Connect with us

Entertainment

វិចិត្រករ​វ័យក្មេង​បំផុត​នៅលើ​ពិភពលោក​

​កុមារី Aelita Andre គឺជា​វិចិត្រករ​គំនូរ​អាជីព​ដែល​មាន​វ័យក្មេង​ជាងគេ​បំផុត​នៅលើ

​កុមារី Aelita Andre គឺជា​វិចិត្រករ​គំនូរ​អាជីព​ដែល​មាន​វ័យក្មេង​ជាងគេ​បំផុត​នៅលើ​ពិភពលោក នាង​ជា​ជនជាតិ​អូស្ត្រាលី​មាន​ដើម កំណើត​រុស្ស៊ី​។ នាង​តូច​កើត​នៅ​ឆ្នាំ ២០០៧ ហើយ​នាង​បានចាប់ផ្តើម​គូរគំនូរ​ជា​អាជីព​នៅ​អាយុ ៩ ខែ ក្រោយមក​គំនូ​រ​អាគ្រី​លិក​លើ​ផ្ទាំង​ក្រណាត់​របស់​នាង​ក៏​ត្រូវបាន​គេ​ដាក់បញ្ចូល​នៅក្នុង​ពិព័រណ៍​ទោល​របស់​នាង​នៅ​អូស្ត្រាលី​នៅពេល​នាង​មាន​អាយុ ២ ឆ្នាំ​។ គំនូរ​របស់ Aelita បង្ហាញ​ពី​ភាព​ប៉ិនប្រសប់​ខាង​សិល្បៈ​របស់​នាង ដែល​សូម្បី​តែ​បិតា​គំនូរ​សហ​សម័យ​ដូចជា​លោក Wassily Kandinsky និង​លោក Paul Klee ក៏​ធ្លាប់បាន​គូរគំនូរ​ប្រភេទ​នេះ​កាល​ពី​មួយ​សតវត្សរ៍​មុន ដែល​នេះ​បានធ្វើឱ្យ​គំនូរ​អរូបី​កាន់តែវិវ​ដ្ត​ទៅ​មុខ​យ៉ាង​សម្បើម​។


​ស្នាដៃ​គំនូរ​របស់​នាង​តូច Aelita គឺ​ប្រៀប​ដូចជា​និម្មិត​ភាព​នៃ​សិល្បៈ​ដែល​បង្កប់​ខ្លឹមសារ និង​ភាព​បរិសុទ្ធ​ស្រស់ស្អាត ហើយ​ត្រូវបាន​គេ​នាំ​ទៅរក​ប្រភព​ដើម​របស់​ខ្លួន​វិញ​ដូច្នោះ​ឯង​។ លោក Picasso បាន​ទទួលស្គាល់​ពី​ភាព​ច្នៃប្រឌិត​ដ៏​បរិសុទ្ធ​មិន​ខ្លាចរអា​របស់​កុមារ​តូចៗ រួម​នឹង​សមត្ថភាព​របស់​ពួកគេ​ដែល​បញ្ចេញ​តាម​គំនូរ តួ​យ៉ាង​គឺ​ស្នាដៃ​គំនូរ​របស់​នាង​តូច Aelita តែម្តង​។

“​អ្វី​ដែល​អាច​ចាត់ទុកជា​ទេពកោសល្យ​មុន​អាយុ​គឺ​ទេពកោសល្យ​ពី​កុមារភាព​។ នៅពេល​ដែល​កុមារ​ធំធាត់​ឡើង ទេពកោសល្យ​នេះ​នឹង​បាត់​ទៅ​ឯកឯង​ដោយ​គ្មាន​បន្សល់​ដាន​។ ក្មេង​ម្នាក់​នេះ​អាច​នឹង​ក្លាយជា​វិចិត្រករ​គំនូរ​ដ៏​ពូកែ ឬ​ជា​វិចិត្រករ​ដ៏​អស្ចារ្យ​ម្នាក់​នៅ​ថ្ងៃ​ណា​មួយ ប៉ុន្តែ​គេ​ក៏​ត្រូវ​ចាប់ផ្តើម​គ្រប់យ៉ាង​ពី​ចំណុចសូន្យ​ម្តងទៀត​។​”


​ស្នាដៃ​គំនូរ​របស់​នាង​តូច Aelita Andre គឺ​ខុស​ប្លែក​ពី​ទម្រង់ និង​ស្តង់ដារ​ទូទៅ​នៃ​គំនូរ​លោកខាងលិច​។ រាល់​ស្នាដៃ​គំនូរ​របស់​នាង​គឺ​ស្រស់ស្អាត មាន​លក្ខណៈ​រស់​រវើក និង​ពិតៗ​។ កុមារី​ម្នាក់​នេះ​គឺ​ពិតជា​វិចិត្រករ​គំនូរ​សម័យថ្មី​ប្រាកដ​មែន​។ ទាំង​ដំណើរការ​គូរ ការដាក់​ចិត្ត​គូរ សេរីភាព​នៃ​ការ​គូរ គឺ​សុទ្ធតែ​បង្កប់​ភាព​បរិសុទ្ធ​។​

​ឪពុក​ម្តាយ​របស់ Aelita បានដឹង​ពី​ទេពកោសល្យ​ធម្មជាតិ​ផ្នែក​គូរគំនូរ​របស់ Aelita ដោយ​ចៃដន្យ​នៅពេលដែល​នាង​នៅ​ជា​កូន​ទារិកា​។ លោក Michael ឪពុក​របស់​នាង​បាន​និយាយថា​៖ “​មុនពេល Aelita កើត នៅ​ពេលទំនេរ​ខ្ញុំ​តែង​តែង​យក​ជក់​ជ្រលក់​ថ្នាំ​គូរ​លេង​ចុះឡើង​។ ខ្ញុំ​បាន​ដាក់​ផ្ទាំង​ក្រណាត់​ចុះ​នៅ​ក្នុង​បន្ទប់​ក្មេង​លេង ហើយ​បម្រុង​នឹង​គូររូប​ស្រាប់តែ Aelita វារ​ចូល​មក​រក​ផ្ទាំងគំនូរ ហើយ​ក៏​ចាប់​កាន់​ច្របាច់​ដប​ថ្នាំលាប​ប្រតាក​ទៅ​មក​លើ​ផ្ទាំង​ក្រណាត់​ហើយ​ស្រែក​លេង​យ៉ាង​សប្បាយ​។ ពេល​ឃើញបែបនេះ អាច​ទាយ​បាន​ភ្លាម​ថា​នាង​បាន​រកឃើញ​ការកម្សាន្ត​ដែល​ខ្លួន​ចូលចិត្ត តាមរយៈ​ការ​គូរគំនូរ​ដោយ​សើច​សប្បាយ និង​និយាយ​ចេចចាច​ដូចដែល​កូនក្មេង​ទូទៅ​ធ្វើ​។ កែវភ្នែក​របស់​នាង​សម្លឺងមើល​គំនូរ​ទៅមក​ប្រកប​ដោយ​ការសង្កេត និង​ភាពសប្បាយ​រីករាយ​។​”


​ឪពុក​របស់​នាង​បាន​ឈរ​សម្លឹងមើល​គំនូរ​របស់​នាង ហើយក៏​បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ជាមួយ​ទឹកដៃ​គូរគំនូរ​ដ៏​ស្រស់​ស្អាត​របស់​កូនស្រី​គាត់​។ “​នាង​បាន​បង្កើត​នូវ​គំនូរ​ដ៏​ស្រស់ស្អាត និង​អស្ចារ្យ – ជា​ស្នាដៃ​គំនូរ​ពោរពេញ​ដោយ​ទេពកោសល្យ​ពិត – ស្នាដៃ​គំនូរ​ពី​វិចិត្រករ​ដែល​មានគំនិត​ចាស់ទុំ​។ គំនូរ​នេះ​មើល​ទៅ​មាន​ភាព​បរិសុទ្ធ និង​សេរីភាព ប៉ុន្តែ​បង្កប់​ដោយ​ភាពចាស់ទុំ និង​ភាព​ស្ទាត់ជំនាញ​នៅក្នុង​ដំណើរការ​គូរ និង​អេ​ហ្វិក​របស់​គំនូរ​។​” កុមារី Aelita Andre បាន​បង្កើត​ទម្រង់​ដ៏​ពេញលេញ ជា​ស្តាយល៍​គំនូរ​ដែលបាន​វិ​វដ្ត និង​បន្ត​រហូត​មកដល់​ពេល​បច្ចុប្បន្ននេះ​។​

​ចំពោះ​គំនូរ​របស់​នាង Aelita គឺ​ពុំ​មាន​ដែន​កំណត់​ឡើយ​។ នាង​មិន​បាន​បារម្ភ​ពី​ការបកស្រាយ ឬ​ទម្រង់​គំនូរ​ឡើយ​។ គំនូរ​របស់​នាង​កើតចេញ​ពី​ភាព​បរិសុទ្ធ​នៃ​គំនិត​របស់​កុមារ​វ័យក្មេង​។ នាង​ចាប់ផ្តើម​លេង​ជាមួយ​គូល័រ​ពណ៌​តាំងពី​នាង​អាយុ ២ ខែ លុះ​ក្រោយមក​ប៉ុន្មាន​ឆ្នាំ នាង​ក៏​បន្ត​គំនិត​ឯករាជ្យ​របស់​នាង​ដោយ​គូរ​ទៅ​តាម​អ្វី​ដែល​នាង​នឹកឃើញ​។ ស្នាដៃ​របស់​នាង​ខ្លះ​ក៏​មាន​បញ្ជាក់​ពី​គោលបំណង​របស់​នាង ខ្លះ​ទៀត​ប្រើប្រាស់​កម្មវត្ថុ​មក​គូរ ដែល​ស្នាដៃ​ទាំងនោះ​បង្កប់​គំនិត​ឯករាជ្យ​យ៉ាង​អស្ចារ្យ​។ Aelita គឺ​មាន​ទេពកោសល្យ​ខាង​ប្រើ​ពណ៌ សណ្ឋាន ទម្រង់ និង​ខ្សែបន្ទាត់​បាន​យ៉ាង​ល្អ​ប្រកប​ដោយ​ទេព​កោ​ល​ស្យនៅ​ក្នុងដំណើរការ​គូររូ​បរប​ស់នាង​។ របៀប​សាច​ពណ៌ ពពុះ​ខ្យល់ តំណក់​ទឹក ក្នុង​គំនូរ​របស់​នាង​បង្កប់​ដោយ​ទេព​កោ​ល្យ​ប្រើប្រាស់​ពណ៌​ដោយ​វិធី​ផ្សេងៗ​ប្រកប​ដោយ​ការទាក់ទាញ​ចិត្ត​។ រាល់​ការ​លាប​ពណ៌ និង​សាច​ពណ៌​គឺ​បង្ហាញ​ពី​ភាព​បរិសុទ្ធ​របស់​គំនិត​កុមារ – ជា​គំនិត​ដែល​សរសេរ​ចេញ​មក​ដោយ​ឯកឯង – តាមរយៈ​ការប្រើប្រាស់​ពណ៌​ថ្នាំ និង​កម្មវត្ថុ​គំនូរ​។

dec13 40×40 Fire Flaimes of Stalactates Caves

​បច្ចុប្បន្ននេះ Aelita Andre ជា​វិចិត្រករ​ដែល​ត្រូវបាន​គេ​ទទួលស្គាល់​ជា​អន្តរជាតិ​ដោយ​នាង​មាន​ការតាំងពិព័រណ៍​ទោល​ផ្ទាល់ខ្លួន​នៅ​វិចិត្រសាល Agora Gallery ទីក្រុង​ញូវយ៉ក កាលពី​ឆ្នាំ ២០១១ ហើយ​លក់​ដាច់​អស់​ក្នុង​រយៈពេល​ត្រឹមតែ ៧ ថ្ងៃ​។ គំនូរ​របស់​នាង​បង្កប់​ភាព​រីករាយ និង​សេរីភាព​បែប​ភាព​ក្មេង​វ័យ​របស់​នាង និង​មាន​ពណ៌​ស្រស់​ឆើតឆាយ បញ្ជាក់​ពី​ភាព​ច្នៃប្រឌិត និង​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​នាង​។ គំនូរ​របស់​នាង​តែងតែ​មាន​បង្កប់​នូវ​ចេតនារ​ម្មណ៍ និង​សារ​ដល់​អ្នកទស្សនា​។ គំនូរ​របស់​នាង​ត្រូវបាន​គេ​ពណ៌នា​ថា​ជា​គំនូរ​ដែល​ប្រើ​ពណ៌​ចម្រុះ​សាំញ៉ាំ និង​កម្មវត្ថុ​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​។​

​នៅ​វ័យ​នេះ គំនូរ​របស់​កុមារ​ភាគច្រើន​គឺ​បានត្រឹមតែ​បិទទ្វារ​ទូទឹកកក​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់ Aelita Andre វិញ គំនូរ​របស់​នាង​គឺ​ត្រូវបាន​ដាក់​បង្ហាញ​នៅក្នុង​វិចិត្រសាល​ឯណោះ – ជា​ស្នាដៃ​ដ៏​អស្ចារ្យ​ដែល​ទទួលបាន​ការកោតសរសើ​រ​ពី​សំណាក់​សហគមន៍​សិល្បៈ​អន្តរជាតិ​។
​នៅ​ឆ្នាំ ២០១១ ពិ​ព័​រណ៌ទោល​របស់ Aelita នៅ​វិចិត្រសាល Agora Gallery ទីក្រុង​ញូវយ៉ក ត្រូវ​បាន​លក់​ដាច់​គ្មាន​សល់​ក្នុង​រយៈពេល ៧ ថ្ងៃ​។​


​កាលពី​ខែវិចិ្ឆកា ឆ្នាំ ២០១៣ នៅពេលដែល Aelita មាន​អាយុ ៦ ឆ្នាំ នាង​បាន​គូរគំនូរ​ផ្ទាល់​នៅ​ចំពោះមុខ​អ្នកទស្សនា​ជាង ២០.០០០ នាក់​នៅ​ឯ​សាល​ប្រគុំ​តន្ត្រី LDS នៅ​ទីក្រុង Salt Lake រដ្ឋ Utah​។ នាង​ពេញចិត្ត​នឹង​ចំណាប់អារម្មណ៍​របស់​អ្នកទស្សនា​មកលើ​នាង​ជា​ខ្លាំង ហើយ​នាង​បាន​គូរគំនូរ​ដ៏​អស្ចារ្យ និង​បាន​កូតវីយូឡុង​ដែល​បិទ​ជាប់​ជាមួយ​ផ្ទាំងគំនូរ​របស់​នាង​ជូន​អ្នកទស្សនា​ស្តាប់​ទៀតផង​។
​កាលពី​ខែ​កុម្ភៈ​/​មីនា ឆ្នាំ ២០១៤ នាង​តូច Aelita បាន​រៀបចំ​ការតាំងពិព័រណ៍​ទោល​របស់​ខ្លួន​នៅ​ឯ​វិចិត្រ​សាល Yan Gallery ដ៏​ល្បីល្បាញ ហើយ​នាង​ក៏​បាន​តាំង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​នៅឯ​ពិព័រណ៍​សិល្បៈ​អាស៊ី​ដែល​ស្ថិតនៅ​ទីក្រុង​ហុងកុង​តែ​មួយ​ដូច​គ្នា​ផងដែរ​។
​នាង​តូច Aelita ត្រូវបាន​គេ​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ក្នុង​មជ្ឈមណ្ឌល​សិល្បៈ​អ៊ីតាលី Biennale នៅឯ​ទីក្រុង Chiancano ប្រទេស​អ៊ីតាលី​កាលពី​ឆ្នាំ ២០១៥ ហើយ​នាង​ក៏​បាន​ដាក់​តាំងពិព័រណ៍​គំនូរ​របស់​ខ្លួន​នៅ​ឯ​វិចិត្រ​សាល Gagliardi Gallery ស្ថិត​នៅ​ទីក្រុង​ឡុង​ដ៍ និង​ប្រទេស​ជប៉ុន​ផងដែរ​។

​នៅ​ឆ្នាំ​នេះ ស្នាដៃ​របស់ Aelita ត្រូវបាន​គេ​យក​ទៅ​តាំងពិព័រណ៍​នៅឯ​សារមន្ទីរ Russia Academy of Fine arts Museum ស្ថិត​នៅ​ទីក្រុង St Petersburg ប្រទេស​រុស្ស៊ី​។​
“​តាំងពីដើម​មក​ពាក្យ​ថា “”​អច្ឆរិយ​” នៅ​ក្នុង​ពិភព​គំនូរ​មិន​ត្រូវបាន​គេ​ចេះតែ​ប្រើ​ងាយៗ​នោះទេ​។ នាង​តូច Aelita ត្រូវបាន​គេ​យក​ទៅ​ប្រៀបធៀប​ជាមួយ​វិចិត្រករ​ល្បីៗ​ដូចជា​លោក Jackson Pollock និង​វិចិត្រករ​ចំណានៗ​ដទៃ​ទៀត​លើ​ពិភពលោក​ថា​ជា​វិចិត្រករ​ដែល​សម្តែង​គំនិត​ច្នៃប្រឌិត​របស់​ខ្លួន​តាម​រយៈ​គំនូរ​បាន​យ៉ាង​ល្អ និង​ជា​វិចិត្រករ​ពិតប្រាកដ​មែន​។​”


​ស្នាដៃ​គំនូរ​របស់​នាង​គឺ​មាន​តម្លៃ​កើនឡើង​រហូត​ដល់ ៥០.០០០ ដុល្លារ ក៏ប៉ុន្តែ​គោលដៅ​របស់​នាង​គឺ​មិនមែន​ដើម្បី​ប្រាក់​ឡើយ​។ ក្តី​សុបិន​របស់​នាង​គឺ​ចង់​ការពារ​ធម្មជាតិ ធ្វើដំណើរ​ទៅ​ទី​អវកាស និង​ក្លាយជា​អ្នកជំនាញ​ផ្នែក​រុករក និង​ស្រាវជ្រាវ​ហ្វុ​ស៊ីល និង​ក្លាយជា​អ្នកវិទ្យាសាស្ត្រ​។ នាង​បាន​សុំ​ឱ្យ​ម្តាយ​របស់​ខ្លួន​កុំ​ចម្អិន​អាហារ​ធ្វើ​ពី​សាច់សត្វ​នៅក្នុង​ផ្ទះ ព្រោះ​នាង​មិន​ចង់​ឃើញ​សត្វ​ទាំងនោះ​រង​ទុក្ខ​។ ពិតជា​វិចិត្រករ​វ័យក្មេង​បរិសុទ្ធ​ចិត្តល្អ​មែន ថ្វី​បើ​នាង​មាន​ទេពកោសល្យ​ខ្ពស់​ខាង​ផ្នែក​គំនូរ​ពិតមែន តែ​ជីវិត​ប្រចាំថ្ងៃ​របស់​នាង​តូច Aelita ក៏​មិន​ខុស​ពី​ក្មេងស្រី​ទូទៅ​វ័យ​ស្របាល​នាង​ដែរ​។ នាង​ចូល​ចិត្ត​លេង​ព្យ៉ា​ណូ វី​យូ​ឡុង ច្រៀង និង​វាយ​ស្គរ​។ នាង​ក៏​ចូលចិត្ត​របាំ​បា​ឡេ កីឡា​កាយសម្ព័ន្ធ និង​ចេញ​ដើរលេង​ជាមួយ​មិត្ត​ភ័ក្តិ​របស់​នាង​ផងដែរ​។​

​ទៅ​ថ្ងៃ​អនាគត យើង​ច្បាស់​ជា​បានឃើញ​ស្នាដៃ​ថ្មីៗ​ជា​បន្តបន្ទាប់​របស់​នា​ង​តូច Aelita Andre ជាក់​ជាមិនខាន​។ នៅ​ក្នុង​វ័យ​ដ៏​ក្មេងខ្ចី​ពោរពេញ​ដោយ​សមត្ថភាព និង​មាន​ភាពចាស់ទុំ​បែបនេះ យើង​ជឿ​ថា​ក្មេង​តូច​ម្នាក់​នេះ​ច្បាស់​ជា​ផ្តល់​ឱ្យ​ពិភពលោក​នូវ​ស្នាដៃ​ដ៏​អស្ចារ្យ​ជាពុំខាន​ឡើយ​៕

Copyright © 2018 Ladies Magazine Cambodia.