Connect with us

WOMEN IN BUSINESS

​បង្រៀន​អ្នកដទៃ​ឱ្យមាន​ទឹកចិត្ត​រឹងមាំ​ដើម្បីឱ្យ​ពួកគេ​អាច​រក្សា​ភាព​ជា​ខ្លួនឯងបាន

​ស្ត្រី​ដ៏​ឈ្លាសវៃ និង​ស្មោះត្រង់​អ្នកស្រី Marie Cammal បាន​បង្ហើប​ឱ្យ​ទស្សនា​វ​ដ្តី​ឡេឌី​ស៍​ដឹង​ពី​ព័ត៌មាន​ខ្លះៗ​ទាក់ទង​នឹង​

“​អ្នក​ត្រូវ​តែ​ប្រាប់ និង​បង្រៀន​អ្នកដទៃ​ឱ្យមាន​ទឹកចិត្ត​រឹងមាំ​ដើម្បីឱ្យ​ពួកគេ​អាច​រក្សា​ភាព​ជា​ខ្លួនឯងបាន​។​”

​ស្ត្រី​ដ៏​ឈ្លាសវៃ និង​ស្មោះត្រង់​អ្នកស្រី Marie Cammal បាន​បង្ហើប​ឱ្យ​ទស្សនា​វ​ដ្តី​ឡេឌី​ស៍​ដឹង​ពី​ព័ត៌មាន​ខ្លះៗ​ទាក់ទង​នឹង​ដំណើរការ​គ្រប់គ្រង​អង្គកា​រសុខសប្បាយ របស់​អ្នកស្រី​។ ថ្វី​បើ​ការងារ​រាល់ថ្ងៃ​មិន​ងាយស្រួល​ប៉ុន្តែ​ការ​ដែល​បាន​មើលឃើញ​កុមារ​កម្ពុជា​បានប្រែក្លាយ​ជីវិត​ខ្លួន​ទៅ​ជា​មនុស្ស​ធំ​ដឹងក្តី​ឆ្លាត​វៃ ជោគជ័យ ប្រកប​ដោយ​ចិត្ត​សណ្តោស និង​មាន​អនាគត​ល្អ​គឺជា​សេចក្តីសុខ​មួយ​ដ៏​អស្ចារ្យ​របស់​អ្នកស្រី​។ អ្នកស្រី Marie Cammal មាន​ទេពកោសល្យ​មើល​ធ្លុះ​ពី​សមត្ថភាព​របស់​មនុស្ស​ម្នាក់ៗ​។ អ្នកស្រី​គឺជា​ស្ត្រី​អ្នកជំនួញ​ដ៏​អស្ចារ្យ​នៅ​កម្ពុជា និង​ជា​ស្ត្រី​ម្នាក់​ដែល​ទស្សនា​វ​ដ្តី​ឡេឌី​ស៍​យើងខ្ញុំ​ស្ញប់ស្ញែង​ចំពោះ​ការ​ខំប្រឹងប្រែង និង​ការចេះ​ដាក់ខ្លួន​របស់​អ្នកស្រី​។​


​តើ​អាច​ប្រាប់​យើងខ្ញុំ​បានទេ តើ​អ្នកស្រី​ធ្វើការ​អ្វី​ខ្លះ​?
​នាង​ខ្ញុំ​មាន​កន្លែង​ស្នាក់នៅ​សម្រាប់​កុមារ​ដែល​ត្រូវ​គេ​ធ្វើបាប ដូចជា​ត្រូវ​គេ​ជិះជាន់​ឱ្យធ្វើជា​ទាសករ ត្រូវ​ឪពុក​ម្តាយ​បោះបង់ចោល អត់ឃ្លាន ឬ​ត្រូវ​ឪពុក​ម្តាយ​ឃុំឃាំង​ទុក​។ កុមារ​ដែល​មក​កាន់​អង្គការ​នាង​ខ្ញុំ​គឺ​ភាគច្រើន​ទទួល​រង​អំពើហិង្សា​ក្នុង​គ្រួសារ​។ ទី​នេះ​ប្រៀប​ដូចជា​សាលា​ដែល​ផ្តល់​នូវ​កន្លែង​ស្នាក់នៅ និង​អាហារ​ដូច្នោះ​ឯង​។ កុមារ​ទាំងនោះ​អាច​ចេញ​ក្រៅ រួច​ចូលមក​ស្នាក់​នៅ​វិញ​បាន​។ អង្គការ​របស់​ខ្ញុំ​មានឈ្មោះ​ថា សុខ សប្បាយ​។ នាង​ខ្ញុំ​គ្រប់គ្រង​អង្គការ​នេះ​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ​។ សិស្ស​ដែល​ខ្ញុំ​ជួយ​ដំបូង​គេ​ពេល​នេះ​នាង​ទទួលបាន​បរិញ្ញាប័ត្រ​ហើយ ម្នាក់ទៀត​ទទួលបាន​បរិញ្ញាប័ត្រ ៤ ឆ្នាំ​ផ្នែក​មេធាវី ម្នាក់​ទៀត​ផ្នែក​ទេសចរណ៍ និង​ម្នាក់​ទៀត​នាង​ខ្ញុំ​ជួយ​សង្គ្រោះ​ពី​ការរំលោភបំពាន​ផ្លូវភេទ​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រីករាយ​ណាស់​។​


​តើ​អ្នកស្រី​ធ្វើ​បែប​ណា​ទើប​ទទួលបាន​ជោគជ័យ​ដ៏​សម្បើម​នេះ​? តើ​អ្នកស្រី​កសាង​វា​ឡើង​ដោយ​របៀប​ណា​?
​នេះ​គឺ​មក​ពី​ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព​របស់​ពួកគេ​។ ពួកគេ​ជា​ក្មេង​ឈ្លាសវៃ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​ជម្រុញ​ឱ្យ​ពួកគេ​សិក្សា​។ ពួកគេ​ខំប្រឹង​សិក្សា​មិន​ថា​យប់​មិន​ថា​ថ្ងៃ​។ មុខ​វិជ្ជា​ដែល​ពួក​គេ​សិក្សា​មានដូចជា​គណិតវិទ្យា ជីវវិទ្យា រូបវិទ្យា គីមីវិទ្យា ពួក​គេ​សិក្សា​រហូតដល់​ម៉ោង ៨​យប់​។ ពួកគេ​មាន​ថ្ងៃ​ឈប់សម្រាក​តែ​ពួកគេ​ចូលចិត្ត​សម្រាក​នៅក្នុង​អង្គការ​។ ខ្ញុំ​គ្រប់គ្រង​អង្គការ​នេះ​ដូចជា​គ្រួសារ​ដ៏​ធំ​មួយ​ដូច្នោះ​ឯង សិស្ស​ធំៗ​បង្រៀន​សិស្ស​តូចៗ សិស្ស​តូចៗ​បង្រៀន​សិស្ស​តូចៗ​ជាង​ពួកគេ​។ ពួក​យើង​បើក​ទូលាយ​ក្នុង​ការបង្រៀន​ពួកគេ​ផ្នែក​តន្ត្រី និង​តន្ត្រី​ក្លា​ស៊ិក​។ ពួកគេ​ភាគច្រើន​សុទ្ធ​តែ​ចេះ​លេង​ឧបករណ៍​តន្ត្រី​ដូចជា​ត្រែ ស្គរ ព្យា​ណូ វី​យូ​ឡុង និង​ប៉ី​។ យើងខ្ញុំ​ក៏​មាន​បង្រៀន​សិល្បៈជាតិ និង​មាន​តាំងពិព័រណ៍​ផ្នែក​សិល្បៈ​មួយឆ្នាំ​ម្តង​ផងដែរ​។ អង្គការ​នាង​ខ្ញុំ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សាំង​ហ្គា​ពួ​រ ហើយ​ក៏​ទទួលបាន​ប្រាក់​មូលនិធិ​ជា​ច្រើន​ពី​សាំង​ហ្គា​ពួរ​ផងដែរ​។ មួយ​ឆ្នាំ​ម្តង​យើងខ្ញុំ​តែងតែ​ទៅ​ចូលរួម​កម្មវិធី​រាត្រី​សប្បុរស​នៅ​សាំង​ហ្គា​ពួ​រ​។​


​តើ​អ្នកស្រី​ទទួលបាន​គំនិត​នេះ​ដោយ​របៀប​ណា​ដែរ​?
​រឿង​នេះ​គឺ​វែងឆ្ងាយ​ណាស់ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​នៅក្នុង​ជំរំ​ជនភៀសខ្លួន​អាស៊ី​ដែល​មាន​ទទួល​ជាតិ​សាសន៍​ជាច្រើន​ដូច​ជា​ជនជាតិ​ឡាវ កម្ពុជា វៀតណាម​។ ប៉ុន្តែ​សម្រាប់​ជំរំ​ជនភៀសខ្លួន​កម្ពុជា ខ្ញុំ​មាន​អារម្មណ៍​ថា​ជនជាតិ​កម្ពុជា​ត្រូវការ​ជំនួយ​ពី​ខ្ញុំ​ដូចជា​ការបង្ហាត់បង្រៀន​ធ្វើ​ជា​គិលានុបដ្ឋាក​ផ្តល់​ថ្នាំ​តាម​តំបន់​ជាក់លាក់​។ ខ្ញុំ​បាន​រៀន​ភាសា​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ឡុន​ដុន បន្ទាប់​មក​ខ្ញុំ​ចំណាយ​ពេល​ពីរ​បី​ឆ្នាំ​នៅ​ជំរំ​ជនភៀសខ្លួន​អាស៊ីអាគ្នេយ៍ រួច​ហើយ​ខ្ញុំ​សិក្សា​បន្ថែម​ពី​កម្ពុជា​។ ពី​មុន​ខ្ញុំ​តែងតែ​ធ្វើ​ដំណើរ​ចេញ​ចូល​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ២ ទសវត្សរ៍​មក​ហើយ​។​


​ការងារ​នោះ​ក៏​ចាប់ផ្តើម​រីកចម្រើន​តាំងពី​ពេលនោះ​មក​ឬ​?
​ពេលនេះ​ខ្ញុំ​លែង​ទទួលយក​ក្មេង​ទៀតហើយ​។ ការសង្គ្រោះ​កុមារ​ចុងក្រោយ​បំផុត​របស់​ខ្ញុំ​គឺ​តាំងពី​ឆ្នាំមុន​។ ឆ្នាំ​មុន​ខ្ញុំ​បាន​ជួយ​សង្គ្រោះ​កុមារ ១៥ នាក់​ពី​កន្លែង​ចាក់សម្រាម ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​។ ខ្ញុំ​ចូល​ចិត្ត​សង្គ្រោះ​កុមារ​ម្នាក់​បន្ទាប់​មក​ពង្រឹង​កន្លែង​ស្នាក់អាស្រ័យ​ឱ្យបាន​ល្អ​ប្រសើ​រសិន​សឹម​ទទួលយក​កុមារ​ម្នាក់ទៀត​។ ក៏​ប៉ុន្តែ​ឆ្នាំ​ទៅ​គឺ​មាន​លក្ខណៈ​ពិសេស​បន្តិច ព្រោះ​ខ្ញុំ​បាន​ចុះ​ទៅ​កន្លែង​ចាក់សំរាម​ថ្មី​ដែល​នៅ​ទីនោះ​មាន​កុមារ​អត់ឃ្លាន កុមារ​ត្រូវគេ​ធ្វើបាប និង​កុមារ​ដែល​មាន​ឪពុក​ម្តាយ​ជា​អ្នកប្រមឹក​ស្រា​។ ដូច្នេះហើយ​ទើប​ខ្ញុំ​ជួយ​ពួកគេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ខ្ញុំ​រវល់​កម្មវិធី​ប្រទេស​ឡាវ​មិន​អាច​ទទួល​ក្មេង​បន្ថែម​ទៀត​ឡើយ​។ កុមារ​ដែល​ខ្ញុំ​បាន​ជួយ​សង្គ្រោះ​សុទ្ធតែ​បាន​ចូលរៀន​មហាវិទ្យាល័យ​។ យើង​ត្រូវតែ​ជម្រុញ​ពួកគេ​ឱ្យ​សិក្សា​ទើប​ពួកគេ​អាច​ទទួលបាន​ជីវិត​ល្អប្រសើរ​ជាង​មុន​។ ពួកគេ​មិន​អាច​ត្រលប់​ទៅ​រក​សភាព​ដើម​វិញ​ឡើយ​។ ក្មេងៗ​ទាំងនោះ​សុទ្ធតែ​មកពី​គ្រួសារ​ក្រីក្រ​តោកយ៉ាក និង​រង​អំពើហិង្សា​ក្នុង​គ្រួសារ​។ ប្រសិនបើ​អ្នក​ផ្តល់​ការអប់រំ​ដល់​កុមារ​វ័យក្មេង​ទាំងនោះ ពួក​គេ​ច្បាស់​ជា​អាច​ផ្លាស់ប្តូរ​សហគមន៍​មួយ​នេះ ផ្លាស់ប្តូរ​គ្រួសារ​មួយ​នេះ ពួកគេ​អាច​ទិញ​ផ្ទះ​ទិញ​ដី​សម្រាប់​ឪពុក​ម្តាយ​របស់​ខ្លួន ហើយ​ឪពុក​ម្តាយ​របស់​ពួកគេ​អាច​បិទ​ភ្នែក​ទៅ​ប្រកប​ដោយ​កេរិ៍្តឈ្មោះ​ថ្លៃថ្នូ​រ​។ នេះ​ជា​ដំណើរការ​កាត់បន្ថយ​ភាពក្រីក្រ​មួយ​ដ៏​ល្អ​នៅ​ប្រទេស​កម្ពុជា​។ ពួកគេ​នឹង​ទទួលបាន​អនាគត​ល្អ ជា​ប្រជាជន​មាន​ទំនួល​ខុស​ត្រូវ ពួកគេ​អាច​ធ្វើ​ការបោះឆ្នោត និង​ក្លាយជា​ផ្នែក​មួយ​នៃ​សង្គមជាតិ និង​មិន​ត្រូវបាន​គេ​រើសអើង​។ ថ្វី​បើ​ប្រជាជន​ក្រីក្រ​គ្មាន​ជម្រើស ប៉ុន្តែ​ពេល​ដែល​ពួកគេ​ទទួលបាន​ការអប់រំ ពួកគេ​អាច​បញ្ចេញ​សំឡេង និង​យោបល់​បាន​។​


​ការជួយ​តាម​រយៈ​ការផ្តល់​មូលនិធិ​គឺជា​រឿង​ល្អ​បំផុត​។ ពេល​ដែល​យើងខ្ញុំ​មាន​មូលនិធិ យើង​អាច​លើកស្ទួយ​ផ្នែក​អប់រំ​ឱ្យ​កាន់តែ​ល្អ​។ តួ​យ៉ាង​ដួច​ឆ្នាំមុន ពួកយើង​ជួប​ការលំបាក​ដោយសារ​ខ្វះខាត​មូលនិធិ ដូច្នេះ​ហើយ​ការបង្រៀន​ផ្នែក​កីឡា និង​មុខវិជ្ជា​ដទៃ​ទៀត​ក៏​ធ្លាក់ចុះ​តាម​ហ្នឹង​ដែរ​។ ប្រសិនបើ​ពួកយើង​គ្មាន​ប្រាក់ ពួកយើង​មិន​អាច​បន្ត​កម្មវិធី​របស់​យើង​បានឡើយ​។ ការងារ​អ្វី​ក៏​ដោយ​គឺ​មិន​ឥតប្រយោជន៍​នោះទេ សំខាន់​អ្នក​ត្រូវតែ​ខំ​ប្រឹង និង​ពូកែ​ចំពោះ​ការងារ​នោះ​។ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ពួកគេ​ខំប្រឹង​រៀនសូត្រ​ដើម្បី​ឱ្យ​ខ្លួន​មាន​ភាពប្រសើរ​ជាង​មុន​។ តាម​ពិត​ខ្ញុំ​មិន​ដូចជា​ម្តាយ​ពួកគេ​ឡើយ​តែ​គឺ​ប្រៀប​ដូចជា​គ្រូបង្វឹក​ពួកគេ​។


​អ្នក​ត្រូវ​តែ​មាន​ភាពក្លាហាន មាន​ទំនុកចិត្ត​លើ​ខ្លួនឯង មាន​ស្មារតី​រឹងមាំ និង​មាន​អារម្មណ៍​សប្បាយៗ​ចំពោះ​ការងារ​នេះ​។ (​មិន​ប្រាកដ​ថា​គួរ​មាន​អារម្មណ៍​សប្បាយៗ​ច្រើន​ប៉ុណ្ណា​ឡើយ *​សើច​*)​។ ពេល​ដែល​អ្នក​ចាប់ផ្តើម​ហើយ​អ្នក​ច្បាស់​ជា​មិនដឹង​ថា​ចុងក្រោយ​អ្នក​នឹង​ក្លាយជា​អ្វី​ឡើយ​។ ពេល​ដែល​ចាប់ផ្តើម​ដំបូង​អ្នក​ប្រាកដជា​គិត​ថា​អ្នក​មិន​អាចធ្វើ​បាន​ឡើយ ប៉ុន្តែ​ពេល​ដែល​អ្នកឃើញ​ក្មេងៗ​ទាំងនោះ អ្នក​ក៏​អាចធ្វើ​បាន​ដោយ​ឯកឯង​។ អ្នក​ត្រូវ​តែ​ធ្វើ​ដើម្បី​កុមារ​ម្នាក់​នេះ ឬ​ក៏​ធ្វើ​ដើម្បី​កុមារ​ម្នាក់​នោះ ហើយ​មិន​យូរ​ទេ​អ្នក​ច្បាស់​ជា​អាចធ្វើ​បាន​សម្រាប់​ពួកគេ​គ្រប់គ្នា​។ តែ​នៅពេល​ដែល​អ្នក​ចាស់​ទៅ ការងារ​ទាំងនោះ​កាន់តែ​ពិបាក ព្រោះ​ថា​អ្នក​ឆាប់​អស់កម្លាំង​។​


​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​សប្បាយចិត្ត​ជាង​គេ​គឺ​នៅ​ពេល​ដែល​ក្មេងៗ​ទាំងនោះ​មក​លេង​នាង​ខ្ញុំ ដោយ​ពួកគេ​មាន​ការងារ​ធ្វើ ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​យ៉ាងខ្លាំង​។ នាង​ខ្ញុំ​គឺ​ប្រៀប​ដូចជា​ពូ​របស់​ពួកគេ​អ៊ីចឹង​។ ពួកគេ​តែងតែ​មកលេង​ខ្ញុំ​ម្តង ឬ​ពីរ​ដង​ជា​រៀងរាល់ឆ្នាំ ឬ​ពីរ​ឆ្នាំ​ម្តង​ព្រោះ​ពួកគេ​ដឹង​ថា​នាង​ខ្ញុំ​មាន​សុខភាព​រឹងមាំ និង​តែងតែ​នៅ​ជាមួយ​ពួកគេ ខ្ញុំ​មិនដែល​បោកប្រាស់​ពួកគេ​ឡើយ ខ្ញុំ​ប្រៀបដូចជា​លោកពូ​របស់​ពួកគេ​ដូច្នោះ​ឯង​។ ខ្ញុំ​គឺ​ជា​លោកពូ​របស់​ពួកគេ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជា​ឡូយ​ណាស់​ដឹង​ទេ​? ព្រោះ​គ្រប់​ពេល​ដែល​ខ្ញុំ​មើល​ឃើញ​ពួកគេ ធ្វើឱ្យ​ខ្ញុំ​គិត​ដល់​ខ្លួនឯង​ថា វ៉ា​វ ខ្ញុំ​ពិតជា​សម្រេច​បាន​ការងា​រ​ច្រើន​មែន​។​មាន​អ្នកខ្លះ​ក៏​ខ្ពស់ជាង​ខ្ញុំ *​សើច​*​។ នេះ​ជា​ការងារ​ដ៏​ហត់នឿយ ហើយ​ខ្ញុំ​ត្រូវធ្វើ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ពេល​ចប់​ការងារ​ពេល​យប់​នាង​ខ្ញុំ​ក៏​មាន​អារម្មណ៍​សប្បាយរីករាយ​។

អ្នក​មិន​ត្រឹមតែ​តស៊ូ​សម្រាប់​ខ្លួនឯង​ឡើយ តែ​ត្រូវ​តស៊ូ​ដើម្បី​អ្នក​ម្តាយ​ដទៃទៀត និង​ក្មេងៗ​ទាំងនោះ​។ អ្នក​ត្រូវ​តែ​ប្រាប់ និង​បង្រៀន​អ្នកដទៃ​ឱ្យមាន​ទឹកចិត្ត​រឹងមាំ​ដើម្បីឱ្យ​ពួកគេ​អាច​រក្សា​ភាព​ជា​ខ្លួនឯងបាន​។ ត្រូវ​ជួយ​អ្នកដទៃ​ឱ្យ​មាន​ភាពរឹងមាំ ជាពិសេស​គឺ​ស្ត្រី​តែម្តង​។ ចាប់ផ្តើម​ដោយ​ជំហាន​តូចៗ តស៊ូ​ដើម្បី​ខ្លួនឯង និង​មនុស្ស​ជុំវិញ​ខ្លួន​នោះ​អ្នក​នឹង​ទទួលបាន​ជោគជ័យ​។ សម្រាប់​នាង​ខ្ញុំ នៅលើ​ពិភពលោក​នេះ​ឱ្យ​តែ​យើង​មាន​ឆន្ទៈ គ្រប់យ៉ាង​នឹងមាន​មធ្យោបាយ​៕

Copyright © 2018 Ladies Magazine Cambodia.