ​គ្រប់​ពេល​ដែល​ខ្ញុំ​មើល​ឃើញ​ពួកគេ ធ្វើឱ្យ​ខ្ញុំ​គិត​ដល់​ខ្លួនឯង​ថា វ៉ា​វ ខ្ញុំ​ពិតជា​សម្រេច​បាន​ការងា​រ​ច្រើន​មែន​។​មាន​អ្នកខ្លះ​ក៏​ខ្ពស់ជាង​ខ្ញុំ *​សើច​*​។ នេះ​ជា​ការងារ​ដ៏​ហត់នឿយ ហើយ​ខ្ញុំ​ត្រូវធ្វើ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ពេល​ចប់​ការងារ​ពេល​យប់​នាង​ខ្ញុំ​ក៏​មាន​អារម្មណ៍​សប្បាយរីករាយ​។

អ្នក​មិន​ត្រឹមតែ​តស៊ូ​សម្រាប់​ខ្លួនឯង​ឡើយ តែ​ត្រូវ​តស៊ូ​ដើម្បី​អ្នក​ម្តាយ​ដទៃទៀត និង​ក្មេងៗ​ទាំងនោះ​។ អ្នក​ត្រូវ​តែ​ប្រាប់ និង​បង្រៀន​អ្នកដទៃ​ឱ្យមាន​ទឹកចិត្ត​រឹងមាំ​ដើម្បីឱ្យ​ពួកគេ​អាច​រក្សា​ភាព​ជា​ខ្លួនឯងបាន​។ ត្រូវ​ជួយ​អ្នកដទៃ​ឱ្យ​មាន​ភាពរឹងមាំ ជាពិសេស​គឺ​ស្ត្រី​តែម្តង​។ ចាប់ផ្តើម​ដោយ​ជំហាន​តូចៗ តស៊ូ​ដើម្បី​ខ្លួនឯង និង​មនុស្ស​ជុំវិញ​ខ្លួន​នោះ​អ្នក​នឹង​ទទួលបាន​ជោគជ័យ​។ សម្រាប់​នាង​ខ្ញុំ នៅលើ​ពិភពលោក​នេះ​ឱ្យ​តែ​យើង​មាន​ឆន្ទៈ គ្រប់យ៉ាង​នឹងមាន​មធ្យោបាយ​៕

Continue Reading

WOMEN IN BUSINESS

គន្លឹះ​តស៊ូ​សម្រាប់​ស្ត្រី​អ្នកជំនួញ​

របៀប​ឈានដល់​ចំណុច​កំពូល​

របៀប​ឈានដល់​ចំណុច​កំពូល​

1-​រៀន​និយាយថា “Yes”
​ឱកាស​ល្អ​មិន​មែន​ចេះ​តែ​កើតមាន​ចំពោះ​អ្នក​ជា​រៀងរាល់​ថ្ងៃ​នោះ​ទេ ដូច្នេះ​នៅពេលដែល​មាន​ឱកាសល្អ​ហើយ អ្នក​មិន​ត្រូវ​ខ្លាច​នឹង​និយាយ​ថា​យល់ព្រម​ឡើយ​។ អ្នក​អាច​ពិចារណា​ហេតុផល​មួយចំនួន​ដូចជា នរណា អ្វី ពេលណា កន្លែង​ណា របៀប​ណា និង​ថ្ងៃក្រោយ​។ មិន​ត្រូវឱ្យ​ភាពភ័យខ្លាច​មក​រារាំង​អ្នក​ឡើយ ចូរ​ទទួល​យក​ឱកាស​ថ្មីៗ ថា​មិន​ត្រូវ​ឱកាស​នេះ​នឹង​នាំ​អ្នក​ទៅ​កាន់​កន្លែង​មួយ​ដែល​អ្នក​នឹកស្មាន​មិន​ដល់​។

2-​ធ្វើឱ្យ​គេ​ចាប់​អារម្មណ៍​
​ត្រូវ​ហ៊ាន​ធ្វើខ្លួន​ឱ្យ​លេចធ្លោ បង្ហាញ​ស្នាដៃ​របស់​អ្នក​។ ប្រសិនបើ​អ្នក​មិន​លើកតម្កើង​ខ្លួនឯង​ទេ តើ​នរណា​នឹង​លើកតម្កើង​អ្នក​? អ្នក​អាច​ឱ្យ​បណ្តាញ​សង្គម​ជួយ​ផ្សព្វផ្សាយ​ពី​សម្តី ឬ​ស្នាដៃ​របស់​អ្នក​បាន​។ ជ្រើសរើស​ស្នាដៃ​ល្អៗ ដើម្បី​ទទួលបាន​លទ្ធផល​គាប់​ចិត្ត​។​


3-​កំណត់​គោលដៅ​របស់​អ្នក​
​ចូរ​កំណត់​គោលដៅ​របស់​អ្នកជា​ជំហានៗ ព្រមទាំង​កំណត់​រយៈពេល​ជាក់លាក់​មួយ​ដើម្បី​សម្រេច​​​​គោលដៅ​ទាំងនេះ​។ ធ្វើ​បែប​នេះ​អាច​ជួយ​ឱ្យ​អ្នក​អភិវឌ្ឍ​ខ្លួនឯង និង​ការពារ​ខ្លួន​អ្នក​ពី​ការដើរ​ខុស​ផ្លូវ​។​

4-​ជឿជាក់​លើ​សភាវគតិរ​បស់​អ្នក​
​ប្រសិន​បើ​រឿង​មួយ​អ្នក​ស្តាប់​មើលទៅ​ល្អ​ពេក​មិន​គួរឱ្យ​ជឿ ចឹង​អ្នក​ប្រហែលជា​មិន​គួរ​ជឿ​នោះទេ​។ ប្រសិនបើ​អ្នក​សង្ស័យ ចូរ​ស្តាប់​តាម​វិចារណញ្ញាណ​របស់​អ្នក​។ សាកសួរ​អ្នក​ផ្ទៃក្នុង​ដែល​នៅក្នុង​ឧស្សាហកម្ម​នេះ​ដើម្បី​ស្វែងរក​ដៃគូ​ជំនួញ ឬ​ដៃគូ​សហការ​ដែល​អាច​ឱ្យ​អ្នក​ជឿជាក់​បាន​។

5-​ធ្វើ​អារម្មណ៍​ឱ្យ​រីករាយ​
​យើង​ដឹង​ថា​អ្នក​ខំ​ប្រឹងប្រែង​ធ្វើការ ប៉ុន្តែ​ក៏​កុំ​ភ្លេច​ធ្វើ​អារម្មណ៍​ឱ្យ​រីករាយ​ជាមួយនឹង​ការងារ​នេះ​ផង​ដែរ​។ បើ​មិន​ដូច្នោះ​ទេ អ្នក​អាច​នឹង​ងាយ​អស់កម្លាំង​មុន​នឹង​មក​ដល់​ទី​គោលដៅ​៕

Continue Reading

WOMEN IN BUSINESS

ស្រី្ត និង​ភាពជោគជ័យ​ក្នុង​វិស័យ​ហ្វេ​ហ្សិន

​តើ​ពួកគេ​ជា​នរណា​? តើ​ពួកគេ​ទទួល​ជោគជ័យ​បាន​ដោយ​របៀប​ណា​? តើ​វា​ជា​សំណាង​ឬ ការខិតខំ​ប្រឹងប្រែង ឬ​ក៏​ដោយសារ​កិត្តិយស​កេរ្តិ៍ឈ្មោះ​?

​តើ​ពួកគេ​ជា​នរណា​? តើ​ពួកគេ​ទទួល​ជោគជ័យ​បាន​ដោយ​របៀប​ណា​? តើ​វា​ជា​សំណាង​ឬ ការខិតខំ​ប្រឹងប្រែង ឬ​ក៏​ដោយសារ​កិត្តិយស​កេរ្តិ៍ឈ្មោះ​? ទាំងនេះ សុទ្ធតែ​ជា​ស្ត្រី​ដែល​លោត ដល់​ចំនុចកំពូល និង​សម្រេច​ការងារ​របស់​ពួកគេ​បាន​ផល​ដ៏​ជោគជ័យ​។ សូម​ប្រិយមិត្ត​បង្វែ អារម្មណ៍ មក​អាន​នូវ​ខ្លឹមសារ​សាច់​រឿង​របស់​ស្រី្ត​ដែល​មាន​ភាព​ជោគជ័យ​ក្នុង​វិស័យ​ហ្វេ​ហ្សិន ដូចតទៅ​៖

​សមត្ថភាព​ពិត​នៃ​ការ​ប្រឌិត​ផ្សំ
​អ្នកនិពន្ធ Suzy Menkes គឺជា​ស្ត្រី​ដែល​មាន​ការយកចិត្តទុកដាក់​ខ្ពស់​ហើយ​លោកស្រី​ជា​ស្ត្រី​ម្នាក់ ដែល​ជា​ដំណាង​នៃ​និមិត្តរូប​ក្នុង​វិស័យ​ហ្វេ​ហ្សិន​មួយ​ផង​ដែរ​។ លោកស្រី Mekes គឺជា​អ្នក​យក ព័ត៌មាន​ជនជាតិ​អង់គ្លេស​ម្នាក់​និង​ជា​អ្នកសរសេរ​អត្ថបទ​វិវេចនា​ទាក់ទង​នឹង​ហ្វេ​ហ្សិន​ដ៏​គួរឱ្យ​គោរព​ម្នាក់​។ អ្វីៗ​ទាំងអស់​ត្រូវបាន​ចាប់ផ្តើម​នៅពេល​ដែល​លោកស្រី​ផ្លាស់ប្តូរ​ទីលំនៅ​មកកាន់ ទីក្រុង​ប៉ារីស​នៅ​អំឡុង​ឆ្នាំ​ទសវត្សរ៍​ទី​៦០​នៅ​ខណៈ​ពេល​ដែរ​ម្ចាស់ផ្ទះ​របស់​លោកស្រី​បាន​ជួយ​ទំនុកបំរុង​លោកស្រី​អោយបាន​ចូល​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ប្រេន​ដ៍ Nina Ricci ដែល​ជា​ស្នាដៃ​កូឡិក​សិន​របស់អ្នក​រចនា​ម៉ូដ​ជនជាតិ​បារាំង​។ ចាប់តាំងពី​ពេលនោះ​មក លោក​ស្ត្រី​ចាប់ផ្តើម​មាន​ចិត្ត​ស្រលាញ់​ហ្វេ​ហ្សិន ។​

Suzy Menkes គឺជា​អ្នកនិពន្ធ​ផ្នែក​ហ្វេ​ហ្សិន​ដ៏​ល្អ​បំផុ​តម្នាក់​ក្នុង​លោក​។ មូលហេតុ​ដែលនាំអោយ លោកស្រី​ទទួល​បាន​ភាព​ស្ញប់ស្ញែង​យ៉ាង​ដូចនេះ​ក៏​ព្រោះតែ​លោកស្រី​គឺជា​មនុស្ស​ស្មោះត្រង់ និង​លោក​ជា​មនុស្ស​ម្នាក់​ដែល​ពោរពេញ​ទៅដោយ​សេចក្តីស្រលាញ់ ជាពិសេស​គឺ​អ្វីៗ​ដែល លោកស្រី​បាន​ស្មាន​ទុក​និង​សម្រេច​ក្នុង​ការងារ​របស់​លោក​ស្រី​ផងដែរ​។ ភាពជោគជ័យ​របស់ លោកស្រី​បាន​កើនឡើង​ជា​លំដាប់​ក្នុងពេល​លោកស្រី​ក៏​បាន​ទិតៀន​ហ្វេ​ហ្សិន​អស់​រយៈពេល​ជាង ២៥​ឆ្នាំកន្លងមក​។ បច្ចុប្បន្ន​លោកស្រី កំពុង​បំរើការ​នៅក្នុង​ទស្សនា​វ​ដ្តី Vogue ជា​អ្នកនិពន្ធ ក៏​ដូចជា​ការធ្វើ​វិវេចនា​និង​សរសេរ​អត្ថបទ​បញ្ចេញមតិ ទាក់ទង​នឹង​ព័ត៌មាន​ហ្សេ​ហ្សិន​ទូទាំង ពិភពលោក​ក្នុង​គេហទំព័រ​រហូត​ទៅ​ដល់ ១៩​របស់ ទស្សនា​វ​ដ្តី Vogue ឯណោះ​។ សរុប​មក​អាច​និយាយបាន​ថា​លោកស្រី​គឺជា​ស្ត្រី​ម្នាក់​ដែល​ទទួលបាន ជោគជ័យ​ដោយ សមត្ថភាព​ពិតៗ​របស់​លោកស្រី​ផ្ទាល់​។

​ភាព​ឥត​ខ្ចោះ​របស់ Stella​ ​
​អ្នកនាង Stella McCartney គឺជា​អ្នក​រចនា​ម៉ូដ​ជនជាតិ​អង់គ្លេស​ម្នាក់ និង ជា​បុត្រី​ម្នាក់​របស់ លោក Paul McCartney ដែល​ជា​សមាជិក​នៃ​ក្រុម Beatles ។ អ្នកនាង​កំពុង​ដើរ​តាម គន្លង​នៃ​ភាព​ល្បីល្បាញ​របស់​ឳ​ពុក យ៉ាងណាមិញ ភាពល្បីល្បាញ​នេះ មិនមែន​ដោយសារ​កិត្តិនាម​ដែលមាន​ស្រាប់​នោះ​ទេ ខណៈ​ដែល មាន followers ចំនួន​២.៤​លាន​នាក់​ជា​អ្នកគាំទ្រ​អ្នកនាង​នៅក្នុង instagram ។ ​

​អ្នកនាង McCartney ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ធំ​ដឹងក្តី​ឡើង​ជាមួយ​បងប្អូន ដោយ​ឱ​ពុក​ម្តាយ​របស់ អ្នកនាង​ក្នុង​ពេល​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​។ (​គ្រាន់បើ​ដែរ​តើ មែន​អត់​?) យ៉ាងណាក្តី បើទោះជា​មាន​ភាពល្បីល្បាញ និង​ទ្រព្យសម្បត្តិ​ច្រើន​ស្តុកស្តម្ភ​យ៉ាងណាក៏ដោយ ឱ​ពុក​ម្តាយ​
​របស់​អ្នកនាង​ក៏​នៅតែ​បញ្ចូន​កូន​ទៅ​រៀន​នៅ​ឯ​សាលា​រដ្ឋ​ដែរ ការ​ធ្វើ​ដូចនេះ គឺ​ក្នុង​បំណង​ចង់​
​អោយ​កូនៗ​របស់លោក​ស្គាល់​ពី​រសជាតិ​ពិត​ក្នុង​ជីវិត និង​ជា​ការអូសទាញ​មួយ​ដើម្បី​ឱ្យ​កូន ស្គាល់​ភាព​ពិត​ក្នុង​ជាតិ​អោយ​កាន់តែ​ច្បាស់​លាស់​។ អ្នកនាង McCartney ចូលរៀន​នៅ​សាលា​​ដែល​មានឈ្មោះ​ថា East Sussex ដែល​ក្នុងពេលនោះ​អ្នកនាង​ទទួលស្គាល់ថា អ្នកនាង​ទទួលរង​នូវ​ការ​បង្អាប់ និង​ប្រមាថ​ជា​ញយ​ដង​នៅក្នុង​សាលា​។​ ​

​បន្ទាប់​ពី​នេះ​អ្នកនាង​បាន​បន្ត​ចូល​ហាត់​ការ​នៅ​ឯ​ក្រុមហ៊ុន Christian Lacroix និង​ចាប់ផ្តើម​ចូល រៀន​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​នៅ​ឯ​សាកលវិទ្យាល័យ​វិចិត្រលិល្បៈ​មួយ​ដែល​មានឈ្មោះ​ថា Central Saint Martins ដែល​ទីនោះ​គឺជា​កន្លែង​នៃ​ស្នាដៃ​កូឡិក​ហ្សិន​របស់ Naomi Campbell, Yasmin Le Bon, និង Kate Moss!!! (​អស់ទាស់​ហ្មង​!) ​ផលិតផល​កូឡិក​ហ្សិន​ដែល​ជា​សមិទ្ធិផល ទាំងអស់​ត្រូវបាន​យកទៅ​ដាក់​លក់​នៅ​ឯ​ប្រទេស​ជប៉ុន ហើយ​ស្នាដៃ​ទាំងនោះ​ក៏​បាន​ដាក់​ចូល​​ក្រប​ មុខ​របស់​ទស្សនា​វ​ដ្តី​ទៀត​ផង​ដែរ​! ពិត​ជា​ការចាប់ផ្តើម​ដ៏​ជោគជ័យ​មួយ​ដែល​គួរអោយ ស្ញើចសរសើ​រមែន​។ ចាប់ពីពេលនោះ​មក ផលិតផល​របស់​អ្នក​នាង​ក៏​ចាប់ ផ្តើម​បន្ត​ដាក់​លក់​នៅ​​ក្នុង​ហាង ស្របពេល​ដែល​ភាពជោគជ័យ​ក្នុង​មុខ​ជំនួយ​របស់​អ្នកនាង​នៅតែ​បន្ត​វិវដ្ត​ឡើងជា​​លំដាប់ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ក៏​អ្នកនាង​នៅតែ​បន្ត​រក្សា​តំលៃ​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​មិន​ប្រើ​ផលិតផល​ដែល​ផលិតផល​ចេញ​ពី​សត្វ​នោះទេ​ព្រោះ​ថា​អ្នកនាង​គឺជា​មនុស្ស​ចិត្ត​ញ៉ាំ​អាហារ​បួស​។ បច្ចុប្បន្ន អ្នកនាង McCartney មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​មួយ​ដែល​មាន​តាំង​​បង្ហាញ​ផលិតផល​របស់​អ្នក​នាង​នៅ​ទូទាំង​ពិភពលោក​ក្នុង​នោះ​អ្នកនាង​ក៏​មាន​សមិទ្ធិផល​ដទៃទៀត​ដែល​ជាស្នាដៃ របស់​អ្នកនាង​ទៀត​ផង​ដែរ​ក្នុងនោះ​មានដូចជា ទឹកអប់ ផលិតផល​ថែរក្សា​ស្បែក ឈុត​ខោអាវ​ទ្រនាប់ នឹង​ហ្វេ​ហ្សិន​សម្រាប់​កុមារ​ជា​ដើម ដែល​សុទ្ធតែ​ជា​ស្នាដែ​មួយ​ដែល​មាន​តំលៃ និង​ទទួលស្គាល់​ដោយ​មនុស្ស​ជាច្រើន​នៅ​​ក្នុង​វិស័យ​ហ្វេ​ហ្សិន​។​

​ដំណើរ​ឆ្ពោះ​ទៅ​កាន់ក្តី​សុបិន​
​តើ​ពិត​ជា​មក​ពី​សំណាង​មែនឬ​? តារា​ម៉ូ​ដែល​កូនកាត់​អាល្លឺម៉ង់​និង​ប្រេ​ស៊ីល ។ តារា​ម៉ូ​ដែល Gisele Bündchen ដែល​មាន​ខ្សែស្រលាយ​ដើម​ជា​ជនជាតិ​អាល្លឺម៉ង់ ប៉ុន្តែ​ធំ​ពេញវ័យ​លើ​ទឹកដី ប្រេ​ស៊ីលម្នាក់​នេះ​មាន​បងប្អូ​ន​ស្រី​ចំនួន​៥​នាក់​មុនពេល​ផ្លាស់ប្តូរ​ទីលំនៅ​មក​នៅ​ទីក្រុង​ឡុង​ដុង៍ ដើម្បី​ឈាន​ចាប់​យក​ងារ​ងារ​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​អ្នកនាង​។ យ៉ាងណាក្តី បទពិសោធន៍​ផ្ទាល់​នៃ ជីវិត​មិន​មែន​តែងតែ​កើតមាន​ឡើង​ដូច​ការរំពឹងទុករ​ហូ​ត​នោះទេ​។ អ្នកនាង Bündchen ចូល​ប្រលង​សម្តែង ចំនួន ៤២​ដង​! បញ្ចាក់​ម្តងទៀត​គឺ “​ចំនួន ៤២​ដង​!” មុនពេល​ដែល​បាន​មកជួប​ស្គាល់​កម្មវិធី​ដើរ​ម៉ូដ spring ’98 runway show របស់លោក Alexander McQueen ។ បន្ទាប់​ពី​អ្នកនាង​បាន​ឈាន​ជើង​ចូល ឬ​ក៏​និយាយ​អោយចំ​ទៅ​គឺ​ថា “​ចូលខ្លួន​មក ទាំងស្រុង​តែ​ម្តង​” ខណៈ ដែល​លោក Alexander McQueen​បាន​ទាក់ទង​អ្នកនាង​មក ធ្វើ​ជា​តារា​ក្រប​មុខ​លើ​ក្រប​មុខ​ទស្សនា​វ​ដ្តី​Vogue​ប្រចាំ​នៅ​អង់គ្លេស​រួច​បន្ទាប់មក​អ្នកនាង​បាន​ធ្វើ​ជា​តារា​ក្រប​មុខ​ជាង​១០ ដទៃទៀត​នៅ​ក្នុង​ចន្លោះ​ពេល​តិចជាង​៤​ឆ្នាំ​! យើងខ្ញុំ​គិតថា ការ​ប្រឹង​ចូលរួម​ប្រលង​សម្តែង​ចំនួន​៤២​របស់​អ្នកនាង​ពេលនោះ​ពិតជា​មិន​អត់​ប្រយោជន៍​នោះទេ​។ ភាពជោគជ័យ​របស់​អ្នកនាង រីក​សុសសាយ​ជា​លំដាប់​ខណៈដែល​​កេ​រ្តិ៍ ឈ្មោះ​របស់​អ្នកនាង​កំពុង​តែ​ទទួល​ដឹងលឺ​ទូទាំង​ពិភពលោក​ក្នុងនាម​ជា “​ស្ត្រី​ដែល​មាន សម្រស់​ធម្មជាតិ និង​ជា​សុភាពនារី​សម័យ​ ទំនើប​” ដែល​រហស្សនាម​មួយ នេះ​ត្រូវបាន ប្រសិទ្ធិ​នាម​ឡើង ដោយ​ប្រេន​ដ៍​Chanel ផ្ទាល់​តែម្តង ។ ជាមួយនឹង​វត្តមាន​នៅលើ​ក្រប​មុខ ជាង​១២០០​ដង រួម​ទាំង​សំនេរ​អត្ថបទ​ទា​ក់ទង់​នឹង​កញ្ញា​ជាង ៤៥០​អត្ថបទ និង​ការ​រួមទាំង កម្មវិធី​បង្ហាញ​ម៉ូដ​ជាង ៥០០ ដង​ក្នុងពេល​ដែល​អ្នកនាង​មាន​អាយុ តែ​៣៥​ឆ្នាំនេះ បង្ហាញ អោយឃើញថា​ការខិតខំ​ប្រឹងប្រែង​ពិតជា​ទទួលបាន​ផល​បុណ្យ​សមប្រកប​យ៉ាង​ប្រាកដ​ពិតមែន​។ ហើយ​យើងខ្ញុំ​រំពឹងថា​ដំណើរ​ជោគជ័យ​របស់​អ្នកនាង​គឺ​នៅមាន​ភាគ​បន្ត​ទៅមុខ ទៀត​ជាមិនខាន​!

​អ្នក​ស្នង​តំណែង​របស់​Louis Vuitton​ ​
​នៅ​ខែ​ឆ្នាំ ២០១៣ អ្នកនាង Delphine Arnault បាន​ក្លាយ​ជា​អនុប្រធាន​ប្រតិបត្តិ​នៃ Louis Vuitton Malletier នៅឯ LVMH Moët Hennessy Louis Vuitton SA ។ មុនពេល​ដែល​អ្នកនាង Arnault មក​កាន់ដំណែង​នេះ អ្នក​នាង​ជា អនុប្រធាន​គ្រប់គ្រង​ទូទៅ​នៅ​ឯ Christian Dior Couture ក្នុង​អំឡុង​ឆ្នាំ​ពី ២០០៨ ដល់ ឆ្នាំ ២០១៣​។ ជាងនេះទៅទៀត​អ្នកនាង​ក៏​ធ្លាប់​ជា​ធ្វើ​ជា​នាយក​គ្រប់គ្រង​ឯករាជ្យ​នៅ​ឯ Twenty-First Century Fox ក៏​ដូចជា​ធ្វើ​ការងារ​រួមជាមួយ Loewe SA, Emilio Pucci Srl, Les Echos, Château Cheval Blanc និង Céline ផងដែរ​។ បើទោះជា ឳ​ពុក​របស់​អ្នក​នាង​ជា Bernard Arnault ដែល​ជា​មនុស្ស​ម្នាក់ ដែល​ឥទ្ធិពល​និង​មានទ្រព្យ​សម្បិ​ត្ត​ច្រើន​យ៉ាងណាក៏ដោយ អ្នកនាង Delphine ក៏​នៅតែ​ហ៊ាន​នឹងមាន សមត្ថភាព​ទទួលយក​ការងារ និង​ទំនួល​ខុស​ត្រូវ​លើ​កាតព្វកិច្ច ដោយ​ខិតខំ បំពេញការងារ ដើម្បី​ធ្វើ​យ៉ាងណា អោយ​អនាគត​នៃ​ម៉ាក​ដ៏​ប្រណីត​និង​ល្បី​បំផុត​ក្នុង​ពិភពលោក​ដែល អ្នកនាង​កំពុង​បំរើការ​នេះ កាន់តែ​កេរ្តិ៍ឈ្មោះ​រីក​ឡើង​ទ្វេដង​ជា​លំដាប់​។ ប្រាកដ​ណាស់​អ្វី​ទាំងអស់ នេះ​មិនមែន​ជា​ការ​លេងសើច​នោះ​ទេ​ប៉ុន្តែ​វា​ជា​បន្ទុក​ដ៏​ធំ​មួយ​សម្រាប់​អ្នកនាង​ដែល​ត្រូវ​យឹតយោង​នូវ​ប្រេន​ដ៏​ដ៏​ប្រណីត​នឹង​ល្បីល្បាញ​ទាំងអស់នេះ​។ មនុស្ស​ជាច្រើន​បាន​ទទួលស្គាល់ថា Delphine Arnault គឺជា​មនុស្ស​ម្នាក់​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការងារ​ទាំងនេះ​យោង​លើ​ការតាំង​ចិត្ត​និង​បែបបទ​ជីវិត​​ដែល​អ្នក​នាង​ធ្លាប់​ឆ្លងកាត់ និង​ការរស់នៅ​តាំងពី​ដើម​រហូត​ដល់​ដឹងក្តី​កន្លងមក​របស់​អ្នកនាង​។

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.