Connect with us

Travel

ដំណើរ​កម្សាន្ត​ទៅ​កាន់​ទីក្រុង​ឡុង​ដ៏​

អា៎ ទីក្រុង​ឡុង​ដ៏ ទីក្រុង​ធំ​របស់​ប្រទេស​អង់គ្លេស និង​ជា​ទីក្រុង​ដែល​តែងតែ​មាន​ផ្ទៃមេឃ​ស្រទន់ និង​មាន​ប្រជាជន​ដែល​ចូលចិត្ត​

អា៎ ទីក្រុង​ឡុង​ដ៏ ទីក្រុង​ធំ​របស់​ប្រទេស​អង់គ្លេស និង​ជា​ទីក្រុង​ដែល​តែងតែ​មាន​ផ្ទៃមេឃ​ស្រទន់ និង​មាន​ប្រជាជន​ដែល​ចូលចិត្ត​ញ៉ាំ​តែ​។ នេះ​ជា​ទីក្រុង​ដែល​មាន​នាឡិកា​ប៉ម​ដ៏​ល្បីល្បាញ​ដែល​មានឈ្មោះ​ថា ‘Big Ben’​។ ទីក្រុង​ដែល​ពោរពេញ​ដោយ​ក្តីស្រមើស្រមៃ និង​កន្លែង​កម្សាន្ត​ដ៏​ស្រស់ស្អាត​។ មនុស្សម្នា​មក​ពី​គ្រប់ទិសទី​ជុំវិញ​ពិភពលោក​បាន​មក​កម្សាន្ត​នៅ​ទីនេះ​ដើម្បី​ទទួលយក​នូវ​បទពិសោធ​ដ៏​អស្ចារ្យ​ពី​ទីក្រុង​ប្រវត្តិសាស្ត្រ​នេះ ដូច​ជា​ទៅ​ទស្សនា​សារមន្ទីរ​ដ៏​ល្បីៗ និង​ដើរ​លម្ហែ​តាម​សួនច្បារ​ដ៏​ស្រស់ស្អាត​ជាច្រើន​។ អ្នក​ច្បាស់​ជា​គ្មាន​អារម្មណ៍​ធុញទ្រាន់​ឡើយ​ព្រោះថា​នៅក្នុង​ទីក្រុង​នេះ​សម្បូរ​ទៅ​ដោយ​រចនាប័ទ្ម​ក្លា​ស៊ី​ក​ដ៏​ស្រស់ស្អាត​ជាច្រើន ដែល​ធ្វើឱ្យ​អ្នក​ឈ្លក់​វង្វេង​ជាមិនខាន​។ យើងខ្ញុំ​សូម​ប្រាប់​ជាមុន​ថា មាន​វិថី​ដ៏​ស្រស់ស្អាត​ជាច្រើន​នៅក្នុង​ទីក្រុង​ឡុង​ដ៏​ដែល​អាច​ធ្វើឱ្យ​អ្នក​ឈ្លក់​វង្វេង​បាន​ដោយ​មិន​ដឹង​ខ្លួន​។​

​យើងខ្ញុំ​ជឿថា នរណា​ក៏​មិន​ចូល​ចិត្ត​ដែរ​នៅពេល​ដែល​មក​ដល់​ប្រទេស​មួយ​តែ​បែរជា​មិនដឹង​ថា​គួរ​ទៅ​កម្សាន្ត​នៅ​ទីណា ឬ​គួរ​ធ្វើ​អ្វី​។ តែ​កុំ​បារម្ភ​ថ្វី យើងខ្ញុំ​អាចជួយ​លោក​អ្នក​បាន​។​


​ដើរ​ទស្សនា​កម្សាន្ត​ទីក្រុង​ឡុង​ដ៏​
​រៀបចំ​កាលវិភាគ​ដោយ​ទុកពេល ១ ថ្ងៃ​សម្រាប់​ខ្លួនឯង​ដើរ​ទស្សនា​សារមន្ទីរ​ប្រទេស​អង់គ្លេស British Museum​។ សារមន្ទីរ​នេះ​ស្ថិតនៅ​តាម​ដង​វិថី Great Russel Street ដោយ​ទីនេះ​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់លាន​នាក់​មក​ទស្សនា​ជា​រៀងរាល់ឆ្នាំ​។ មាន​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​ទីនេះ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​។ សារមន្ទីរ​នេះ​មាន​ទំហំ​ធំ​មែនទែន ដោយ​អ្នកទេសចរ​មិន​អាច​ទស្សនា​បាន​សព្វ​គ្រប់​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ឡើយ​។ សារមន្ទីរ​នេះ​ត្រូវបាន​បង្កើត និង​បើក​ជា​សាធារណៈ​នៅ​ទសវត្សរ៍​ឆ្នាំ ១៧០០ ហើយ​នៅតែ​បន្ត​មាន​វត្តមាន​បើទោះជា​វា​បាន​ឆ្លងកាត់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ធំៗ​ដូចជា​សង្គ្រាមលោកលើកទី ១ និង​លើក​ទី ២ ក៏ដោយ​។ តម្លៃ​ចូល​គឺ​មិន​គិតថ្លៃ​ឡើយ ហើយ​សារមន្ទីរ​នេះ​ក៏​មាន​ផ្តល់ជូន​មគ្គុទេសក៍​ជាច្រើន​ដោយ​មិន​គិតថ្លៃ​ថែមទៀត​ផង ដូច្នេះ​ការ​មក​កម្សាន្ត​នៅ​ទី​នេះ​មិន​ធ្វើឱ្យ​អ្នកចំណាយ​ប្រាក់​អស់​ច្រើន​ឡើយ ដោយ​ប្រាក់​ទាំងនេះ​អ្នក​អាច​ទុក​ចំណាយ​លើ​អ្វី​ដែល​សំខាន់​តួយ៉ាង​ដូចជា​ចំណាយ​លើ​អាហារ​ជាដើម​។ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​មនុស្ស​អ៊ូអរ​ដែល​មក​កម្សាន្ត​នៅទីនេះ យើងខ្ញុំ​សូម​ណែនាំ​អ្នក​ឱ្យ​មក​ពី​ព្រឹក​ព្រលឹម​ដើម្បី​ងាយ​ដើរ​ទស្សនា​យ៉ាង​ស្ងប់​អារម្មណ៍​។​


​បន្ទាប់​មក​អ្នក​អាច​ទៅ​កាន់​ព្រះរាជវាំង Westminster Abbey ដើម្បី​អង្គុយ​ញ៉ាំ​កាហ្វេ​ក្តៅៗ​គយគន់​ប៉ម​នាឡិកា Big Ben​។ កាលពីមុន និង​បច្ចុប្បន្ននេះ​ប៉ម​នាឡិកា​នេះ​នៅតែ​ជា​ប៉ម​នាឡិកា​ដែល​ធំ​ជាងគេ​នៅក្នុង​ប្រទេស​អង់គ្លេស​ទាំងមូល​។ ហើយ​ក៏​សូម​កុំ​ភ្លេច​ទស្សនា​មនុស្សមា្នដ៏​អ៊ូអរ​ផងដែរ​! មើល និង​ស្វែងយល់​ពី​ជីវិត​អ្នក​ទីក្រុង​ឡុង​ដ៏​ដែល​នៅ​ជុំវិញ​អ្នក និង​វប្បធម៌​ថ្មីៗ​។ ម្យ៉ាងទៀត​រាជវាំង Westminster គឺជា​កន្លែង​គង់​នៅ​របស់​ព្រះ​មហាក្សត្រីយា​នីនៃប្រទេស​អង់គ្លេស​។ នេះ​គឺជា​រាជវាំង​តែមួយគត់​ក្នុងចំណោម​រាជវាំង​ដទៃ​ដែល​នៅតែ​សកម្ម ហើយ​អ្នក​មិនគួរ​ខកខាន​មក​កម្សាន្ត​ទី​នេះ​ឡើយ​ពេល​ដែល​មក​លេង​ទីក្រុង​ឡុង​ដ៏​។ នៅ​ទីនោះ​ក៏​មាន​មគ្គុទេសក៍​សម្រាប់​នាំ​អ្នក​ទៅ​ទស្សនា​បន្ទប់ទទួលភ្ញៀវ អំណោយ​រាជវង្ស និង​សួនច្បារ​ចាប់ពី​ខែ​កក្កដា រហូតដល់​ខែ​តុលា​ផងដែរ​។


​កន្ត្រក​វិល London Eye គឺ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​រាជវាំង Westminster ឡើយ ដោយ​វា​នៅ​ខាងលើ​ទន្លេ Thames ដែល​ហូរ​កាត់​ទីក្រុង​ឡុង​ដ៏​។ នៅពេល​ដែល​អ្នក​ឆ្លងកាត់​ទន្លេ Thames ទៅកាន់ South Bank អ្នកនឹង​មើលឃើញ​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ទីក្រុង​ឡុង​ដ៏​ពី​ក្នុង​កន្ត្រក​វិល​ដ៏​ធំ​ដែល​មានឈ្មោះ​ថា Millennium Wheel​។ នៅទីនេះ អ្នក​អាច​ដើរ​ទៅ​ទស្សនា​វិចិត្រសាល​ដ៏​ល្បីល្បាញ​នៅ​ទីក្រុង​ឡុង​ដ៏​ដែល​មានឈ្មោះ​ថា Tate Modern​។ នៅ​ទីនោះ​គឺ​មាន​តាំង​បង្ហាញ​នូវ​គំនូរ​សហ​សម័យ​ពី​គ្រប់ទិសទី​ទូទាំង​ពិភពលោក ហើយ​ការ​ចូល​ទស្សនា​គឺ​មិន​ត្រូវ​បាន​គិត​ថ្លៃ​ឡើយ​។ ប្រសិនបើ​អ្នក​មិនសូវមាន​ចំណូលចិត្ត​ជាមួយ​គំនូរ អ្នក​អាច​ចូល​ទៅ​ពិសា​អាហារសម្រន់ ឬ​កាហ្វេ​នៅ​ភោជនីយដ្ឋាន ឬ​ហាង​កាហ្វេ​នៅ​ក្បែរៗ​នោះ​បាន​។​


​នៅ​ទីក្រុង​ឡុង​ដ៏​សម្បូរ​ទៅ​ដោយ​កន្លែង​ប្រវត្តិសាស្ត្រ​ជាច្រើន​ដែល​ភាគច្រើន​គឺ​ស្ថាបត្យកម្ម​ដែល​ប្រតិ​ស្ថាន​ឡើង​ច្រូងច្រាង​នៅក្នុង​ទីក្រុង​។ ប្រសិនបើ​អ្នក​ចូលចិត្ត​ស្ថាបត្យកម្ម​ចំណាស់ៗ​នៅក្នុង​ទីក្រុង​ឡុង​ដ៏ អ្នក​គួរតែ​ទៅ​ទស្សនា​ព្រះវិហារ St Paul’s Cathedral​។ ព្រះវិហារ​នេះ​គឺ​មាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ និង​បន្សល់​មកដល់​សព្វថ្ងៃ​តាំងពី​ជំនាន់​ស្តេច​ហេន​រី​ទី ៨​។ ជាមួយ​ដំបូល​ពិតាន​ដ៏​ខ្ពស់ និង​មាន​លក្ខណៈ​សំណង់​បុរាណ វិហារ​នេះ​ច្បាស់​ជា​ធ្វើឱ្យ​អ្នក​កោតស្ញប់ស្ញែង​ជាមិនខាន​។​
Notting Hill គឺ​ជា​ទីក្រុង​ដ៏​អ៊ូអរ​ស្ថិតនៅ​ប៉ែក​ខាងលិច​ទីក្រុង​ឡុង​ដ៏​មិន​ឆ្ងាយ​ពី​រាជ​វាំង Westminster ប៉ុន្មាន​ឡើយ​។ ទីក្រុង​នេះ​មាន​ភាព​ទាក់ទាញ និង​ផ្តល់​ឱ្យ​អ្នក​នូវ​អារម្មណ៍​ដ៏​ពិសេស​។ ប្រសិនបើ​អ្នក​មក​ទស្សនា​នៅក្នុង​អំឡុង​ខែ​សីហា អ្នកនឹង​បានមក​ចូលរួម​ទស្សនា​កម្មវិធី​បុណ្យ Notting Hill Carnival ដែល​គេ​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ​។ នៅក្នុង​ពិធីបុណ្យ​នេះ​គេ​ឃើញ​មាន​ក្បួន​ដង្ហែរ ក្រុម​តន្ត្រី​ដើរ​ជា​ក្បួន អ្នក​សម្តែង​សៀក​តាមផ្លូវ លាយឡំ​ជាមួយ​នឹង​ភ្លើងពណ៌​ចម្រុះ និង​សម្លេង​តន្ត្រី​ដ៏​ពិរោះ​។ នេះ​យើងខ្ញុំ​មិន​ទាន់​និយាយ​ពី​អាហារ​នៅឡើយ​ផង​។ ក៏​ប៉ុន្តែ​ប្រសិនបើ​អ្នក​មក​លេង​ចំ​ថ្ងៃ​ធម្មតា​ពុំ​មាន​ពិធីបុណ្យ​អ្វី​ទេ អ្នក​កុំ​បារម្ភ​អី ព្រោះថា​នៅ​ទីនោះ​មាន​អ្វី​ច្រើន​ទៀត​ដែល​អ្នក​អាច​ទស្សនា​បាន​។ អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្សារ Portobello នៅ​ផ្លូវ Portobello​។ ថ្ងៃ​ល្អ​បំផុត​ដែល​អ្នក​គួរ​ទៅ​គឺ​ថ្ងៃ​សុក្រ ឬ​ថ្ងៃ​សៅរ៍ នោះ​ជា​ពេល​ដែល​ផ្សារ​ធំ​ត្រូវបាន​បើក​។ នៅ​ទីនោះ​មាន​លក់រ​បស់​គ្រប់បែបយ៉ាង​ដូចជា​វត្ថុ​បុរាណ សម្លៀក​បំពាក់ ផ្លែឈើ និង​បន្លែស្រស់ៗ​។ ជឿ​ថា​ពេល​ចេញពី​ផ្សារ​នេះ​ក្នុង​ដៃ​របស់​អ្នក​ច្បាស់​ជា​មាន​កាន់​វត្ថុ​អនុស្សាវរីយ៍​ជាមិនខាន​។ តើ​អ្នកដឹង​ទេ​ថា​ក្រុង Notting Hill គឺជា​កន្លែង​ដ៏​ល្បី​ដែល​គេ​ចូលចិត្ត​មក​ថត​ខ្សែភាពយន្ត​នៅ​ទី​នេះ​ដែរ​ឬទេ​? នេះ​ជា​ការពិត​! ដូច្នេះ​ប្រសិនបើ​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ខ្សែភាពយន្ត អ្នក​អាច​ទៅ​ទស្សនា Notting Hill Film Tour ដើម្បី​សិក្សា​ពី​ប្រវត្តិសាស្ត្រ និង​មើល​ពី​ទីតាំង​ថត​ខ្សែភាពយន្ត​ផងដែរ​។ Notting Hill ក៏​សម្បូរ​ទៅ​ដោយ​វិចិត្រសាល​ជាច្រើន ដូច្នេះ​ចូរ​កុំ​ខកខាន​ទីនេះ​អោយសោះ ប្រសិនបើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​គំនូរ​។​
​ចុងក្រោយ ប្រសិនបើ​អ្នក​មក​វិស្សមកាល​នៅ​ទីក្រុង​ឡុង​ដ៏ អ្នក​មិន​ត្រូវ​ខកខាន​ទៅ​កម្សាន្ត​សួនច្បារ Covent Gardens ឡើយ​។ នៅពេល​ដែល​អ្នក​ដឹងថា​សួនច្បារ​ដ៏​ស្រស់​ស្អាត​នេះ​ពីមុន​ធ្លាប់ជា​តំបន់​អនាធិបតេយ្យ​ដ៏​ធំ​ជាងគេ​នៅ​ប្រទេស​អង់គ្លេស នោះ​អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​មិន​ខាន​។

នៅតាម​ដងផ្លូវ​ក្នុង​សង្កាត់ Covent Garden Piazza គឺ​សម្បូរ​ទៅ​ដោយ​អ្នក​សម្តែង​សៀក និង​តូប​លក់​អាហារ និង​ឥ​វ៉ាន់​ដទៃទៀត​ជាច្រើន​។ ហើយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ល្ខោន​អូ​ប៉េ​រ៉ា ការ​មក​កម្សាន្ត​នៅ​សង្កាត់​នេះ​មិន​ធ្វើឱ្យ​អ្នកខកចិត្ត​ឡើយ​។ រោង​មហោស្រព​ល្ខោន​អូ​ប៉េ​រ៉ា Royal Opera House គឺ​ស្ថិត​នៅ​ទីនេះ ហើយ​អ្នក​អាច​ទស្សនា​ការសម្តែង​ដ៏​អស្ចារ្យ និង​ថែម​ទាំង​អាច​ដើរ​មើល​ពី​មុខ និង​ខាងក្រោយ​ឆាក​អូ​ប៉េ​រ៉ា​ថែមទៀត​ផង​ដើម្បី​មើល​ឈុត​ក្រៅ​ឆាក​មុន​ពេល​តួអង្គ​ទាំង​នោះ​ឡើង​សម្តែង​។​
​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទីក្រុង​ឡុង​ដ៏​ច្បាស់​ជា​ធ្វើឱ្យ​អារម្មណ៍​អ្នក​ស្ញប់ស្ញែង​ជាមិនខាន​។ ទាំង​ស្រស់ស្អាត ពោរពេញ​ដោយ​សំណង់​ស្ថាបត្យកម្ម​ក្លា​ស៊ី​ក​មាន​អាយុកាល​ច្រើន​សតវត្សរ៍ និង​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌​សិល្បៈ​យ៉ាងច្រើន​។ អ្នក​ច្បាស់​ជា​មិន​មាន​អារម្មណ៍​ធុញទ្រាន់​ជាមួយ​ទីក្រុង​នេះឡើយ​៕


Travel

កោះ​សាមុយ​ ​តំបន់​ទេសចរណ៍​​ក្នុងប្រទេស​ថៃ​

កោះ​សាមុយ​គឺជា​កោះ​ដែល​ទទួល​បាន​ការ​ស​សើរ​មិន​ដាច់​ពី​មាត់​ពី​អ្នកទេសចរ​ទូទាំង​ពិភពលោក​ថា​ជា…

​កោះ​សាមុយ​គឺជា​កោះ​ដែល​ទទួល​បាន​ការ​ស​សើរ​មិន​ដាច់​ពី​មាត់​ពី​អ្នកទេសចរ​ទូទាំង​ពិភពលោក​ថា​ជា “​កោះស្ថា​សួគ៌​កណ្តាល​ឈូងស​មុទ្រថៃ​” ស្ថិត​នៅ​ភាគ​ខាងកើត​ក្នុង​ខេត្ត ស៊ុ​រាតថានី ជា​កោះ​មួយ​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​កូន​ភ្នំ និង​ឆ្នេរសមុទ្រ​ដ៏​សែន​ស្អាត និង​មាន​មណ្ឌល​ទេសចរណ៍​ទាំង​ធម្មជាតិ និង​បែប​ទំនើប​ចម្រុះ​ស័ក្តិសម​សម្រាប់​គូស្នេហ៍​ទើប​រៀបកា​រហើយ​ថ្មីៗ ក៏ដូចជា​ក្រុមគ្រួសារ​ដែល​មាន​ជីវិត Lifestyle ចង់​ទៅ​ធ្វើ​ដំណើរ​ទេសច​រណ៍​កម្សាន្ត​សាង​អនុស្សាវរីយ៍​រួមគ្នា​នៅ​លើ​ដែន​កោះ​ដ៏​ប្រណីត​មួយ​នេះ​។​

​នៅពេល​ទៅ​ដល់​កោះ​សាមុយ​ហើយ សូម​ណែនាំ​ទីកន្លែង​ទេសចរណ៍​ដ៏​ល្បីៗ ដែល​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​មិន​អាច​មើល​រំលង​បាន ដូចជា​


​ថ្ម​តា​ថ្ម​យាយ​
​ជា​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម​ដោយសារ​ផ្ទាំង​ថ្ម​ដែល​មាន​រូបរាង​ចម្លែក​ប្លែក​មើល​ទៅ​ស្រដៀង​និង​អវៈយវៈ​ភេទ​បុរស​និង​ស្ត្រី​ដែល​តាំង​ច្រងាង​នៅលើ​ឆ្នេរសមុទ្រ​កោះ​សាមុយ​។ ដោយ​មាន​ប្រវត្តិ​តំណាល​តៗ​គ្នា​មក​ថា កាល​ពី​គ្រា​មុន​មាន​តា​និង​យាយ​ពីរ​នាក់​ឈ្មោះ​ថា ថា​តា​ឃ្រែង និង​យាយ​រៀម បាន​ធ្វើដំណើរ​តាម​ទូកក្តោង​មក​ស្តីដណ្តឹង​កូនស្រី​របស់​លោកតា​ម៉ុង ឡាយ នៅឯ​ខេត្ត​ប្រា​ជួប​ឃឺ​រី​ខាន់ តែ​នៅតាម​ផ្លូវ​មាន​កើត​ខ្យល់ព្យុះ​បោកបក់​យ៉ាងខ្លាំង​បណ្តោយអោយ​ទូក​ក្រឡាប់​លិច ធ្វើ​អោយ​តា​យាយ​ស្លាប់​បាត់បង់​ជីវិត នឹង​ត្រូវ​ទឹករលក​បោក​រុញ​មកទើ​រលើ​ច្រាំង​ក្លាយទៅជា ថ្ម​តា ថ្ម​យាយ រហូតមកដល់​សព្វថ្ងៃ​។ ហើយ​ទី​នេះ​ថែម​ទាំង​ជា​ទីកន្លែង​សម្រាប់​ទស្សនា​ផ្ទៃមេឃ​ពេល​អស្តង្គត​ដ៏​ស្រស់ត្រកាល​ទៀតផង​។​

​ឆ្នេរ​បាង​ប៉​
​ជា​ឆ្នេរ​រខ្សា​ច់​សស្គុ​សដែល​សណ្តូក​ខ្លួន​តាម​បណ្តោយ​សមុទ្រ​វែង​អន្លាយ​ដាច់​កន្ទុយភ្នែក​ស័ក្តស​មស​ម្រាប់ការ​លេង​ទឹកសមុ​ទ្រ និង​ការកម្សាន្ត​ផ្សេងៗ​ដូចជា ជិះទូក លេង​បាល់ ឬ​មុជទឹក​លេង​មើល​ផ្កាថ្ម​ជាដើម​។ ឆ្នេរ​បាង​ប៉​នេះ​ជា​ឆ្នេរ​ហាក់ដូចជា​រាង​ស្ងប់ស្ងាត់​មិនសូវមាន​មនុស្សម្នា​មក​កម្សាន្ត​ច្រើន​ប៉ុន្មាន​ឡើយ តែ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទីប្រជុំជន​កោះ​សាមុយ​ឡើយ និង​មាន​រី​សត​ទំនើប​ស្អាតៗ​ស័ក្តិសម​សម្រាប់​គូរ​ស្វាមីភរិយា​ថ្មីថ្មោង​ដែល​មក​សម្រាកលម្ហែ​ក្រេប​ទឹកឃ្មុំ​ក្រោយ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ហើយ​ថ្មីៗ​។​


ឆ្នេរ​បាង​រ៉ា​ក​
​ស្ថិតនៅ​ជាប់​នឹង​ឆ្នេ​រឈីង​មុន ហើយ​អ្នកទេសចរ​អាច​ធ្វើ​ដំណើ​រ​បន្ត​ទៅ​ដល់​កូន​កោះ​មួយ​ទៀត​ដែល​មានឈ្មោះ​ថា កោះ​ហ្វាន​។ ភ្ញៀវទេសចរ​ភាគច្រើន​និយម​ហៅ​ឆ្នេរ​នេះ​ថា BIG BUDDHA BEACH ព្រោះ​ស្ថិតនៅ​ក្នុង​បរិវេណ​រូប​ព្រះ​បដិមា​ដ៏​ធំ​មួយ​ដែល​ជា​ទីកន្លែង​គោរពបូជា​ដ៏​សំខាន់​របស់​អ្នក​រស់នៅ​លើ​កោះ​នេះ​។​


Fisherman Village
​ផ្សារ​ទីប្រជុំជន​អ្នកនេសាទ​បុរាណ​របស់​កោះ​សាមុយ ដែល​បច្ចុប្បន្ន​នេះ​បាន​ក្លាយទៅជា​តំបន់​ចំណាស់​ជាង​គេ​មួយ​ដ៏​ល្បីល្បាញ​ខាង​ទេសចរណ៍ ព្រោះ​អ្នក​ភូមិ​ទីនោះ​បាន​កែច្នៃ​ផ្ទះសំបែង​របស់​ពួកគេ​ទៅ​ជា​ភោជនីយដ្ឋាន ហាង​វត្ថុ​អនុស្សាវរីយ៍ តែ​ក៏​នៅ​តែ​រក្សា​ស​ភាពជា​ផ្ទះ​ឈើ​ម៉ូដ​បុរាណ​យ៉ាង​ល្អ​ដដែល​។ ភ្ញៀវទេសចរ​និយម​មក​ដើរ​លេង​កម្សាន្ត​នៅ​ទីនេះ​នា​ពេលយប់ ជាពិសេស​នៅ​រាត្រី​ថងៃ​សុក្រ​ដែល​ផ្លូវ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​នឹង​បើក​ធ្វើ​ជា​ផ្លូវ​ថ្មើរជើង​ដែល​គ្មាន​រថយន្ត​បើកបរ​។​


សួនសត្វ​មេអំបៅ​កោះ​សាមុយ​
​មណ្ឌល​រួបរួម​ពូជ​សត្វ​មេអំបៅ​ប្រភេទ​ផ្សេងៗ​នៅ​កណ្តាល​បរិយាកាស​ធម្មជាតិ​គឺ​ស្ថិតនៅលើ​កូនភ្នំ​ជាប់​នឹង​មាត់សមុទ្រ​ភាគខាងត្បូង​នៃ​កោះ​សាមុយ​។ នៅ​ទីនោះ​មាន​សួនផ្កា​គ្រប់​ប្រភេទ​និង​រីក​គ្រប់​រដូវ​កាល ដើម្បី​ធ្វើជា​កន្លែង​រស់នៅ​របស់​ហ្វូង​មេអំបៅ​ចម្រុះ​ពណ៌​ដ៏​ច្រើន និង​មាន​បរិវេណ​រៀបចំ​សម្រាប់​អោយ​ភ្ញៀវ​ទេសចរ​បាន​ទស្សនា និង​ថត​យក​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​នេះ​ទៀតផង​។


Central Festival Samul
​ក្រៅ​ពី​តំបន់​ទេ​សចណ៍​បែប​ធម្មជាតិ​ហើយ​នោះ នៅក្នុង​ទីប្រជុំជន​កោះ​សាមុយ​ក៏​មាន​ផ្សារ​ទំនើប​សម្រាប់​ភ្ញៀវទេសចរ​ដែល​ទៅ​ដើរ​លេង​កម្សាន្ត​ជា​លក្ខណៈ​ក្រុម​គ្រួសារ​ផង​ដែរ​ដូចជា មជ្ឃមណ្ឌល Central Festival Samul ដែល​ជា​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​ទំនើប និង​សម្បូ​ប​បែប ហើយ​នៅ​លើ​កោះ​សាមុយ​ថែមទាំង​មាន​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ទំនើបៗ​លំដាប់​ផ្កាយ​៥ ជាច្រើន​កន្លែង​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់​ស្នាក់នៅ​ក្នុង​ទីប្រជុំជន ដែលជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ថៃ​មួយ​នេះ​ផង​ដែរ​៕

4.0.1

Continue Reading

Travel

ទីក្រុង​វប្បធម៌​នៃ​អាហ្វ្រិក​ខាងត្បូង​

​ទីក្រុង Cape គឺ​ជា​ទីក្រុង​ឆ្នេរ​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​សម្បូរ​ទៅដោយ​ទេសភាព​ស្អាតៗ និង​ល្បីល្បាញ​លើ​ផ្នែក​….

ទីក្រុង Cape
​ទីក្រុង Cape គឺ​ជា​ទីក្រុង​ឆ្នេរ​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​សម្បូរ​ទៅដោយ​ទេសភាព​ស្អាតៗ និង​ល្បីល្បាញ​លើ​ផ្នែក​ជាច្រើន​ដូចជា​ផ្នែក​ហ្វេ​ហ្សិន ម្ហូបអាហារ និង​ជា​ទី​បណ្តុំ​នៃ​សិល្បៈ​ជាច្រើន​។ ប្រទេស​អាហ្វ្រិក​មិន​ត្រឹមតែ​ជា​តំបន់​ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌ និង​ភាព​ច្នៃប្រឌិត​ប៉ុណ្ណោះ​ទេ តែ​ប្រទេស​នេះ​ក៏​ជា​កន្លែង​ដែល​បណ្តា​សិល្បករ​នានា​មិន​អាច​រំលង​បាន​ឡើយ​។ សិល្បករ​ក្នុងស្រុក ក៏ដូចជា​សិល្បករ​ដែល​ធំធាត់​ឡើង​នៅ​ទូទាំង​អាហ្វ្រិក​ខាងត្បូង​បាន​នាំ​គ្នា​បង្កើត​ម៉ាក​ផ្ទាល់​ខ្លូន ហើយ​វិចិត្រសាល​ជា​ច្រើន​ចាប់ផ្តើម​រីកដុះដាល រីឯ​ម្ហូបអាហារ​នៅ​ប្រទេស​នេះ​ក៏​ជា​ផ្នែក​ទាក់ទាញ​ដ៏​ធំ​ដែល​បាន​ទាក់ចិត្ត​អ្នកទេសចរ​ឱ្យ​មក​កម្សាន្ត​នៅ​ទីនេះ​ផងដែរ​។

​គ្រប់​កន្លែង​ជា​ពិស្ត​បង្ហាញម៉ូដ​…
​មិន​ថា​តាម​ដងផ្លូវ ឬ​ពិស្ត​បង្ហាញម៉ូ​ដឡើយ វិស័យ​ហ្វេ​ហ្សិន​នៅ​ទីក្រុង Cape បាន​ក្លាយ​ជា​ទីតាំង​ប្រកួតប្រជែង​បង្អួត​ស្តាយល៍​ដ៏​សម្បើម​។ ក្នុងនោះ​មាន​ម៉ាក​សម្លៀកបំពាក់ គ្រឿងអលង្ការ និង​គ្រឿង​តុបតែង​ខ្លួន​ល្បីៗ​ជាច្រើន​ដូចជា​ម៉ាក Selfi ម៉ាក Momo ម៉ាក Pichulik និង​ម៉ាក Dear Rae​។​
​ម៉ាក​សម្លៀកបំពាក់ Selfi បាន​ដាក់បញ្ចូល​រូបភាព​បែប 3D ទៅ​លើ​ផ្ទៃ​ក្រណាត់​នៃ​សម្លៀកបំពាក់​ដែល​ខ្លួន​បាន​ច្នៃ​។ ការច្នៃ​ម៉ូដ​បែប​នេះ​មើលទៅ​ប្លែក​ភ្នែក​អាច​ស្លៀក​ពាក់បាន​គ្រប់​ស្ថានភាព​មិន​ថា​នៅ​ការិយាល័យ កម្មវិធី​ផ្លូវការ ឬ​កម្មវិធី​ជប់លៀង​ផ្សេងៗ​ឡើយ​។ ក្រុមហ៊ុន​នេះ​បានដាក់​ងារ​ឱ្យ​ខ្លួន​ឯង​ថា​ជា​ម៉ាក​ដែល​ព្យាយាម​រិះរក “​ពហុ​ស្តាយល៍​ដែល​ស័ក្តិសម​គ្រប់​ស្ថានភាព​” ដោយ​ផ្តោត​សំខាន់​ទៅលើ​ចំណុច​ធំៗ​ដូចជា​ងាយស្រួល​ស្លៀកពាក់ មើល​ទៅ​ផ្លូវការ និង​ស័ក្តិសម​គ្រប់​កម្មវិធី​។ អ្វី​ដែល​ពិសេស​នោះ​គឺ​សាច់​ក្រណាត់​នីមួយៗ​ត្រូវបាន​ផលិតឡើង​ដោយ​អ្នកស្រុក និង​អ្នក​នៅ​ក្បែរ​ខាង​នៃ​ទីក្រុង Cape​។​
​ម៉ាក Momo សម្បូរ​ទៅដោយ​ម៉ូដ​កាបូប ស្បែកជើងសង្រែក​ស្អាតៗ​ពណ៌​ចម្រុះ និង​របស់របរ​ជា​ច្រើន​ទៀត​ដែល​មាន​ក្បាច់ក្បូរ​តូចៗ​បន្ថែម​ពីលើ​គួរ​ជាទី​ចាប់ចិត្ត​។ ក្រៅពី​មាន​ពណ៌​ភ្លឺ​លេច គេ​ក៏​ឃើញ​មាន​ស្តា​យល៍​សម័យថ្មីៗ និង​ម៉ូដ​ផ្សេងៗ​ជាច្រើន​ដែល​ស័ក្តិសម​គ្រប់​ទំហំ​រាងរៅ​របស់​អតិថិជន​ផងដែរ​។ កូលិក​ហ្សិន​ថ្មី​ចុងក្រោយ​បំផុត​របស់​ម៉ាក​នេះ​គឺ​ផ្តោតលើ​ពណ៌​ស និង​ពណ៌​ខ្មៅ​ដើម្បី​ឱ្យ​មើល​ទៅ​លេចធ្លោ​ប្លែក​ភ្នែក​ដែល​អាច​ឱ្យ​អ្នកទិញ​អាច​ស្ពាយ ឬ​ពាក់​ទៅ​ធ្វើការ ឬ​ទៅ​ចូលរួម​ពិធី​ជប់លៀង​ផ្សេងៗ​។
​ម៉ាក Pichulik គឺជា​ម៉ាក​គ្រឿងអលង្ការ និង​គ្រឿង​តុបតែង​ខ្លួន​ច្នៃ​ម៉ូដ​ដោយ​ដៃ​យក​គំរូ​ស្តា​យល៍​តាម​ហ្វេ​ហ្សិន​បែប​ឥណ្ឌា​មាន​ទីតាំង​នៅ​ទីក្រុង Cape​។ រាល់​គ្រឿងអលង្ការ​នី​មួយៗ​ត្រូវបាន​ច្នៃ​ម៉ូដ​ដោយ​ផ្ចិតផ្ចង់​ប្លែកៗ​ពីគ្នា ពោល​គឺ​គ្មាន​ម៉ូដ​ណា​ដែល​ដូចគ្នា​ឡើយ​។ ម៉ូដ​គ្រឿងអលង្ការ​ទាំងនេះ​ក៏​អាច​ពាក់​គូ​ជាមួយ​ម៉ូដ​សម្លៀកបំពាក់​សាមញ្ញ ឬ​ម៉ូដ​ទាន់សម័យ​ក៏បាន ស័ក្តិសម​បំផុត​សម្រាប់​ពាក់​ទៅ​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ជាមួយ​មិត្ត​ជិតស្និទ្ធ​របស់​អ្នក​។
​ម៉ាក Dear Rae ជា​ម៉ាក​គ្រឿងអលង្ការ​ដែល​ផ្តោត​លើ​៖ ម៉ូដ​តូចៗ ភាពស្រស់ស្អាត និង​ប្លែក​ពី​គេ​។ កូលិក​ហ្សិ​ន​គ្រឿងអ​លង្ការ​ដែល​បង្ហោះ​ក្នុង​គេហទំព័​របស់​ម៉ាក​នេះ​មើល​ទៅ​គឺ​ស្រស់​ស្អាត​ចាប់ចិត្ត​តែម្តង​ដោយ​ម៉ូដ​ទាំងនេះ​គឺ​ច្នៃ​ម៉ូដ​ដោយ​ក្រុម​សិល្បករ​តូច​មួយ​ក្នុងស្រុក​ដែល​មាន​គោលបំណង​ពង្រីក​វិស័យ​ហ្វេ​ហ្សិន​មិន​ត្រឹមតែ​នៅក្នុង​ទីក្រុង Cape តែ​ប៉ុណ្ណោះ​ទេ​តែ​គឺ​នៅ​ទូទាំង​អាហ្វ្រិក​ខាងត្បូង​។
​អ្នក​អាច​ស្វែងរក​ម៉ាក​ហ្វេ​ហ្សិន​ទាំងនេះ​នៅ​តាម​វិថី​ធំៗ​នៅក្នុង​ទីក្រុង Cape ឬ​តាម​អន​ឡាញ ឬ​តាមដាន​ម៉ាក​ទាំង​នេះ​នៅក្នុង​កម្មវិធី​សប្តាហ៍​ហ្វេ​ហ្សិន​ដែល​គេ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​នៅ​ទីក្រុង Cape​។​


​សម្បូរ​ទៅដោយ​ការតាំងពិព័រណ៍​ស្នាដៃ​សិល្បៈ​…
​ដោយសារ​សម្បូរ​ទៅដោយ​សិល្បករ​មាន​សមត្ថភាព មាន​ទឹកដៃ កម្លាំងចិត្ត និង​សក្តានុពល​ធ្វើឱ្យ​ទីក្រុង Cape ជា​សន្សឹមៗ​បាន​ក្លាយជា​តំបន់​បណ្តុំ​វប្បធម៌​សម្រាប់​សិល្បករ​ទាំងឡាយ​។ ពេល​នេះ​ទីក្រុង​ឆ្នេរ​មួយ​នេះ​គឺ​ពោរពេញ​ទៅដោយ​ទីប្រជុំជន សាល​ពិព័រណ៍​ថ្មីៗ និង​ភ្ញៀវទេសចរ​ជាច្រើន​។ សាល​ពិព័រណ៍​ទាំងនេះ​មាន​តាំង​បង្ហាញ​ពី​ស្នាដៃ​សិល្បៈ​ជនជាតិ​អាហ្វ្រិក ស្នាដៃ​សិល្បៈ​ទូទាំង​ពិភពលោក រួម​នឹង​វិចិត្រសាល​លំដាប់​ពិភពលោក Cape Gallery ពោល​គឺ​នៅ​ទីនេះ​មាន​ជម្រើស​សាល​ពិព័រណ៍​ជាច្រើន​សម្រាប់​ឱ្យ​អ្នក​ជ្រើសរើស​ទៅ​ទស្សនា​។


​វិចិត្រ​សាល Worldart នៅ City Bowl
​ដោយសារតែ​វិចិត្រករ​ទាំងឡាយ​អាច​ដាក់​តាំង​លទ្ធផល​ស្នាដៃ​របស់​ខ្លួន​នៅក្នុង​វិចិត្រសាល​ដ៏​ពិសេស​នេះ ធ្វើឱ្យ​វិចិត្រសាល​នេះ​ពោរពេញ​ទៅ​ដោយ​ស្នាដៃ​ប្លែកៗ និង​ពិសេសៗ​ជាច្រើន​។ រាល់​ស្នាដៃ​សិល្បៈ​គំនូរ​ក្នុង​វិចិត្រសាល​នេះ​គឺ​មាន​គ្រប់​ប្រភេទ​រួម​មាន​ប្រភេទ​គំនូរ​អាគ្រី​លិក គំនូរ​ប្រភេទ​ប្រេង​ប៉ា​ស្តែល គំនូ​រវាស និង​ប្រភេទ​គំនូរ​ជាច្រើន​ទៀត​។ មិនតែប៉ុណ្ណោះ​វិចិត្រករ​ទាំងឡាយ​ក៏​អាច​ដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ទៅកាន់​ពិភពលោក​តាមរយៈ​ការដឹកជញ្ជូន​គំនូរ​ណាមួយ​ក្នុង​កូលិក​ហ្សិន​ដែល​ខ្លួន​ពេញ​ចិត្តឆ្លង​ប្រទេស​បាន​ផងដែរ​។ វិចិត្រ​សាល Worldart គឺជា​កន្លែង​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​ជួយ​ដល់​វិចិត្រករ​ជនជាតិ​អាហ្វ្រិក​ដែល​មាន​បំណង​ចង់​ឱ្យ​ពិភពលោក​បាន​ស្គាល់​ពី​ស្នាដៃ​របស់​ខ្លួន​។​


​សារមន្ទីរ​ជាតិ​អ៊ី​ហ្ស៊ី​កូ​អាហ្វ្រិក​ខាងត្បូង​
​សារមន្ទីរ​នេះ​គឺ​ប្រមូលផ្តុំ​ទៅ​ដោយ​កូលិក​ហ្សិន​ស្នាដៃ​សិល្បៈ​ទូ​ទាំង​អាហ្វ្រិក និង​អឺរ៉ុប​។ សា្ន​ដៃ​សិល្បៈ​ទាំងនោះ​ខ្លះ​មក​ពី​ចក្រភព​អង់គ្លេស បារាំង ហូឡង់ដ៍ ប៊ែលហ្ស៊ិក និង​ស្នាដៃ​សិល្បៈ​ទាក់ទាញ​ជាច្រើន​ទៀត​មកពី​អាហ្វ្រិក​ខាងត្បូង និង​បណ្តា​ប្រទេស​អាហ្វ្រិក​ដទៃទៀត​។ សារមន្ទីរ​នេះ​គឺ​តែងតែ​ផ្លាស់ប្តូរ​រហូត​ជាមួយ​ការ​ការតាំងពិព័រណ៍​ប្លែកៗ​ដែល​គេ​តែងតែ​បញ្ចូល​ថ្មីៗ​ជាប្រចាំ ដូច្នេះ​គ្រប់​ពេល​ដែល​ភ្ញៀវ​ដែល​មក​លេង​ពួកគេ​នឹង​បាន​ទស្សនា​ស្នាដៃ​សិល្បៈ​ថ្មីៗ​រហូត​។ ភាគច្រើន​ស្នាដៃ​សិល្បៈ​ក្នុង​សារមន្ទីរ​នេះ​មានដូចជា​ផ្ទាំងគំនូរ​គ្រប់​ទំហំ រូបថត រូបចម្លាក់ រូប​សូន​ពី​ដីឥដ្ឋ តម្បាញ និង​ស្ថាបត្យកម្ម​ត្បូង​។


​វិចិត្រ​សាល Cape Gallery
​កន្លែង​ដ៏​លេចធ្លោ​ប្រចាំ​ទីក្រុង Cape គឺ​វិចិត្រសាល Cape Gallery ដែល​ជា​ទី​តាំងពិព័រណ៍​សិល្បៈ​តូច​មួយ​ដ៏​វិសេសវិសាល​។ វិចិត្រសាល​នេះ​ពោរពេញ​ដោយ​ក្បាច់ក្បូរ​ស្នាដៃ​សិល្បៈ​តាម​ដងផ្លូវ​រួម​នឹង​ស្នាដៃ​រចនា​រូបភាព​ពណ៌​ចម្រុះ​ដែល​ឆ្លុះ​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជនជាតិ​អាហ្វ្រិក ធ្វើឱ្យ​វិចិត្រសាល​នេះ​មើលទៅ​រស់​រវើក​គួរ​ឱ្យ​ស្ញប់ស្ញែង សម្រាប់​អ្នក​ដែល​ចូលចិត្ត​គំនូរ​តាម​ដងផ្លូវ​ច្បាស់​ជា​ពេញចិត្ត​ទីនេះ​មិន​ខាន​។ ជាមួយ​សា្ន​ដៃ​សិល្បៈ​ជាច្រើន​ដូចជា​ការ​រចនា​រូបភាព និង​រូបចម្លាក់ អ្នក​ច្បាស់​ជា​មិន​ជិនណាយ​ជាមួយ​ស្នាដៃ​ប្រកបដោយ​ទេពកោសល្យ​ទាំង​នេះ​ឡើយ​។


​រសជាតិ​ពិត​នៃ​អាហារ​អាហ្វ្រិក​ខាងត្បូង​…
​សាកល្បង​ទទួលយក​បទពិសោធន៍​ជាមួយ​រសជាតិ​ពិត​នៃ​អាហារ​អាហ្វ្រិក​ខាងត្បូង​ជាច្រើន​មុខ ក្នុងនោះ​រួមមាន​អាហារ​កាត់​អឺរ៉ុប និង​អាហារ​ប្រពៃណី​អាហ្វ្រិក​ដែល​ជា​ស្នាដៃ​របស់​អ្នកស្រុក​នៅ​ទីនោះ​។ ជាមួយ​ការ​លាយ​បញ្ចូល​គ្នា​នៃ​រសជាតិ​អាហារ​ម៉ាឡេ ម៉ារ៉ុក ក្រិក និង​អាស៊ី​បង្កើតបាន​ជា​អាហារ​អាហ្វ្រិក​ដ៏​ឆ្ងាញ់​ពិសា​ធ្វើឱ្យ​អ្នក​បំភ្លេច​មិនបាន​។
​អាហារ​អាហ្វ្រិក គឺជា​អាហារ​ចម្បង​ក្នុង​ចំណោម​អាហារ​ដទៃទៀត​របស់​ទីក្រុង Cape ដែល​ភាគច្រើន​នៃ​អាហារ​នេះ​គឺ​ធ្វើ​ពី​ពោត និង​គ្រឿង​ធញ្ញជាតិ​ចម្រុះ​ដទៃទៀត ហើយ​អាហារ​នេះ​ក៏​ជា​អាហារ​គ្រឹះ​ដែល​បាន​បង្កើត​មុខម្ហូប​ផ្សេងៗ​ជាច្រើន​ផងដែរ​។ មិន​ថា​អាហារ​លក់​នៅ​តាម​ដងផ្លូវ ឬ​លក់​នៅ​តាម​ឡាន​ឡើយ​គឺ​សុទ្ធតែ​មាន​រសជាតិ​ឆ្ងាញ់ៗ​រួម​មាន​ពោត​អាំង មុខ​ម្ហូប Umngqusho (​គ្រាប់ពោត​ស្ងួត​លាយ​ជាមួយ​សណ្តែក​) និង​សាច់​អាំង​។ នៅ​ទីនោះ​ក៏​មាន​បម្រើ​ជូន​អាហារ​អឺរ៉ុប​លក់​តាម​ឡាន​ដូចជា​នំ​ដុត ភីហ្សា និង​នំ Burrito ដើម្បីឱ្យ​អ្នកទេសចរ​អាច​រីករាយ​នឹង​បទពិសោធន៍​នៃ​រសជាតិ​ទាំងពីរ​បាន​។


​អាហារ Afrikanns ភាគច្រើន​ទទួល​ឥទ្ធិពល​ពី​អាហារ​ប្រទេស​ហូ​ឡង់​ដ៏ បារាំង និង​អាល្លឺម៉ង់ ដែល​ប្រទេស​ទាំងនេះ​បាន​បង្កើត​នូវ​មុខម្ហូប​ឆ្ងាញ់ៗ និង​មានឱជារស​ជាច្រើន​។ ដោយសារ​តែ​ឥទ្ធិពល​នៃ​អាហារ​របស់​ប្រទេស​ទាំងនេះ​ធ្វើឱ្យ​អាហារ Afrikanns មាន​បង្កប់​នូវ​អារម្មណ៍​បែប​អឺរ៉ុប តួយ៉ាង​ដូចជា​មុខម្ហូប Boerewors (​សាច់ក្រក​) potjiekos (​សាច់ ឬ​បន្លែ​ស្ងោរ​) និង​អាហារ​ដទៃទៀត​ដែល​គេ​ទទួលទាន​ផ្ទាប់​ជាមួយ​បន្លែ​ស្រោច​ជា​មួយ​ទឹក​ស៊ីរ៉ូ ទឹកឃ្មុំ ស្ករ ឬ​ឈើអែម​។ សាច់​ងៀត​ប្រឡាក់​គឺជា​មុខម្ហូប​ដ៏​ពេញនិយម​នៅ​ទីក្រុង Cape ដែល​អាហារ​នេះ​គឺ​ទទួល​ឥទ្ធិពល​ពី​អាហារ Afrikanns​។ ទីក្រុង Cape គឺ​ល្បី​ខាង​អាហារ​ផ្អាប់ ហើយ​អាហ្វ្រិក​ខាងត្បូង​គឺ​ល្បី​ខាង​សាច់​ប្រឡាក់​ងៀត ឬ Biltong និង​ដំណាប់​ផ្អែម​ដ៏​ឆ្ងាញ់ សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​បង្អែម​ច្បាស់​ជា​មិន​ខកចិត្ត​ឡើយ​។​


​អាហារ Cape Malay មាន​រសជាតិ​ហឹរ​ខ្លាំង​ជាង​អាហារ​អាហ្វ្រិក​ខាងត្បូង ដែល​អាហារ​ទាំងនេះ​ភាគច្រើន​ជា​គ្រឿង​សមុទ្រ ការី ត្រី​ផ្អាប់ ត្រី​ស្ងោរ និង​នំ​បុ័ង​។ អាហារ Cape Malay រួម​មាន​មុខម្ហូប​ដូច​ជា​ការី​សាច់ សាច់ និង​បន្លែ​ស្ងោរ និង​សាច់​ដោត​ចង្កាក់​។ អាហារ​ទាំងនេះ​គឺ​ទទួល​ឥទ្ធិពល​ខ្លាំង​ពី​អាហារ​អាស៊ី ហើយ​អាហារ​ទាំងនេះ​នៅ​តែ​ទទួលបាន​ការពេញនិយម​ពី​សំណាក់​អ្នក​សហគមន៍​ក្នុង​ទីក្រុង Cape ដែល​សហគមន៍​នេះ​បាន​នាំមក​នូវ​អាហារ​ប្រវត្តិសាស្ត្រ​របស់​ទីក្រុង Cape ឆ្ងាញ់ៗ​គួរឱ្យ​ចាប់អារម្មណ៍​ឱ្យ​ពិភពលោក​បាន​ស្គាល់​។​


​ទីក្រុង Cape សម្បូរ​ទៅដោយ​វប្បធម៌​ចម្រុះ ភាព​ច្នៃប្រឌិត និង​សក្តានុពល ដែល​អ្វី​ទាំងនេះ​គឺជា​មូលហេតុ​ដែល​នាំឱ្យ​ទីក្រុង​ឆ្នេរ​មួយ​នេះ​ក្លាយជា​ទីក្រុង​អ៊ូអរ និង​រស់​រវើក​។ ជាមួយ​នឹង​ភាព​អ៊ូអរ និង​សម្រស់​ដ៏​ត្រកាល​នៃ​សមុទ្រ​អាហ្វ្រិក​ខាងត្បូង រួម​នឹង​អាហារ ហ្វេ​ហ្សិន និង​ស្នាដៃ​សិល្បៈ​នានា​បាន​រុញច្រាន​ទីក្រុង Cape ឱ្យ​កាន់តែ​រីកចម្រើន និង​ក្លាយជា​ទីក្រុង​លំដាប់​ពិភពលោក​មួយ​ដែល​ពោរពេញ​ភាព​ច្នៃប្រឌិត និង​វប្បធម៌​ចម្រុះ​៕

Continue Reading

Travel

​ទេ​សភាព​បែប Switzerland ក្នុង​ប្រទេស​ឥណ្ឌា​

រដ្ឋ Manipur ទីឋាន​សណ្តំ​ដួងចិត្ត​…..

​វា​ជា​រឿង​គួរឱ្យ​សោកស្តាយ​មែនទែន​នៅពេលដែល​មាន​នូវ​អំពើហិង្សា និង​ភាពអសន្តិសុខ​នៅក្នុង​ទីក្រុង Imphal​។ ឋានសួគ៌​ដ៏​មនោ​រម្យ​នេះ​គឺ​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា​ដែល​ធ្វើឱ្យ​អ្នក​មក​លេង​កម្សាន្ត​មកលេង​ម្តង​ហើយ​ចង់​មកលេង​ម្តងទៀត​។


​រដ្ឋ Manipur ជា​តំបន់​រតន​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ទីវាល​កូន​ភ្នំ និង​ស្ថិតនៅ​ជាប់​ព្រំប្រទល់​ប្រទេស​មី​យ៉ាន់​ម៉ា​។ ពោរពេញ​ទៅ​សម្បត្តិ​វប្បធម៌​ចម្រុះ Manipur គឺជា​រដ្ឋ​មួយ​ដែល​លាយឡំ​ទៅដោយ​ភាពទាន់សម័យ និង​ប្រពៃណី​ពី​បរម​បុរាណ​។ ជាមួយ​បឹង​ធម្មជាតិ វាលស្មៅ​ខៀវខ្ចី​នៅ​ជើងភ្នំ ទឹកធ្លាក់​ច្រើន​ដំណាក់ ទន្លេ​រាង​ក្រវិច​ក្រវៀន ព្រៃភ្នំ និង​ទេសភាព​ដ៏​ទាក់ទាញ អ្នកទេសចរណ៌​ច្បាស់​ជាជាប់​ចិត្ត​ជា​មួយរ​ដ្ឋ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ជាក់​ជាមិនខាន​។ ដូច្នេះហើយ​ទើប​តំបន់​មួយ​នេះ​ត្រូវបាន​គេ​ហៅថា​ជា​តំបន់​ដែល​មាន​ទេ​សភាព​បែប Switzerland ក្នុង​ប្រទេស​ឥណ្ឌា​។​


ភាពល្បីល្បាញ​នៃ​រដ្ឋ Manipur
​រដ្ឋ Manipur ទទួលបាន​ភាពល្បីល្បាញ​តាមរយៈ​ទម្រង់​របាំ ប្រពៃណី​ទំនៀមទម្លាប់ និង​សម្លៀក​បំពាក់​របាំ​ដែល​ត្បាញ​ដោយ​ដៃ​។ តំបន់​ដ៏​អ៊ូអរ​នៃ​រដ្ឋ​នេះ​គឺ​ទីក្រុង Imphal ដែល​ជា​ទីក្រុង​ធំ​ប្រចាំ​រដ្ឋ​នេះ​។
​ដំណើរ​កម្សាន្ត​របស់ខ្ញុំ​ទៅ​កាន់​ទីក្រុង Imphal គឺ​មាន​រយៈពេល​ខ្លី​ណាស់ ដោយសារ​ខ្ញុំ​ត្រូវ​ទៅ​ចូលរួម​ពិធី​មង្គលការ​មិត្ត​ភ័ក្តិ​នៅ​ទីនោះ ក៏​ដូច​ជា​ទៅ​ទស្សនា​ផ្ទាំងគំនូរ​ប្រពៃណី និង​ស្វែងយល់​ពី​វប្បធម៌​នៃ​រដ្ឋ​នេះ​ផង​ដែរ​។ ទីក្រុង​តូច​ដ៏​អ៊ូអរ​មួយ​នេះ​ប្រកប​ទៅ​ដោយ​ប្រជាជន​ដែល​មាន​ភាព​រួសរាយ ដាក់ខ្លួន និង​គួរសម ជឿជាក់​ថា​នៅពេល​ដែល​អ្នក​ត្រលប់​ទៅ​វិញ អ្នក​ច្បាស់​ជា​មាន​អនុស្សាវរីយ៍​ល្អៗ​ជាមិនខាន​។ ការដើរ​កម្សាន្ត​ជាមួយ​ប្រជាជន​ក្នុងស្រុក​គឺ​ផ្តល់​នូវ​ភាពងាយស្រួល​ទាំង​ការទំនាក់ទំនង​ក៏​ដូចជា​ដឹង​ថា​កន្លែង​ណា​ដែល​លក់​អាហារ​ឆ្ងាញ់ៗ និង​កន្លែង​ដែល​ប្រកបដោយ​សុវត្ថិភាព​ដែល​អាច​ធានាបាន​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​ទៀតផង​។ ការ​ចេញ​ដើរ​លេង​គឺ​មាន​ម៉ោង​កំណត់​នៅ​តាម​តំបន់​មួយចំនួន​នៃ​សង្កាត់​ភាគ​ខាងកើត​នៃ​ទីក្រុង Impha រដ្ឋ Manipur​។ ជា​រៀងរាល់ថ្ងៃ​ផុត​ពី​ម៉ោង ៦ ល្ងាច​អ្នកដំណើរ​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ដើរ​តាម​ដងផ្លូវ​ឡើយ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​ចេញ​ដើរ​ដូច​ធម្មតា​។ ប្រជាជន​រដ្ឋ Manipur ចាប់ផ្តើម​ជីវិត​ប្រចាំ​ថ្ងៃ​តាំងពី​ម៉ោង ៥ ព្រឹក ញ៉ាំ​អាហារ​ថ្ងៃត្រង់​ម៉ោង ១០ ព្រឹក ហើយ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅពេល​ល្ងាច បន្ទាប់​មក​ចាប់ពី​ម៉ោង ៦ ទៅ​អ្នកស្រុក​មិន​ត្រូវ​ដើរ​ចេញ​ក្រៅ​ឡើយ​។ ពាក្យស្លោក​របស់​អ្នក​នៅ​តំបន់​នេះ​គឺ “​គេង​ពី​ព្រលប់​ងើប​ពី​ព្រលឹម ធ្វើឱ្យ​មនុស្ស​មាន​សុខភាព​ល្អ រក​ប្រាក់​បាន​ច្រើន និង​យល់ដឹងបាន​ច្រើន​!” ថ្វី​ត្បិត​ទីក្រុង Imphal តូច​មែន​តែ​ទីក្រុង​នេះ​មាន​វត្ថុ​ចាំបាច់​សព្វ​គ្រប់បែបយ៉ាង​ដូចជា​ហាង​ស្បែកជើង ហាង​នំ​បុ័ង ហាង​លក់​គា​វ ធនាគារ និង​ម៉ាស៊ីនអេ​ធី​អឹម​។ សម្រាប់អ្នកទេសច​រដែ​ល​ចូលចិត្ត​ពិសា​គ្រឿង​ស្រវឹង រដ្ឋ Manipur មាន​ច្បាប់​ត្រឹមត្រូវ មុន​នឹង​អ្នក​ផឹកស្រា អ្នក​ត្រូវ​មាន​លិខិតអនុញ្ញាត​ពិសា​គ្រឿង​ស្រវឹង​ជា​មុន​ទើប​បាន​។


​រាជ​វាំង Kangla៖ តំបន់​វេទមន្ត​សណ្តំ​ដួងចិត្ត​
​រាជ​វាំង Kangla Fort គឺជា​កន្លែង​ដែល​ធ្វើឱ្យ​អ្នក​មក​កម្សាន្ត​នឹកឃើញ​ទៅដល់​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរ​បែប​របស់​រដ្ឋ Manipuri​។ អគារ​នេះ​ហ៊ុម​ព័ទ្ធ និង​ការពារ​ដោយ​ជញ្ជាំង ដែល​កន្លែង​នេះ​ពី​មុន​គឺជា​រាជវាំង​របស់​ស្តេច Manipuri​។ តែ​គួរ​ឱ្យ​ស្តាយ សព្វថ្ងៃ​នេះ​រាជវាំង​នេះ​នៅ​សល់​តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នក​ជា​មនុស្ស​គោរព​សាសនា អ្នក​គួរតែ​ទៅ​ទស្សនា​ព្រះវិហារ Govindajee និង Kamakhya ។ ព្រះវិហារ​ដ៏​ស្រស់​ស្អាត​ទាំងនេះ​គឺ​សាងសង់ឡើង​ដើម្បី​ឧទ្ទិស​ទៅដល់​ព្រះ Ibudhou Pakhangba ដែល​ជា​អាទិទេព​ធំ​នៃ​រដ្ឋ​នេះ​។ នៅ​ជិត​ព្រះវិហារ​នេះ​គឺ​មាន​សារមន្ទីរ​កញ្ចក់ Hiyang Hiren ដ៏​ល្បីល្បាញ ដែល​តាំង​បង្ហាញ​ទូក​ចំនួន​បួន ដោយ​មាន​ទូក​ពីរ​ជា​គំរូ​ដើមពី​ទូក​បុរាណ ដែល​ទូក​ទាំងនេះ​ត្រូវបាន​គេ​ជឿ​ថា​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អាទិទេព​បុរស និង​អាទិទេព​នារី និង​ត្រូវបាន​គោរព​ដោយ​ប្រជាជន​ក្នុងស្រុក​ភាគច្រើន ចំណែក​ទូក​ពីរ​ទៀត​គឺ​ត្រូវបាន​ប្រើប្រាស់​ដោយ​ស្តេច​ធ្វើ​ជា​ទូកប្រណាំង​។​
​សារមន្ទីរ Kangla និង​ប្រាសាទ​ដ៏​អស្ចារ្យ​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​រាជវាំង​នេះ​។ នៅពេល​ដែល​ទៅ​ដល់​ទីនោះ អ្នក​មិន​ត្រូវ​រំលង​កីឡដ្ឋាន​ដ៏​ស្រស់​ស្អាត​របស់​ទីក្រុង​នេះឡើយ​។ ដូច្នេះ​ហើយ​អ្នក​មិនបាច់​ឆ្ងល់​ទេ​ថា រដ្ឋ Manipur គឺជា​កន្លែង​កំណើត​នៃ​ល្បែង​រាជវង្ស​។


​រីករាយ​នឹង​ការទិញ​ទំនិញ​
​បើទោះបីជា​មាន​បម្រាម​គោចរ ការការពារ​ប្រដាប់​ទៅ​ដោយ​អាវុធ ឬ​ពិធីការ​ផ្សេងៗ​ក៏ដោយ អ្វី​ដែល​អ្នក​មិន​អាច​រំលង​បាន​គឺ​ការដើរ​ទិញ​ទំនិញ​ក្នុង​ផ្សារ Ima Market ដ៏​មមាញឹក និង សម្បូរ​ទៅដោយ​គ្រឿង​ត្បាញ​ពី​ដៃ​ដ៏​ស្រស់ស្អាត​ជាច្រើន​ប្រភេទ​ខុសប្លែក​ពី​គ្នា​។ ដែល​ក្នុងនោះ​មានដូចជា​កន្សែង​បង់ក កន្សែង​សូត្រ ផ្ទាំង​ក្រណាត់​ដ៏​ធំ​សម្រាប់​រុំ​ក អាវ​រងា ឧបករណ៍ប្រើប្រាស់​ផលិត​ពី​ថ្ម​ពណ៌​ខ្មៅ និង​គ្រឿង​លម្អ​ដែល​ផលិត​ពី​ដើម​ក្រចៅ និង​ឫស្សី​។ ផ្សារ​ដែល​មាន​ឈ្មោះ​ល្បី​មួយទៀត​គឺ​ផ្សារ Paona Bazaar ជាទី​ប្រជុំ​ទៅ​ដោយ​គ្រឿង​ប្រើប្រាស់​ដែល​ផលិត​ក្នុងស្រុក​មាន​ដូចជា​កំប៉ុង ឆ្នាំង សម្លៀក​បំពាក់ និង​សម្លៀក​បំពាក់​រងា​ដែល​យក​ម​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​។​
(​ផ្សារ Ima ជា​ផ្សារ​ដ៏​មាន​វ័យ​ចំណាស់​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ឥណ្ឌា វា​ជា​ផ្សារ​ដ៏​អស្ចារ្យ​ជាងគេ​ផងដែរ​។ ផ្សារ​នេះ​ប្រជុំ​ទៅ​ដោយ​ស្ត្រី​រាប់ពាន់នាក់ និង​ត្រូវបាន​គេ​បញ្ជាក់ថា​ជា​ផ្សារ​ដែល​មាន​ស្ត្រី​ច្រើន​ជាង​គេ​បំផុត​នៅ​អាស៊ី​)​។​

បឹង​អណ្ដែត​តែមួយ​គត់​ក្នុង​ពិភពលោក​
​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទីក្រុង Imphal របស់​អ្នក​នឹងមិន​ពេញលេញ​ឡើយ ប្រសិនបើ​អ្នក​មិន​ទៅ​ទស្សនា​ទឹកធ្លាក់ virgin Sadu Chiru និង​បឹង Loktak ដែល​ជា​បឹង​អណ្ដែត​ដែល​មានតែ​មួយគត់​ក្នុង​ពិភពលោក​ដែល​មាន​កោះ​តូចៗ​អណ្ដែត​ពាសពេញ​។ កោះ​តូចៗ​ដែល​អណ្ដែត​នេះ​កកើតឡើង​ពី​បន្លែ ដី និង​សរីរាង្គ​ធម្មជាតិ​ផ្សេងៗ​ទៀត ដែល​បង្ក​ឱ្យ​វា​ក្លាយជា​កោះអណ្ដែត​បែបនេះ​។​
​ក្រឡេក​ភ្នែក​មើល​ទេសភាព​ដ៏​ស្រស់ត្រកាល​ខណៈពេលដែល​អ្នកធ្វើ​ដំណើរ​តាម​ជើងភ្នំ និង​គយគន់​ទេសភាព​បឹង​អណ្ដែត​ដ៏​ត្រជាក់​ភ្នែក​។ នេះ​ប្រហែលជា​ឋានសួគ៌​ដ៏​ឆើតឆាយ​បំផុត​សម្រាប់​ព្រះ​ជា​ម្ចាស់​។ ប្រសិនបើ​អ្នកធ្វើ​ដំណើរ​គយគន់​ជុំវិញ​បឹង​អណ្ដែត​នេះ អ្នកនឹង​ឃើញ​បក្សាបក្សី​ជាច្រើន​ហោះហើរ​ត្រសង​។ នៅលើ​បឹង​នេះ​មាន​ឧទ្យាន Keibul Lamjao National បណ្ដែត​ទឹក​តែមួយគត់​ក្នុង​ពិភពលោក និង​ជា​ជម្រក​ចុងក្រោយបង្អស់​នៃ​សត្វ​ក្ដាន់ Sangai ដែល​ស្ថិតនៅ​ទីក្រុង Manipur នេះ​។ ការ​គយគន់​សត្វ​ក្ដាន់​ដ៏​រស់​រវើក​ជា​អ្វី​ដែល​អ្នក​ស្រលាញ់​ធម្មជាតិ​មិនគួរ​រំលង​សោះឡើយ​។​


​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​
​ម្ហូបអាហារ​ដែល​មាន​នៅ​ទីក្រុង Manipur គឺ​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន ភាគច្រើន​មាន​បម្រើ​ជា​ត្រី​ក្រៀម និង​បន្លែ​ពណ៌​បៃតង​ដ៏​គួរឱ្យ​ចង់​ទទួលទាន​បំផុត​។ រសជាតិ​គឺ​ខុសប្លែក​គ្នា​ស្ទើរ​ទាំងស្រុង​ជាមួយនឹង​អាហារ​នៅ​ទីក្រុង ព្រោះ​ពួកគេ​បាន​ប្រើប្រាស់​ពពួក​ជី​រ និង​ឫស​ឈើ​ដែល​ពិតជា​ពិសេស​សម្រាប់​តំបន់​នេះ​។ អ្នកស្រុក​Manipuris ពិតជា​ចូល​ចិត្ត​ទទួលទាន​នំប៉័ង Tan Ngang និង​គាវ​ចំហុយ ដែល​ប្រហាក់ប្រហែល​នឹង​អាហារ Gyoza របស់​ជប៉ុន​ផង​ដែរ ប៉ុន្តែ​ភាគច្រើន​ពួកគេ​ទទួលទាន​អាហារ​ប្រភេទ​នេះ​ជាមួយ​ស៊ុប​។ ភាគច្រើន​នៃ​ស្ត្រី​អ្នកស្រុក Manipuri ចូលចិត្ត​សាឡាដ Singju ដែល​មាន​សាឡាដ ចេក និង​ស្រោច​ទឹក​ប្រហុក ngari ពីលើ​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.